អន្តរជាតិ

រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី

Stella Terra ដែល​ជា​រថយន្ត​ off-road ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ដំបូង​គេ​លើ​ពិភពលោក បាន​បញ្ចប់​ដំណើរសាក​ល្បង​បរ​ឆ្លង​កាត់​ប្រទេស​ម៉ារ៉ុក និង​សមុទ្រ​ខ្សាច់សាហារ៉ា កាល​ពី​ដើម​ខែ​តុលា​ 2023​។

យោង​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 17 តុលា របស់ Guardian រថយន្ត​អគ្គិសនី Stella Terra ដែល​មាន​កៅអីពីរ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា Eindhoven។ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ រថយន្ត​ Stella Terra ​បាន​ឆ្លង​កាត់​ផ្លូវ​លំបាក​ជា​ច្រើន​នៅ​ក្នុង​ភូមិសាស្ត្រ​ខុស​ៗ​គ្នា​ ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​បាន​ពី​ផ្ទាំង​សូឡា​ដែល​បំពាក់​លើដំបូល​។​

Stella Terra ដែល​មាន​ទម្ងន់​សរុបត្រឹម​តែ​ 1,200 គីឡូក្រាម​ បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ​លីចូម​-អ៊ីយ៉ុង (lithium-ion) អាច​បើកបរ​បាន​ចម្ងាយ​ 710 គីឡូម៉ែត្រ និង​​មាន​ល្បឿន​ 145 គីឡូម៉ែត្រ​/ម៉ោង​។ ថាមពល​ពី​ប្រព័ន្ធ​ផ្ទាំង​សូឡា​លើរថយន្ត​នេះ​អាច​ផ្គត់​ផ្គង់អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ការ​ចម្អិន​អាហារ​ និង​បញ្ចូល​ថាមពលដល់​ឧបករណ៍​នានា​ មាន​ដូច​ជា ទូរស័ព្ទ និង​ម៉ាស៊ីន​ថត​រូប​ជា​ដើម​។ Stella Terra ដំណើរ​ការ​មាន​ប្រសិទ្ធភាព​​ជាងប្រហែល​​ 30% បើ​ធៀប​នឹង​ការ​រំពឹង​​ទុក​ដំបូង​៕


Close