អន្តរជាតិ

នាយករដ្ឋមន្ត្រី​បញ្ជាក់ថា សាច់ញាតិ​របស់លោក​មិនមែន​សុទ្ធតែ​អ្នកធំ​ទេ​

​ភ្នំពេញ​៖​បើទោះបី​លោក​ស្ថិតនៅ​ក្នុងតួនាទី​ជា​នាយករដ្ឋមន្ត្រី​ក្ដី ប៉ុន្តែ​សាច់ញាតិ​លោក​ទាំងអស់​មិនមែន​សុទ្ធ​តែមាន​តួនាទី​ធំៗ​នោះទេ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ជាប់​និទ្ទេស A នា​ព្រឹក​ថ្ងៃទី​០៨ វិច្ឆិកា នេះ ឯ​វិមាន​សន្តិភាព ។

​លោក ហ៊ុន សែន បាន​ថ្លែងថា មិនមែន​សុទ្ធតែ​យក​សាច់ញាតិ​មក​ធ្វើជា​មន្ត្រី​នោះទេ ។ ដោយ​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​រៀបរាប់ថា បងប្រុស​របស់លោក​ម្នា​ក់​មិនមាន​តួនាទី​អ្វី​ទាំងអស់ ហើយ​ប្អូន​របស់លោក ក៏​មិនមាន​តំណែង​ដែរ , ចំណែក​ប្អូនជីដូនមួយ​ម្នាក់​កំពុង​ធ្វើក​ម្មករ​រោងចក្រ​។​

​សេចក្ដី​ថ្លែង​បែបនេះ របស់​នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​ក្រោយពី​មានការ​រិះគន់​យ៉ាង​ចម្រូងចម្រាស​ដែលថា ក្រសួង​រដ្ឋ​មួយចំនួន​នៃ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ក្លាយជា​ក្រសួង​គ្រួសារ ជាប់​រយីងរយោង​ដោយ​សែ​បក្ខពួក ដែល​វា​ត្រូវបាន​គេ​លើក​ឧទាហរណ៍​ភ្ជាប់ ដូចជា​កូនលោក រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឈ្មោះ ស៊ុយ ឌី​ម៉​ង់ ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ ខណៈ ឪ​ជា​រដ្ឋមន្ត្រី ក្នុងរ​សួង​តែមួយ​នោះ ។ ដែល​របៀប​គ្នា​នេះ​ក៍កើត​មាននៅ​ក្រសួង​ដទៃៗ​ទៀត​ដែរ ។​

​យ៉ាងណា​ក៍ដោយ​លោកនាយក​រដ្ឋមន្ត្រី​ចាស់វស្សា​រូបនេះ​បាន​លើក​លេស​សម្រន់​ភាព​អៀនខ្មាស់​ថា កូនៗ​របស់លោក​សុទ្ធតែជា​មនុស្ស ជា​ពលរដ្ឋ​ខ្មែរ ហើយ​សុទ្ធតែ​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត អនុបណ្ឌិត តើ​មិន​ឲ្យ​គេ​ធ្វើការ​ទេ​អី ? កូន​មន្ត្រី​ខ្លះ ក៏​បញ្ចប់​ការសិក្សា​ខ្ពស់​ដែរ តើ​មិន​ឲ្យ​គេ​ធ្វើការ​ទេ​អី​? ។ ប៉ុន្តែ​បើទោះជា​ដូច្នេះ​ក្ដី​មជ្ឈដ្ឋាន​ខ្លះ​បាន​លើកឡើងថា មាន​មន្ត្រី​មួយចំនួនធំ​មាន​សមត្ថភាព មាន​អតីតភាព តែ​ពួកគេ​គ្មាន​វាសនា​មាន​តួនាទី​ធំ​ឡើយ ដែល​ខុសពី​កូន​ពួក​អស់លោក កើត​ប៉េ​ក​ឡើង​ធ្វើ​ធំ​តែម្ដង ៕ សិលា​ពល

Tags
Close