ព័ត៌មានជាតិ

កាស៊ីណូ សុខ គីមម៉េង បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្លូកទឹកភ្លូកដី ខណៈរដ្ឋបាលខេត្តកំពត រក្សាភាពស្ងៀមស្ងាត់

ទំនាក់ទំនងការផ្សាយៈ 071 7888 345
ស្វាយរៀង ÷ កាស៊ីណូ សុខគីមម៉េង ដែលមានទីតាំងស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងបន្តសកម្មភាពបើកឲ្យជនជាតិខ្មែរចូលលេងភ្នាល់ល្បែងជល់មាន់ យូគី បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង ខណៈប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែន ថ្មីៗនេះ ទើបនឹងចេញបញ្ជាឲ្យបង្រ្កាបល្បែងខុសច្បាប់ និងល្បែងផ្សេងទៀតនៅក្របខ័ណ្ឌទូទាំងប្រទេស និងបានព្រមានដកតួនាទីស្នងការ មេបញ្ជាការអាវុធហត្ថ អភិបាលស្រុក ខេត្តណា ដែលពាក់ព័ន្ធ មិនធ្វើការបង្ក្រាបល្បែងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងឃុំព្រែកក្រឹសបានឲ្យដឹងថា បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការជាតិបង្ក្រាបល្បែងសុីសងខុសច្បាប់ ល្បែងអនឡាឡាញ នៅទូទាំងប្រទេសក៏ដោយ ក៏ម្ចាស់កាស៊ីណូ សុខ គីមម៉េង នៅតែមានអំណាចច្បាប់បើកឲ្យមានល្បែងជល់មាន់ ល្បែងយូគី បៀរ អាប៉ោង បានជាដដែល ខណៈអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានខេត្តកំពត ហាក់មិនអើពើអនុវត្តន៍បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដោយបណ្តែតបណ្តោយឲ្យជនជាតិខ្មែរចូលលេងល្បែងខុសច្បាប់ យ៉ាងអនាធិបតេយ្យ។

មហាជន .! លើកឡើងថា កាស៊ីណូ សុខ គីមម៉េង ហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលទៅភ្នាល់ល្បែងបានយ៉ាងនេះ ទំនងជាមានការឃុបឃិតគ្នាជាប្រព័ន្ និងមានខ្នងបង្អែក រឹងមាំទៀតផង? ទើបម្ចាស់ទីតាំងនិង បក្ខពួករបស់ខ្លួនអាចសាងភាពល្បីល្បាញ ហ៊ានបើកល្បែងស៊ីសង បញ្ជល់មាន់ នៅលើទឹកដីខេត្តកំពត បានដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធនោះ ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅ ភូមិព្រែកក្រឹសបានឲ្យដឹងថាម្ចាស់ការស៊ីណូ នេះបានបើកសង្វៀនជល់មាន់ យូគី បៀរ អាប៉ោង ឲ្យក្រុមអ្នកញៀនល្បែងជាពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូនរៀងរាល់ថ្ងៃ ចំណែក លោក ច័ន្ទ មធុរិទ្ធស្នងការនគរបាលខេត្ត និងលោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត រក្សាភាពស្ងៀមស្ងាត់មិនអើពើ បណ្តែតបណ្តោយឲ្យម្ចាស់ទីតាំងមួយនេះ គៀងគរពលរដ្ឋខ្មែរឲ្យចូលលេងល្បែងភ្នាល់យ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ដែលកំពុងកេីតឡើង ជាពិសេសករណីគ្រឿងញៀនកំពុងរីករាលដាល គួរឲ្យកត់សម្គាល់ ។

ប្រជាពលរដ្ឋក្នុងឃុំព្រែកក្រឹស បានអំពាវនាវ ឲ្យលោក ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ចាត់មន្ត្រីក្រោមឱវាទទប់ស្កាត់ នូវទង្វើមិនប្រក្រតីរបស់ម្ចាស់ការស៊ីណូ សុខ គីមម៉េង ដែលអនុវត្តន៍ផ្ទុយពីកិច្ចសន្យា ហ៊ានបើកឲ្យខ្មែរចូលលេងល្បែងស៊ីសងដោយសេរីខុសច្បាប់នេះផង ដើម្បីរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

Close