ព័ត៌មានជាតិ

លោក ហាន សុខន នាយកដែនជម្រកសត្វព្រៃកែវសីមាអត់ខ្វល់ ខណៈគោយន្តកន្ត្រៃដឹកឈើបើកស្ទើរកិនស្នាក់ការបរិស្ថានល្ហូត!

ទំនាក់ទនងការផ្សាយ 071 7888 345
មណ្ឌលគិរី : ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ជាច្រើន ខែមកហើយ រហូតមកដល់ពេលនេះ ឈើច្រៀករួចត្រូវបានគេដឹកជាច្រើនគោយន្តក្នុងមួយថ្ងៃៗ ចេញពី ឃុំស្រែ ឈូក នៃដែនជម្រកសត្វព្រៃកែវសីមា ខណៈដែលសមត្ថកិច្ចជំនាញការពារព្រៃឈើហាក់ដូច ជានៅស្ងៀមទ្រឹង ។

តាមសេចក្ដីរាយការណ៍ថា ពេលខ្លះគេឃើញក្បួនគោយន្តដឹកឈើទាំងនោះបើកស្ទើរតែកិនស្នាក់ការបរិស្ថានល្ហូតទៅហើយ ក៏គេមិនដែលឃើញមន្ត្រីបរិស្ថាននៅក្នុងទីស្នាក់ការនោះចេញមកទប់ស្កាត់ដែរ ។ ទាំង នេះត្រូវគេលើកឡើងថា គឺដោយសារតែមានការត្រូវរ៉ូវគ្នារួចទៅហើយជាមួយជនល្មើស ចំណែកសមត្ថកិច្ចមាន ការងារត្រឹមតែរាប់ក្បាលគោយន្តយកលុយប៉ុណ្ណោះ ។

ប្រភពបន្តទៀតថា ឈ្មួញសំខាន់ៗដែលបានគុបគិតកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វដ៏មានតម្លៃចុងក្រោយរបស់ប្រទេសនោះរាប់ត្រួសៗ ទី១ឈ្មោះ យាយ ធាវ ទី២ ឈ្មោះ បញ្ញា ទី៣ ស្នា ទី៤ យាយ មានជ័យ និងទី៥ឈ្មោះ ផល្លា ។

ទាក់ទងបញ្ហានេះលោក ហាន សុខន (ហៅថា)នាយកដែនជម្រកសត្វព្រៃកែវសីមាពេលទាក់ទងសុំការបំភ្លឺតាមទូរស័ព្ទលោកថា ច្រឡំលេខ ។ ចំណែកលោក កែវ សុភ័គ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី២៦ មករា នេះថា ម្សិលមិញសមត្ថកិច្ចចាប់ឈើអារបាន៣គោយន្តដែរ ។ ជាមួយគ្នាលោកក៏បានថ្លែងទទួលស្គាល់ដែរថា រឿងបង្ក្រាបបទ ល្មើសពិតជាមានការខ្វះចន្លោះមែន ដោយសារតែដែនជម្រកសត្វធំ ស្នាក់ការនៅឆ្ងាយពីគ្នា ហើយកម្លាំងប្រចាំស្នាក់ការនីមួយៗតិចទៀតគឺមានតែ២-៣នាក់ប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយលោកថា បើស្ថានការចាំបាច់លោក នឹងប្រើប្រាស់កម្លាំងចម្រុះមានមន្ត្រីដែនជម្រកសត្វ និងមន្ទីរចុះធ្វើការងារតែម្ដង ។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមាមានទំហំផ្ទៃព្រៃសរុប ២៩២,៦៩០ហិកតា វាពុំត្រឹមតែជាតំបន់ការពារ ធម្មជាតិដែលសំបូរដោយសត្វព្រៃ និងជីវៈចម្រុះប៉ុណ្ណោះទេ ក្នុងមួយឆ្នាំៗក្រសួងបរិស្ថានក៏បានប្រមូលឥណទានយ៉ាងក្រាសក្រែលណាស់ដែរ ពីការលក់កាបូន នៅក្នុងតំបន់នេះ ៕

Close