ព័ត៌មានជាតិ

អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង រង់បទចោទប្រកាន់ក្លែងបន្លំឯកសារ ចេញបណ្ណកម្មសិទ្ធិលើដីព្រៃស្រោងជាង៥០០ហិកតា

ស្ទឹងត្រែងៈ តុលាការខេត្ត​ស្ទឹងត្រែង​កំពុង​ដំណើរការ​នីតិវិធី​ស្រាវជ្រាវ​ និង​ប្រមូល​ភ័ស្ដុតាង​ពាក់ព័ន្ធ​ករណី​ចេញ​បណ្ណ​កម្មសិទ្ធិ​មិនប្រក្រតី​លើ​ផ្ទៃដី​ព្រៃស្រោង​ជាង​ ៥០០ ​ហិកតា​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ដោយ​ចោទប្រកាន់​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​នៃ​ខេត្ត​នេះ​ពីបទ​ក្លែងបន្លំ​ឯកសារ ដែល​បាន​ចេញ​បណ្ណ​កម្មសិទ្ធិ​នេះ​។

លោក យ៉ា ណារិន ប្រធាន​តុលាការខេត្ត​ស្ទឹងត្រែង​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា លោក​ លី ឧសភា បច្ចុប្បន្ន​ប្រធាន​មន្ទីររៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​រតនគិរី​ត្រូវបាន​លោក​ ជេត ខេមរា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ចោទប្រកាន់​ពី​បទ​ «​ក្លែងបន្លំ​ឯកសារ​សាធារណ​:» តាម​មាត្រា​ ៦២៩ នៃ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​កម្មសិទ្ធិ​មិន​ប្រក្រតី​លើ​ផ្ទៃដី​ព្រៃស្រោង​របស់​រដ្ឋ​ចំនួន​ ៥២៨ ​ហិកតា ឱ្យទៅ​បុគ្គល​ម្នាក់​ក្នុង​អំឡុងពេល​គាត់​នៅ​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តស្ទឹងត្រែង​។

ការចោទប្រកាន់​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៣ ខែ សីហា ឆ្នាំ​ ២០២០ ក្រោយពេល​គណ:កម្មការ​ចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប​ករណី​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​នៅ​ទូទាំង​ខេត្តស្ទឹងត្រែង និង​បាន​អង្កេត​ស្រាវជ្រាវ​រកឃើញ ឈ្មោះ​ លី ឧសភា បាន​ចេញ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​មិនប្រក្រតី​ចំនួន​ ៧៧ ​បណ្ណ លាតសន្ធឹង​លើ​ផ្ទៃដី អភិរក្ស​ជីវចម្រុះ​ព្រៃ​ការពារ ព្រៃស្រោង​ចំនួន​ ៥២៨ ​ហិកតា ស្ថិត​នៅ​ឃុំ​ចំនួន​ ២ គឺ​នៅ​ឃុំ​សំអាង និង​ឃុំ​អន្លង់ជ្រៃ​ ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​។

លោក​ យ៉ា ណារិន បញ្ជាក់ថា​៖ «​នៅពេលនេះ យើង​កំពុង​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត និង​ប្រមូល​ភ័ស្ដុតាង​ឱ្យបាន​ពេញលេញ​មុន​ឈានដល់​ការចេញ​ដីកា​បង្គាប់​ឱ្យ​ឃាត់ និង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ព្រោះ​សំណុំ​រឿង​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​បំផុត ហើយ​វា​ក៏​មិនមែន​ជា​បទល្មើស​ជាក់ស្ដែង​នោះទេ​»​។

បើតាម​លោក​ ណារិន តុលាការ​ទទួល​បាន​តម្រុយ​ ឬ​ពន្លឺ​មួយចំនួន​ពី​ដីកា​សន្និដ្ឋាន​របស់​អយ្យការ​សម្រាប់​ការស៊ើបអង្កេត​រឿងនេះ​។

យោង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ​ ២២៧ ចុះ​ថ្ងៃទី​ ១៣ ខែ សីហា ឆ្នាំ​​
២០២០ របស់​លោក​ ជេត ខេមរា ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង ឈ្មោះ​ លី ឧសភា បានចេញ​បណ្ណ​កាន់កាប់​ដីធ្លី​លើដី​ព្រៃស្រោង​តំបន់​ការពារ​អភិរក្ស​ជីវចម្រុះ​ដោយ​មិនមាន​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​នោះទេ ហើយ​ក៏​មិនមាន​ការផ្ទេរកម្មសិទ្ធិ​ពីមួយ​ទៅមួយ​ដែរ​គឺ​ចេញ​បណ្ណ​កម្មសិទ្ធិ​ឱ្យចំ​ពោះ​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ​។

តាមរយៈ​ដីកា​សន្និដ្ឋាន​នោះ​លោក​ព្រះរាជអាជ្ញា​បានស្នើ​ឱ្យមាន​ «​ការឃាត់ និង​ឃុំខ្លួន​» លោក​ ឧសភា ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពី​បទ​ «​ក្លែងបន្លំ​ឯកសារ​សាធារណ​:» ​តាម​មាត្រា​ ៦២៩ នៃ​ក្រមព្រហ្មទណ្ឌ​ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ឱ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។

ពាក់ព័ន្ធ​ករណីនេះ​លោក​ លី ឧសភា មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​ពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង តែ​គ្មាន​អ្នក​លើក​។

យ៉ាងណាក៏ដោយ​លោក​ សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ឥឡូវ​បណ្ណ​កម្មសិទ្ធិ​ដែល​មាន​ភាពមិនប្រក្រតី​ទាំងនោះ​ត្រូវបាន​ក្រសួង​សម្រេច​ទុកជា​មោឃភាព និង​លុប​ចេញពី​បញ្ជី​ទិន្នន័យ​ក្បាលដី​រួចហើយ​។

លោក​ សេង ឡូត ថ្លែងថា​៖ «​កាលពី​ថ្ងៃទី​ ១៧ ខែ ធ្នូ ឆ្នាំ ២០២០ ​ក្រសួង​បាន​ពិនិត្យ​ស្រាវជ្រាវ និង​បានសម្រេច​ចាត់វិធានការ​ដោយ​ទុក​ជា​មោឃ:​នូវ​បណ្ណ​កម្មសិទ្ធិ​មិន​ប្រក្រតី​ទាំង​ ៧៧ ​ក្បាលដី ដែល​ចេញ​លើដី​ព្រៃស្រោង​របស់​រដ្ឋ​នោះ​ហើយ​ព្រមទាំង​លុបចោល​ទិន្នន័យ​ពី​ក្នុង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​សុរិយោដី​ផងដែរ​»​។

យោងតាម​លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចុះ​ថ្ងៃទី​ ១៧ ខែ ធ្នូ ឆ្នាំ​ ២០២០ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​បាន​រកឃើញថា ក្នុងចំណោម​ក្បាលដី​ទាំង​ ៧៧ មាន​ក្បាលដី​ចំនួន​ ៦៤ ត្រូវបាន​ចុះបញ្ជី និង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​។ ក្បាលដី​ចំនួន​ ១២ គ្មាន​ទិន្នន័យ និង​ក្បាលដី​លេខ​ ០៨៩៤ (​ភូមិ​អន្លង់​ជ្រៃ​) មានតែ​ក្បាលដី​ក្នុង​ប្លង់​សុរិយោដី តែ​ពុំមាន​កត់ត្រា​នៅក្នុង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី សៀវភៅ​គោល​បញ្ជី​ដី និង​បណ្ណ​កម្មសិទ្ធិ ។

លោក​ ឆាន់ សាផាន បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា​៖ «​ក្នុង​ [​ការចុះបញ្ជី​] និង​ចេញ​បណ្ណកម្មសិទ្ធិ​ទាក់ទង​នឹង​ក្បាលដី​ទាំង​ ៧៧ ពិត​ជា​មាន​ភាពមិនប្រក្រតី ដោយ​មិន​ស្រប​តាម​គោលការណ៍ និង​នីតិវិធី​ពាក់ព័ន្ធ​ជា​ធរមាន​ឡើយ​»​។

ក្នុង​លិខិត​នោះ​លោក​ សាផាន រៀបរាប់​ដោយ​លម្អិត​ថា ដី​ដែល​ត្រូវបាន​ចុះបញ្ជី​ និង​ចេញ​បណ្ណ​ជា​ដីព្រៃ​សុទ្ធសាធ​ដែល​គ្មាន​ការកាន់កាប់​អាស្រ័យផល​ជាក់ស្តែង​។ ឯកសារ​នៃ​ការវិនិច្ឆ័យ​ត្រូវបាន​រៀបចំ​កសាង ដោយ​មាន​ការគ្រោងទុក​ និង​បញ្ចូល​ទិន្នន័យ​ដោយ​លួចលាក់​ក្នុងអំឡុងពេល​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ និង​កែតម្រូវ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ដោយ​បុគ្គល​មួយចំនួន​ដែលមាន​ការពាក់ព័ន្ធ​។ ដូច្នេះ​នាំ​ឱ្យ​មាន​កំហុសឆ្គង​បច្ចេកទេស និង​ភាពមិន​ស្របគ្នា​រវាង​របាយការណ៍​របស់​គណៈកម្មការ​រដ្ឋបាល​ និង​ឯកសារ​នៃ​ការវិនិច្ឆ័យ​ព្រមទាំង​បណ្ណ​កម្មសិទ្ធិ​ផង​។

លោក ​ឆាន់ សាផាន បាន​បញ្ជាក់ទៀត​ថា​៖ «​ម្យ៉ាងទៀត ការបាត់បង់​ទម្រង់​បែបបទ​នៃ​ការប្រមូល​ទិន្នន័យ​ក្បាលដី​ចំនួន​ ៣៣ នៅ​ភូមិ​អន្លង់ជ្រៃ​ដែល​ជា​ឯកសារ​ផ្នែក​គតិយុត្ត​នៃ​ការវិនិច្ឆ័យ​ពុំមែន​ជា​ការចៃដន្យ​ឡើយ​។ វា​ជា​ចេតនា​របស់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ​ក្នុង​គោលបំណង បិទបាំង​ភ័ស្តុតាង​»​។

តាមរយៈ​លិខិត​នេះ ក្រសួង​រៀបចំ​ដែនដី​បាន​សម្រេច​ឯកភាព​ជា​គោលការណ៍ មោឃភាព​នូវ​បណ្ណ​កម្មសិទ្ធិ ឯកសារ​ពាក់ព័ន្ធ និង​លុប​ទិន្នន័យ​ក្បាលដី​ទាំង​៧៧ នៅក្នុង​មូលដ្ឋាន​ទិន្នន័យ​ជា​អសាបង់​៕(ប្រភពទាំងស្រុងពីភ្នំពេញប៉ុស្តិ៍)

Close