អន្តរជាតិ

អង់គ្លេស រឹបអូសកប៉ាល់អ៉ីរ៉ង់ដឹកប្រេងជាង ២លានបារែល ទទួលបានស្វាគមន៍ពីអាមេរិក

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានសម្ដែង ការស្វាគមន៍យ៉ាងខ្លាំងចំពោះរដ្ឋាភិបាលអង់គ្លេស ដែលបានរឹបអូសកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ មួយគ្រឿង ដោយចាត់ថានេះគឺជាព័ត៌មានដ៏អស្ចារ្យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។

កងម៉ារីនអង់គ្លេស នៅក្នុងសប្ដាហ៍នេះបានជួយដល់អាជ្ញាធរនៃដែនដី Gibraltar ក្នុងការ រឹបអូសកប៉ាល់ដឹកប្រេងអ៉ីរ៉ង់មួយគ្រឿងឈ្មោះ Grace 1 តាមសំណើរបស់សហរដ្ឋអាមេរិក ដែលអះអាងថាកប៉ាល់នេះមានគោលដៅដឹកប្រេងទៅកាន់ប្រទេសស៊ីរី ដោយរំលោភទណ្ឌ កម្មរបស់សហភាពអឺរ៉ុប។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយទទួលបានដំណឹង ខាងលើ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានហៅការរឹបអូសនេះគឺជា ព័ត៌មានដ៏អស្ចារ្យ។ លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖ «វាគឺជាព័ត៌មានដ៏អស្ចារ្យ។ អង់គ្លេសបានរឹបអូសកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ Grace 1 ដែលមានគោលដៅឆ្ពោះទៅកាន់ ប្រទេសស៊ីរី ដោយរំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ សហរដ្ឋអាមេរិក និងសម្ព័ន្ធ មិត្តរបស់ ពួកយើងនឹងបន្តរារាំងរបបដឹកនាំទីក្រុងតេហេរ៉ង់ និងទីក្រុងដាម៉ាស់ មិនឱ្យកេង យកផល ចំណេញពីការធ្វើពាណិជ្ជកម្មដោយច្បាប់ជាដាច់ខាត»។

ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលអ៉ីរ៉ង់ បានចាត់ទុកថាការរឹបអូសកប៉ាល់ដឹកប្រេងរបស់ខ្លួនគឺជាទង្វើ ខុសច្បាប់ ហើយក៏បានសម្ដែងការតវ៉ាទៅកាន់អគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេហេរ៉ង់ ផងដែរ។

គួរបញ្ជាក់ថា កប៉ាល់អ៉ីរ៉ង់ Grace 1 ត្រូវបានគេរាយការណ៍មានផ្ទុកប្រេងឆៅ២លានបារ៉ែល និងមានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់រោងចម្រាញ់ប្រេង Banyas Refinery ដែលជាប់ ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងស៊ីរី៕

Close