ព័ត៌មានជាតិ

លោកស្រី មិថុនា ភូថង ស្នើឱ្យទេសចរប្រើសេវាសហគមន៍ ក្នុងដំណើរកម្សាន្តនៅខេត្តកោះកុង

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអំពាវនាវដល់ភ្ញៀវទេសចរ ឱ្យចូលរួមប្រើប្រាស់សេវាសហគមន៍ពេលដើរកម្សាន្ត។ ការប្រើប្រាស់សេវាសហគមន៍ នឹងជួយជីវភាព ប្រជាជនក្នុងតំបន់ និង ការពារបរិស្ថាន ព្រោះប្រជាសហគន៍ នឹងមិនចូលព្រៃកាប់ឈើពេលមានភ្ញៀវទេសចរ។


ខេត្តកោះកុង សម្បូរធនធានធម្មជាតិពីសមុទ្រ កោះ ភ្នំ និងព្រៃកោងកាង។ សក្តានុពលទាំងនេះ បានធ្វើឱ្យខេត្តជាប់ព្រំប្រទល់ថៃមួយនេះ មានតំបន់ទេសចរជាច្រើន ជាពិសេសសហគមន៍ទេសចរណ៍។ សហគមន៍ទេសចរណ៍ដែលល្បីៗក្នុងខេត្តកោះកុងមាន សហគមន៍អេកូទេសចរណ៍ជីផាត សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងសហគមន៍ទេសចរណ៍តាតៃក្រោម ជាដើម។

ការបង្កើតសហគមន៍ គឺដើម្បីការពារធនធានធម្មជាតិ និងបម្រើសេវាទេសចរណ៍ ដែលជួយជំរុញជីវភាពប្រជាជនក្នុងតំបន់នីមួយៗ។ ជាមួយគ្នានេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអំពាវនាវឱ្យភ្ញៀវទេសចរ ប្រើប្រាស់សេវាសហគមន៍ ជៀសជាងទាក់ទងទៅអ្នកផ្ដល់សេវាកម្មទេសចរណ៍ដោយផ្ទាល់ ដើម្បីផ្ដល់ចំណូលដល់សហគមន៍ទាំងមូល។

អភិបាលខេត្តកោះកុង បញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «តំបន់ទេសចរណ៍ក្នុងខេត្តបើកទទួលភ្ញៀវធម្មតា។ សម្រាប់ទេសចរដែលទៅលេងសហគមន៍សូមជួយប្រើប្រាស់សេវាសហគមន៍ មិនមែនទាក់ទងទៅម្ចាស់ស្នាក់នៅថ្មីៗទេ។ សេវាកម្មនៅសហគមន៍អាចមានតម្លៃលើសបន្តិច ព្រោះគាត់ត្រូវបែកចែកក្នុងការអភិវឌ្ឍសហគមន៍។ បើបងប្អូនមានលទ្ធភាពសូមជួយប្រើសេវាសហគមន៍ផង ដើម្បីឱ្យពួកគាត់មានចំណូល អាចធ្វើឱ្យពួកគាត់មិនចូលព្រៃកាប់ឈើ នោះពួកគាត់នឹងចូលរួមការពារធនធានធម្មជាតិ »។
 
 
ដ្បិតខេត្តកោះកុងបើកទទួលភ្ញៀវទេសចរជាធម្មតា ប៉ុន្តែទេសចរត្រូវសហការជាមួយមន្ត្រី និងអ្នកនៅសហគមន៍ផ្ទាល់ អនុវត្តវិធានការសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍។ ចំណែក សេវាកម្មដែលមានហានិភ័យឆ្លងជំងឺកូវីដ-១៩ ខ្ពស់ ដូចជាក្លឹបកម្សាន្ត និងបៀហ្គាឌិន  គឺមិនទាន់បើកទទួលទេសចរទេ។
 
សូមជម្រាបដែរថា ខេត្តកោះកុងត្រូវបានគេស្គាល់ថាជាខេត្តជាប់សមុទ្រ សម្បូរព្រៃកោងកាងច្រើនជាងគេក្នុងប្រទេសកម្ពុជា។ បើតាមរបាយការណ៍ពីក្រសួងបរិស្ថាន ព្រៃកោងកាងក្នុងប្រទេសកម្ពុជាមាន ៥៨ ៨០០ហិកតា ក្នុងនោះខេត្តកោះកុង មានព្រៃកោងកាងទំហំ ៤៦ ៥២៩ ហិកតា។ ក្រៅពីនេះនៅព្រះសីហនុមានទំហំ ៩ ៣៥២ ហិកតា កំពតមានទំហំ ១ ៩៦៦ ហិកតា និងខេត្តកែបមានព្រៃកោងកាងទំហំជាង១ពាន់ហិកតា៕

Close