ព័ត៌មានជាតិ
មន្ត្រីប៉េអឹមខេត្តកំពង់ឆ្នាំង ២រូប ប្រជាពលរដ្ឋប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងទៅតុលាការពីបទបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ៥.០០០ដុល្លារ
ទំនាក់ទំនងការផ្សាយ ០៧១ ៧៨៨៨ ៣៤៥
ភ្នំពេញៈ មន្ត្រីប៉េអឹមខេត្តកំពង់ឆ្នាំង ចំនួនពីររូប ត្រូវបានប្រជាពលរដ្ឋប្តឹងទៅអង្គភាពប្រឆាំអអំពើពុករលួយ (ACU) និងទៅតុលាការពីបទបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ៥.០០០ដុល្លារ។ ពាក្យបណ្តឹងជនរងគ្រោះបានដាក់ទៅអង្គភាពប្រឆាំអអំពើពុករលួយ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
មន្ត្រីប៉េអឹមខេត្តកំពង់ឆ្នាំង ចំនួនពីររូប ដែលរងការប្តឹងរួមមានៈ ១.ឈ្មោះ លឹម ហាក់ និង២.ឈ្មោះ ឡុន ឡន។
ចំណែកជនរងគ្រោះឈ្មោះ ឈុន ឈីវជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
យោងតាមពាក្យបណ្តឹងជនរងគ្រោះប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី១០ ខែតុលា បានរៀបរាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលខ្ញុំបាទកំពុងតែបើករថយន្តទៅចាក់សាំងតែម្នាក់ឯង ស្រាប់តែមានកងរាជអាវុធហត្ថពីររូប បានឃាត់ចាប់រថយន្តរបស់ខ្ញុំបាទ ហើយថា មេគាត់ចង់ជួប ខ្ញុំក៏បានទៅជាមួយពួកគាត់ ពេលដល់សាលាក្រុងកំពង់ឆ្នាំងបានជួបឈ្មោះ លឹម ហាក់ ហើយគាត់ថា ខ្ញុំប្រើឡានអត់ពន្ធ ហើយគាត់ថា មេរបស់គាត់ឲ្យយករថយន្តទៅប៉េអឹមក្រុង។ ដល់ពេលប៉េអឹមក្រុង ពួកគេបានឃុំខ្ញុំក្នុងបន្ទប់ឃុំឃាំងរហូតដល់ម៉ោង ១២ថ្ងៃត្រង់ ទើបឈ្មោះ លឹម ហាក់ ត្រឡប់មកវិញរួចប្រាប់ខ្ញុំថា គាត់បានរាយការណ៍ជូនលោកព្រះរាជអាជ្ញា ហើយ ដោយព្រះរាជអាជ្ញាបញ្ជាឲ្យគាត់ឃាត់ឡាន និងមនុស្សពីបទប្រើប្រាស់ឡានអត់ពន្ធ និង បានឲ្យខ្ញុំបាទទាក់ទងបងប្អូនសាច់ញាតិដើម្បីយកប្រាក់ចំនួន ៥.០០០ (ប្រាំពាន់)ដុល្លារ ទើបគេព្រមដោះលែងខ្ញុំបាទ និងរថយន្តវិញ គាត់នឹងជួយនិយាយឲ្យព្រោះរាប់អានគ្នា ។ ខ្ញុំបាទបានទាក់ទងក្រុមគ្រួសារខ្ញុំដើម្បីរកប្រាក់មកលោះខ្ញុំ គេបន្តឃុំខ្លួនខ្ញុំរហូតដល់ម៉ោង ៤រសៀល គ្រួសារបានទាក់ទងមកខ្ញុំបាទដោយបាននិយាយថា គាត់ខ្ចីគេបានតែ ៣.៥០០(បីពាន់ប្រាំរយ)ដុល្លារទេ ដោយយកប្រាក់នេះឲ្យឈ្មោះ ឡុន ឡន ហៅឡុង ជាអ្នកយកលុយឲ្យឈ្មោះ លឹម ហាក់ តែឈ្មោះ លឹម ហាក់ មិនព្រមទេ គឺត្រូវការ ៥.០០០ (ប្រាំពាន់) ដុល្លារ ។ រហូតដល់ម៉ោង៨ យប់ថ្ងៃខែដដែល គ្រួសារខ្ញុំបានខ្ចីប្រាក់គេគ្រប់ចំនួន និងបានយកមកឲ្យមន្ត្រីកងរាជអាវុធហត្ថខាងលើនេះ ហើយពួកគេបានឲ្យខ្ញុំ ធ្វើកិច្ចសន្យាថានឹងមិនប្រើប្រាស់រថយន្តអត់ពន្ធទៀត និងបានដោះលែងខ្ញុំឲ្យត្រឡប់មកផ្ទះវិញ។ក្នុងពេលដែលពួកគាត់និយាយគំរាមខ្ញុំបាទឲ្យរកប្រាក់ឲ្យពួកនោះ ខ្ញុំបានលួចថតវិដេអូទុកជាភស្តុតាងស្រាប់។បច្ចុប្បន្ននេះខ្ញុំបាទក៏បានដាក់ពាក្យបណ្តឹងចូលមកកាន់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងប្តឹង ឡុន ឡន ហៅ ឡុង និងឈ្មោះ លឹម ហាក់ រួចរាល់ហើយដែរ ។ ខ្ញុំបាទសូមស្នើឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាទទួលបណ្តឹងរបស់ខ្ញុំបាទ និងជួយរកយុត្តិធម៌ដល់រូបខ្ញុំបាទដោយក្ដីអនុគ្រោះ ៕