ព័ត៌មានជាតិ

តុលាការខេត្តមណ្ឌលគិរី ដាក់គុកឧកញ៉ា សឹង សំអុល និងគូកន៣នាក់ទៀត ជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់៤ករណី 

(ភ្នំពេញ)៖ លោក ទៀង ស៊ីថា ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងជាចៅក្រមស៊ើបសួរ នៅព្រលប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ សម្រេចដាក់គុកឧកញ៉ា សឹង សំអុល និងគូកន៣នាក់ទៀត ជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត ក្រោមបទចោទប្រកាន់៤ករណី ពាក់ព័ន្ធបទល្មើសព្រៃឈើ។

លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តមណ្ឌលគិរី មានប្រាប់កាសែតក្នុងស្រុក នៅព្រលប់ថ្ងៃនេះថា តំណាងអយ្យការបានចោទប្រកាន់ឧកញ៉ា សឹង សំអុល និងគូកន ចំនួន៤បទល្មើស តាមច្បាប់ស្តីពីព្រៃឈើ គឺបទប្រើប្រាស់គ្រឿងចក្រ យានយន្តសម្រើឲ្យការប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ឬគ្មានស្លាកសម្គាល់, បទប្រមូលផល អនុផលព្រៃឈើដោយខុសច្បាប់, បទដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងបទធ្វើសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។

ទៅជាយ៉ាងណាលោកបានព្រះរាជអាជ្ញារង មិនបានបញ្ជាក់ឲ្យច្បាស់លាស់អំពីទណ្ឌកម្មតាមរយៈបទចោទទាំង៤បទល្មើសខាងលើនេះឡើយ។​​​ ប៉ុន្តែបើយោងតាមច្បាប់ស្តីពីព្រៃឈើ បានចែងថា បទល្មើសប្រើប្រាស់គ្រឿងចក្រ យានយន្តសម្រើឲ្យការប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ឬគ្មានស្លាកសម្គាល់ គឺមានចែងក្នុងមាត្រា៩៨ ឲ្យផ្តន្ទាទោសដាក់ពន្ធនាគារ, បទល្មើសប្រមូលផល អនុផលព្រៃឈើដោយខុសច្បាប់ គឺមានចែងក្នុងមាត្រា៩៣ ឲ្យផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ទៅ១០លានរៀល។

ចំណែកបទល្មើសបទដឹកជញ្ជូនផល អនុផលព្រៃឈើដោយមិនលិខិតអនុញ្ញាត និងបទធ្វើសន្និធិផល-អនុផលព្រៃឈើដោយខុសច្បាប់ គឺមានចែងក្នុងមាត្រា៩៦ ឲ្យផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ពី១០លានរៀល ទៅ១០០លានរៀល។

ព្រះរាជអាជ្ញាតុលាការខេត្តមណ្ឌលគិរី បានចាប់ផ្តើមសួរចម្លើយឧកញ៉ា សឹង សំអុល និងគូកន ដែលគេសង្ស័យថា អំពីបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី តាំងពីរសៀលថ្ងៃទី១១​​​ ខែកក្កដា ឆ្នាំ២០១៩ម្លេះ ក្រោយកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួន និងឃុំខ្លួនអស់មួយថ្ងៃកន្លះ រួមនឹងមនុស្ស៣នាក់ផ្សេងទៀត។

ឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន, មេការក្រុមហ៊ុន២នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវបានបញ្ជូនទៅឲ្យអយ្យការអមសាលាដំបូងខេត្តនេះ រួមជាមួយមនុស្ស៣នាក់ ដោយមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់មន្ត្រីកងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ។

ជនសង្ស័យប្រព្រឹត្តបទល្មើសបំផ្លាញព្រៃឈើទាំង៤នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានរថយន្តដឹកឈើជាង៤០គ្រឿង រួចហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ចាប់តាំងពីថ្ងៃត្រង់ ថ្ងៃទី៩ រហូតដល់យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ រហូតតុលាការសម្រេចឲ្យឃុំខ្លួនក្នុងគុក នាព្រលប់ថ្ងៃនេះ។

យោងតាមច្បាប់បានឲ្យដឹងថា ប្រសិនបើតុលាការរកឃើញករណីឧកញ៉ា សឹង សំអុល ធ្លាប់រកស៊ីបទល្មើសព្រៃឈើយូរលើសពី១៥ឆ្នាំ គឺអាចចាត់ទុកជាបទល្មើសព្រៃឈើថ្នាក់ទី១ អាចត្រូវចោទប្រកាន់ពីបទប្រមូល និងដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានការអនុញាត មាត្រា៩៧ នៃច្បាប់ព្រៃឈើ  នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៥ឆ្នាំ ទៅ១០ឆ្នាំ និងរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ៕

Close