ព័ត៌មានជាតិ

ផ្ទុយពីកម្ពុជា! រដ្ឋបាលខេត្តBinh Dinh នៅវៀតណាមណាម ​នឹង​កម្ទេច​សណ្ឋាគារ​ដែល​សង់​នៅ​ជាប់​ឆ្នេរសមុទ្រ

វៀតណាម៖ រដ្ឋបាលខេត្ត Binh Dinh ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម បានបញ្ជាឱ្យម្ចាស់សណ្ឋាគារចំនួន ៣ ធ្វើការផ្លាស់ប្ដូរទីតាំងទៅកន្លែងថ្មី និងកម្ទេចចោលអគារចាស់របស់ខ្លួន ដែលសាងសង់នៅជាប់ឆ្នេរសមុទ្រ ដើម្បីលើកម្ពស់សោភណភាពឆ្នេរឡើងវិញ។ សណ្ឋាគារទាំង៣ រួមមាន Hai Au, Hoang Yen និង Binh Duong ដែលស្ថិតនៅក្រុង Quy Nhon ។

លោក Ho Quoc Dung អភិបាលខេត្ត Binh Dinh បាបអះអាងថា ការធ្វើដូច្នេះ គឺដើម្បីលើកសោភណភាព ហើយតំបន់ឆ្នេរ គឺជារបស់សហគមន៍ ដោយមិនគួរឱ្យមានអគារខ្ពស់ៗ ដែលធ្វើឱ្យបាំងទេសភាពឆ្នេរឡើយ។ មកទល់ពេលនេះ សណ្ឋាគារ Binh Duong បានយល់ព្រមផ្លាស់ទៅទីតាំងថ្មី ហើយទីតាំងចាស់ នឹងត្រូវកម្ទេចចោល។

យ៉ាងហោចណាស់ផ្ទះជាង ៣០០០ខ្នង នៅក្រុង Quy Nhom នៃខេត្ត Binh Dinh ត្រូវបានផ្លាស់ទៅទីតាំងថ្មី ក្នុងគម្រោងកែប្រែមុខមាត់ថ្មី សម្រាប់វិថីចាស់មួយខ្សែ ដែលនៅជាប់ឆ្នេរ គិតមកទល់ចុងឆ្នាំ២០១៨។ រដ្ឋបាលខេត្តខាងលើ ក៏បានត្រៀមទឹកប្រាក់ ១២លានដុល្លារអាមេរិក ដើម្បីកែច្នៃវិថីនេះ ឱ្យក្លាយជាវិថីដ៏ទាក់ទាញមួយសម្រាប់វិស័យទេសចរណ៍ របស់វៀតណាម៕

Close