ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំទំនង មានអំណាចតិចជាងម្ចាស់កាសុីណូច្រកទ្វារដូង៧ដើម ដែលហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង

ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
ត្បូងឃ្មុំៈ ល្បែងជល់មាន់ បៀរ អាប៉ោង យូគី កំពុងបើកលេងភ្នាល់ទ្រង់ទ្រាយធំ យ៉ាងគគ្រឹកគគ្រេង នៅចំនុចក្បែរច្រកទ្វារព្រំដែនដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជ្រកក្រោមច្បាប់កាសុីណូ ប៉ុន្តែធ្វើសកម្មភាពអាជីវកម្មផ្គើននឹងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាកំណត់ ដោយបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់យ៉ាងសេរី ក្រោមក្រសែភ្នែកមន្ត្រីពាក់ព័ន្ធ ដែលសម្លឹងឃើញតែផលប្រយោជន៏ផ្ទាល់ខ្លួល មិនខ្វល់ពីសន្តិសុខ ក៏ដូចសុខភាពពលរដ្ឋក្នុងមូលដ្ឋានឡើយ។

តាមសេចក្តីរាយការណ៍ឲ្យដឹងថា ទីតាំងកាស៊ីណូច្រកដូងនេះ បានបើកសង្វៀនជល់មាន់ ល្បែងបៀរ អាប៉ោង យូគី ភ្នាល់ឈ្នះចាញ់ទ្រង់ទ្រាយធំ ជាង១ខែមកហើយ ខណៈទីតាំងកាសុីផ្សេងៗទៀតដែលមានច្បាប់អនុញ្ញាតពីរាជរដ្ឋភិបាលដូចគ្នានៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរមូលដ្ឋានចេញបញ្ជាឲ្យបិទគ្រប់កន្លែង ដោយសារអ្នកចូលទៅលេងភ្នាល់ល្បែងសុទ្ធតែជាជនជាតិខ្មែរ និងម៉្យាងទៀត ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺcovid-19ផងដែរ។

សេចក្តីរាយការណ៍បន្តថា មានតែកាសុីណូច្រកទ្វេភាគីដូង៧ដើមមួយទេ ដែលមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តត្បូងតែម្តង មិនហ៊ានចេញបញ្ជាឲ្យផ្អាកសកម្មភាពលេងភ្នាល់ល្បែងឡើយ បើទោះជាដឹងថាអ្នកចូលទៅលេងល្បែងសុទ្ធតែជាជនជាតិខ្មែរ ខុសនឹងច្បាប់រដ្ឋកំណត់ក៏ដោយ ដោយសារម្ចាស់កាសុីណូឈ្មោះ ហេង អ្នកមានលុយនិងជាមន្ត្រីដ៏មានអំណាចម្នាក់បម្រើការនៅក្រសួងមហាផ្ទៃ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត ជាមួយមន្ត្រីនៅក្នុងនាយកដ្ឋានប្រឆាំបទល្មើសពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃ។

សេចក្តីរាយការឲ្យដឹងទៀតថា លោក ហេង ម្ចាស់កាសុីច្រកទ្វេភាគីដូង បានប្រើវិធីសាស្ត្របន្លំភ្នែក ជួលទីតាំងកាសុីណូរបស់ខ្លួនទៅឲ្យលោក លឹម ដើម្បីបើកលេងល្បែងភ្នាល់ជល់មាន់ បៀរ អាប៉ោងនិងល្បែងយូគី ប៉ុន្តែជាក់ស្តែង គឺជាចែកភាគហ៊ុន ចែកផលចំណេញគ្នាប៉ុណ្ណោះ។

ជាក់ស្តែងក្នុង១ថ្ងៃៗ មានពលរដ្ឋខ្មែររាប់រយនាក់សម្រុកចូលទៅលេងល្បែងភ្នាល់នៅក្នុងកាសុីណូមួយនេះ ដោយសារតែមានកាធានាក្តែងៗថា គ្មានមន្ត្រីមានសមត្ថិច្ចណាក្នុងខេត្តត្បូងឃ្មុំ
ហ៊ានចេញមុខធ្វើការបង្ក្រាបឡើយ ព្រោះមន្ត្រីពាក់ព័ន្ន្ធទាំងនោះ ទំនងសុខចិត្តទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ប្រសើរជាងប្រឈមមុខជាមួយលោក ហេង ដែលជាម្ចាស់កាសុីដ៏មានលុយ មានអំណាចនោះ និយាយរួមត្រូវមហាជនមលើឃើញថា រដ្ឋបាលត្បូងឃុំអនុវត្តច្បាប់មិនស្មើភាពគ្នាចំពោះការសុីណូផ្សេងៗទៀត ដែលមានច្បាប់អនុញ្ញាតដូចគ្នា។

បច្ចុប្បន្នកាសុីច្រកទ្វារដូងរបស់លោក ហេង បានក្លាយជាទីតាំងដ៏មានប្រជាប្រិយភាពសម្រាប់ក្រុមអ្នកញៀនល្បែងគ្រប់ស្រទាប់វណ្ណៈ ចូលទៅភ្នាល់ល្បែងគ្រប់ប្រភេទដូចរៀបរាប់ខាងលើពិសេសល្បែងជល់មាន់ មានភ្នាល់តម្លៃចាប់១ពាន់ដុល្លារអាមេរិកឡើងទៅ រហូតដល់រាប់មុឺនដុល្លារក៏មានលក្ខណៈគូរពិសេស ហើយក្នុង១ថ្ងៃៗមានជល់មាន់ចាប់២០ទៅ៣០គូរឯណោះ ហើយអ្នកចូលទៅលេងល្បែងប្រជ្រៀតណែនណាន់តាន់តាប់ មិនខ្វល់ពីការឆ្លងរីរាលដាលនៃជំងឺcovid-19ឡើយ។

ពាក់ព័ន្ធនឹងទីតាំងសង្វៀនជល់មាន់ ល្បែងបៀរ អាប៉ោង យូគី ដែលបើលេងដោយសេរីនេះ កន្លងមកផឹកស្នងការដ្ឋានខេត្តត្បូងឃ្មុំលើកឡើងថា ជាកាសុីណូមានច្បាប់អនុញ្ញាត ពីរាជរដ្ឋាភិបាល និងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្នងការនគរបាលត្បូងឃ្មុំទេ គឺនាយកកដ្ឋានប្រឆាំបទល្មើសពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃជាអ្នកគ្រប់គ្រងផ្ទាល់។

ទាក់ទងនឹងសេចក្តីរាយការណ៍ខាងលើ អ្នកយកព័ត៌មានមិនអាចស្វែងរកការបំភ្លឺពីលោក ហេង ម្ចាស់កាសុីណូច្រកទ្វារដូង៧ដើម និង លោក លឹម ដែលជាអ្នកម៉ៅការល្បែងបានទេ ដោយសារលោកមិនលើកទូរស័ព្ទ៕

Close