ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយ ជួយជម្រុញការផ្សព្វផ្សាយពីអេដស៍ ក្នុងពិធីបុណ្យអុំទូក
ភ្នំពេញ៖ ថ្ងៃទី២១ វិច្ឆិកា នេះគឺជាថ្ងៃទី១ នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលមានរយៈពេល៣ថ្ងៃ ។ កាលពីម្សិលមិញរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយឲ្យចូលរួមបញ្ជ្រាបការយល់ដឹងពីអេដស៍ ដល់អ្នកចួលរួមកម្សាន្តក្នុងពិធីនេះ ។
លោក ខៀវ កញ្ញារីទ្ធ បានឲ្យដឹងនៅក្នុងលិខិតមួយថា សម្រាប់ឱកាសដ៍វិសេសវិសាលនេះ និងនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ០១ធ្នូ ឆ្នាំ២០១៨ ខាងមុខ ដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យកាន់តែស៊ីជម្រៅ និងបានទូលំទូលាយថែមទៀតដល់ស្រទាប់មហាជន អំពីមេរោគអេដស៍ ជម្ងឺអេដស៍ និងការីករាលដាល នៃមេរោគអេដស៍ និង ជម្ងឺអេដស៍ តាមគោលនយោបាយបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ ២០២៥ របស់រាជរដ្ឋាភិបាល សូមឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយធ្វើការអប់រំបញ្ជ្រាបការយល់ដឹងអំពីអេដស៍ ជាពិសេសនៅក្នុងស្រទាប់យុវវ័យ ដែលមកចូលរួមកម្សាន្តក្នុងពិធីបុណ្យអុំទូកនេះ ។
គួរបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ ក៍ដូចជាកាត់បន្ថយបញ្ហាអេដស៍ ជារៀងរាល់ឆ្នាំក្នុងពិធីដ៍រីករាយនេះ សារស្ដីពីបញ្ហាអេដស៍ ត្រូវគេកត់សម្គាល់ឃើញថា បានធ្វើការផ្សព្វផ្សាយ ជាសាធារណៈតាមទូរទស្សន៍ វិទ្យុ កាសែត និងមធ្យោបាយផ្សព្វផ្សាយដ៍ទៃទៀត ៕ plk