អន្តរជាតិ
បក្សអំណាចខ្មែរ មិនតែងតាំងលោក សួន សេរីរដ្ឋា ធ្វើជាប្រធានវិញឡើយ
មិនមានការជ្រើសតាំងលោក សួន សេរីរដ្ឋា ធ្វើជាប្រធានគណបក្សអំណាចខ្មែរវិញឡើយ។ នេះជាជំហររបស់គណបក្សអំណាចខ្មែរ ដែលដឹកនាំដោយលោក សួង សុភ័ណ្ឌ ក្រោយពីប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស កាលពីថ្ងៃទី២៦ សីហា។
លោក សួង សុភ័ណ្ឌ បានថ្លែងថា គណបក្សលោកគ្មានគម្រោងធ្វើសមាជបក្ស ដើម្បីបោះឆ្នោតគាំទ្រឲ្យលោក សួន សេរីរដ្ឋា ធ្វើជាប្រធានបក្សទេ ក្រោមហេតុផលធំចំនួនពីរ។ ហេតុផលទី១ គណបក្សលោកអាចមានជំហររឹងមាំគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងនយោបាយ ដូច្នេះមិនចាំបាច់ទាល់តែមានលោក សួន សេរីរដ្ឋា ទើបអាចដំណើរការបាននោះទេ។ ហេតុផលទី២ គណបក្សលោក ដឹកនាំបែបនីតិបុគ្គល មិនមែនបែបរូបវ័ន្តបុគ្គល ដែលត្រូវមានបុគ្គលសំខាន់ជានិមិត្តរូប ទើបដឹកនាំបក្សបាន ដូចគណបក្សដទៃឡើយ។
លោក សួង សុភ័ណ្ឌ ដែលទទួលបានតំណែងប្រធានគណបក្សអំណាចខ្មែរមួយឆ្នាំ ក្រោយពីលោក សួន សេរីរដ្ឋា លាលែងពីតួនាទីនេះ បានពន្យល់បន្ថែមទៀតថា៖«គណបក្សយើង មិនមែនដូចជាក្រុមហ៊ុនមួយ ដែលត្រូវតែមានបុគ្គលសំខាន់ដឹកនាំរហូត ទើបក្រុមហ៊ុននោះដំណើរការនោះទេ។ ដូច្នេះក្នុងនាមបក្សយើងជាបក្ស ដែលដឹកនាំបែបនីតិបុគ្គល យើងគិតថា យើងអាចមានថ្នាក់ដឹកនាំដែលមានសមត្ថភាព និងជំហររឹងមាំដឹកនាំបក្សបាន បើទោះជាមិនមានវត្តមានលោក សួន សេរីរដ្ឋា ដឹកនាំបក្សក៏ដោយ»។
បន្ថែមពីនេះលោក សួង សុភ័ណ្ឌ នៅបន្តលើកពីចំណុចមួយចំនួន ដែលគណបក្សលោក មិនគាំទ្រឲ្យលោក សួន សេរីរដ្ឋា ធ្វើជាប្រធានវិញនោះ គឺនយោបាយឱនភាព របស់លោក សួន សេរីរដ្ឋា ដែលសុំទោសសម្ដេច ហ៊ុន សែន ដើម្បីបានចេញពីពន្ធនាគារ។
«គណបក្សយើងរីករាយសប្បាយចិត្ត នៅពេលឃើញគាត់ (សួន សេរីរដ្ឋា) ចេញពីពន្ធនាគារវិញ។ ប៉ុន្តែយើង ក៏មិនសប្បាយចិត្ត ដែលគាត់ធ្វើលិខិតសុំទោសនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រនេះ។ វាបង្ហាញឲ្យឃើញភាពកំសាកក្នុងនយោបាយគាត់ ដែលនាំឲ្យប៉ះពាល់ដល់បក្ស។ ហើយគណបក្ស មិនអាចគាំទ្រឲ្យគាត់ដឹកនាំបាន ដោយសារតែមិនទុកចិត្តថា គាត់ចេញពីពន្ធនាគារ ដោយសារការសុំទោស ឲ្យមានការលើកលែងទោសនេះ មានកិច្ចសន្យាពីក្រោយខ្នង ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្វីខ្លះដែរទេ…»។ នេះជាការបញ្ជាក់របស់លោក សួង សុភ័ណ្ឌ ដែលបន្ថែមថា ដ្បិតមិនអាចឲ្យលោក សួន សេរីរដ្ឋា ដឹកនាំគណបក្សវិញ តែលោក មានបំណងស្នើទៅគណៈកម្មាធិការអចិន្ត្រៃយបក្ស រៀបចំឲ្យលោក សួន សេរីរដ្ឋា ធ្វើជាប្រធានកិត្តិយសបក្ស។