អន្តរជាតិ

អតីតជនផ្តាច់ការហ្គាំប៊ី Jammeh ​លួច​លុយ​ជាតិ​ជិត «១​ពាន់​លាន​ដុល្លារ ក្នុងពេលកាន់អំណាច២២ឆ្នាំ

អតីត​មេដឹកនាំ​ផ្តាច់ការ​ហ្គាំប៊ី Yahya Jammeh ពុករលួយ​លួច​លុយ​ជាតិ​អស់​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងអំឡុង​ពេលដែល​ខ្លួន​កាន់អំណាច​អស់​រយៈពេល ២២​ឆ្នាំ​។ នេះ បើតាម​របាយការណ៍​ស៊ើបអង្កេត​ស៊ីជម្រៅ​មួយ​ដែល​ទើប​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី ២៧ ខែមីនា​កន្លងទៅ​។

​ក្នុងការ​ស៊ើបអង្កេត​ជាច្រើន​ដំណាក់កាល បណ្តាញ​អ្នកកាសែត​ស៊ើបអង្កេត​ពិភពលោក​លើ​បញ្ហា​ពុករលួយ​និង​ឧក្រិដ្ឋកម្ម (OCCRP) រកឃើញថា Yahya Jammeh និង​បក្សពួក​បាន​ប្លន់​លុយ​អស់ ៩៧៥​លាន​ដុល្លារ ពី​ធនធាន​ព្រៃឈើ និង​កញ្ចប់​ថវិកា​របស់​រដ្ឋ​។ 
 
​ស្ថាប័ន​ខាងលើ​បាន​បញ្ជាក់ថា ខ្លួន​បាន​ចំណាយ​ពេលវេលា​ស៊ើបអង្កេត និង​ត្រួតពិនិត្យ​របាយការណ៍​ដែល​បែកធ្លាយ​រាប់ពាន់​ផ្សេងគ្នា ហើយ​ឯកសារ​ទាំងនោះ​បានបង្ហាញ​យ៉ាង​លម្អិត​ពី​របៀប​ដែល​លុយ​របស់​រដ្ឋ​ត្រូវបាន​លួច​អស់​ពេល ២២​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ផ្តាច់ការ​ខាងលើ​។ 
 
«​បក្សពួក​របស់លោក Jammeh បាន​ជួយ​មេដឹកនាំ​រូបនេះ​ពង្រឹង​អំណាច​បាន​ពេញលេញ​។ Jammeh បាន​បង្កើត​ទំនាក់ទំនង​ផលប្រយោជន៍​ធំ​សម្បើម​ជាមួយ​អ្នកជំនួញ​បរទេស​ដូចជា  Mohamed Bazzi ដែល​គេ​ស្គាល់​ថា​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​នៅ​លី​បង់​។ ទំនាក់ទំនង​នេះ​ជួយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​លោក​ក្នុងការ​ទាញយក​លុយ​ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋ​ជិត ៣៦៤ លាន​ដុល្លារ​»​។ របាយការណ៍​ស៊ើបអង្កេត​នេះ​បានបង្ហាញ​ដូច្នេះ​។ 
 
«Jammeh ក៏មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំនួញ​រូ​ម៉ា​នី​ល្បីៗ​ពីរ​នាក់​មានដូចជា Nicolae និង Dragos Buzaianu ដែល​ទំនាក់ទំនង​នេះ​ជួយ​ឲ្យ​ខ្លួន​រក្សាបាន​លុយ​ខុសច្បាប់​ពី​ការរកស៊ី​ឈើ​ប្រមាណ ៣២៥,៥​លាន​ដុល្លារ​ឯណោះ​»​។ 
 
​ក្រៅពី​កិបកេង​លុយ​រដ្ឋ​តាមរយៈ​ការបង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកវិនិយោគ​បរទេស Jammeh ក៏​យកលុយ​ជំនួយ​ធ្វើជា​ទ្រព្យ​ផ្ទាល់ខ្លួន​ដែរ​។ ពេល​កាន់អំណាច មេដឹកនាំ​រូបនេះ​ព្យាយាម​ទាញ​ប្រយោជន៍​ពី ជំហរ​នយោបាយ​ការបរទេស​លើ​បញ្ហា​ចិន និង​តៃវ៉ាន់​។ រដ្ឋាភិបាល​លោក​ទទួលបាន​កញ្ចប់​លុយ​ជំនួយ​មិនតិចជាង ១០០​លាន​ដុល្លារ​ឡើយ ហើយ​គ្មាន​អ្នកណាម្នាក់​ដឹងថា​លុយ​ជំនួយ​ទាំងនោះ​ត្រូវបាន​ប្រើប្រាស់​បែបណា និង​នៅឯណា​ឡើយ​។ 

​កាន់អំណាច​អស់​រយៈពេល ២២​ឆ្នាំ Jammeh ត្រូវបាន​គេ​បណ្តេញ​ចេញពី​អំណាច​នៅក្នុង​ឆ្នាំ ២០១៧ បន្ទាប់ពី​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​។ មេដឹកនាំ​រូបនេះ​ក៏ត្រូវ​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ដែរ ដោយសារ​សហភាព​អាហ្វ្រិក​ប្រើប្រាស់​កងទ័ព​ប្រឆាំង ដ្បិត Jammeh មាន​មហិច្ឆតា​ក្រាញ​អំណាច ទាំង​ខ្លួន​ចាញ់ឆ្នោត។  តាមពិតទៅ Jammeh ផ្តាច់ការ​រូបនេះ​ប្រែខ្លួន​ពី​មន្ត្រី​យោធា ដោយ​ដណ្តើម​អំណាច​តាមរយៈ​រដ្ឋប្រហារ​យោធា​ឆ្នាំ ១៩៩៤​។ ក្រោម​ការដឹកនាំ​របស់​លោក ហ្គាំប៊ីប្រឈមបញ្ហាច្រើនសន្ធឹកទាំងសង្គម សេដ្ឋកិច្ច និង​ការបំពាន​សិទ្ធិមនុស្ស​។ អ្នក​ទិតៀន​ឬ​រិះគន់​រដ្ឋាភិបាល និង​មេដឹកនាំ​បក្សប្រឆាំង​រង​ការ​ធ្វើទុក្ខបុកម្នេញ និង​ការសម្លាប់​ថែមទៀត​។ 
 
​ក្នុង​ខែធ្នូ​ឆ្នាំ ២០១៧ រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដាក់ឈ្មោះ លោក Jammeh ក្នុង​បញ្ជី​ទណ្ឌកម្ម ដោយសារ​អំពើពុករលួយ និង​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។  ក្រោយមក​ក្រសួងការបរទេស​អាមេរិក​ក៏​សម្រេច​ដាក់​បម្រាម​លោក Jammeh និង​គ្រួសារ មិន​ឲ្យ​ជាន់ដី​អាមេរិក​ដែរ​៕ 

Close