សេដ្ឋកិច្ច

ក្រុមហ៊ុនចិន១យកកម្ពុជា ជាតំបន់យុទ្ធសាស្រ្តអភិវឌ្ឍន៍អចលនទ្រព្យ វិនិយោគថែម ៦ពាន់លានដុល្លារអាមេរិក

ក្រុមហ៊ុនសំណង់អចលនទ្រព្យដ៏ធំរបស់ចិន គឺព្រីនស៍ គ្រុប បានជ្រើសរើសកម្ពុជា ជាតំបន់យុទ្ធសាស្រ្តអភិវឌ្ឍន៍សំណង់អចលនទ្រព្យ ដោយគ្រោងបោះទុនវិនិយោគ៦ពាន់លានដុល្លារបន្ថែមទៀត នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនផ្ទាល់។

ចាប់តាំងពីការបង្កើតក្រុមហ៊ុនក្នុងឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានវិនិយោគជាទឹកប្រាក់សរុបចំនួន ២ ពាន់លានដុល្លារអាមេរិក និងមានដីបម្រុងចំនួន ១២០០ ហិកតា ដែលអាចអភិវឌ្ឍបានផ្ទៃក្រឡាសំណង់ចំនួន ២០ លានម៉ែត្រការ៉េ។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានក្លាយជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់នៅកម្ពុជា និងជាអ្នកបង្កើត និមិត្តសញ្ញានៃទីក្រុងភ្នំពេញ។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបណ្តាក់ទុនវិនិយោគរហូតដល់ ៦ ពាន់លានដុល្លារអាមេរិក និងយកប្រទេសកម្ពុជាជាតំបន់យុទ្ធសាស្ត្រគោល ក្នុងការអភិវឌ្ឍខ្លួនទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីសម្រេចឲ្យបានជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអន្តរជាតិដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ថា នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុហ៊ុនបាន សម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប និងសន្និសីទសារព័ត៌មានស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រព្រឹត្តិទៅនៅកោះពេជ្រ រាជធានីភ្នំពេញ៕

Close