សេដ្ឋកិច្ច

ក្រុមហ៊ុនយក្សចិនPrince Real Estate Group បន្ថែមទុនវិនិយោគ២០ពាន់លានដុល្លារ សម្រាប់១០ឆ្នាំខាងមុខនៅកម្ពុជា

ភ្នំពេញ​៖ ​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ Prince​ Real​ Estate​ Group​ បាន​ប្រកាស​ បន្ថែម​ទុន​ឱ្យ​បាន​២០ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុងរយៈពេល​១០ឆ្នាំខាងមុខ​ ខណៈ​បច្ចុប្បន្ន​ ក្រុមហ៊ុន​នេះ​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ លើ​គម្រោង​អចលនទ្រព្យ​ជាង​ ៤ប៊ី​លាន​ដុល្លារ​អាមេរិក​រួចហើយ​។

លោក​ លី​ មីន​ ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មួយ​ បន្ទាប់ពី​ចុះហត្ថលេខា​ ជាមួយ​ក្រុមហ៊ុន​បី​ ក្នុង​ការ​បើក​ដំណើរការ​ហាង​នៅក្នុង​ Prince​ Plaza​ International​ នា​ព្រឹក​ថ្ងៃទី​ ២២​ មីនា​ ២០១៩នេះ​ថា​ ក្រុ​មហ៊ុ​នព្រីនស៍​រៀល​អ៊ី​ស្ទេ​ត នឹង​ឈរ​លំដាប់​កំពូល​ ជា​ក្រុមហ៊ុន​អន្តរជាតិ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​បាន​វិនិយោគនូវ​គម្រោងអចលនទ្រព្យធំៗជាច្រើន។ជាក់ស្ដែង​គម្រោង ព្រីនស៍ផ្លាហ្សានៅបណ្ដោយផ្លូវព្រះ​នរោត្តម​ គម្រោ​ងព្រីនស៍​ផ្លា​ហ្សា​អ៊ី​ន ធើណេតសិនណលនៅតាមបណ្ដោយផ្លូវសហព័ន្ធ​រុស្ស៊ី​ និង​គម្រោង​មួយចំនួន​ទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ​ជាដើម​។

លោក​បន្ត​ថា​ “ចាប់តាំងពី​យើង​បាន​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ យើង​បាន​បោះទុន​វិនិយោគ​សរុប​ ជាង៤ពាន់​លាន​ដុល្លារ​អាមេរិក​មក​ហើយ​ ហើយ​យើង​នឹង​បន្ថែម​ទុន​តាមតែ​អាច​ធ្វើ​បាន​”។

លោក​បន្ត​ថា​ ក្រុមហ៊ុន​នៅតែ​មើលឃើញ​ពី​សក្ដានុពល​ វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ប្រទេស​នេះ​ បាន​រក្សា​លំនឹង​មួយ​ល្អ​ប្រសើរ​ ជាពិសេស​គឺ​រក្សា​បាន​នូវ​ស្ថេរ​ភាព​នយោបាយ​ក្នុង​ស្រុក​ ។ ដោយ​មើលឃើញ​ពី​សក្ដានុពល​ទាំងនេះ​ហើយ​ ក្រុមហ៊ុន​នឹង​បន្ថែម​ទុន​វិនិយោគ​ឱ្យ​បាន​ ២០ពាន់​លាន​ដុល្លារ​អាមេរិក​ នៅក្នុង​រយៈពេល​១០ឆ្នាំខាងមុខ​ទៀត​ ដោយក្រុម​ហ៊ុន​បាន​រៀបចំ​នូវ​គម្រោង​របស់​ខ្លួន​រួចស្រេច​ហើយ​ ក្នុង​នោះ​ខេត្ត​ព្រះសីហនុ​ ​; ភ្នំពេញ​ និង​សៀមរាប​ គឺជា​ទីតាំង​អាទិភាព​របស់​ខ្លួន​ ក្នុង​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​ ។

លោក​លី​ មីន​បាន​បន្ថែម​ថា​ រាល់​ការ​វិនិយោគ​លើ​គម្រោង​នានា​ នៅក្នុង​ប្រទេស​កម្ពុជា​ របស់​ព្រីនស៍​រៀល​អ៊ី​ស្ទេ​ត ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ​ ជា​ក់​ស្ដែង​ព្រីនស៍​ផ្លា​ហ្សា​អ៊ី​នធើ​ណេត​សិន​ណល​ ដែល​បាន​សាងសង់​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​នោះ​ គឺ​មាន​ក្រុមហ៊ុន​និង​ហាង​ជាច្រើន​បាន​ចុះហត្ថលេខា​ ដើម្បី​ដាក់​ទីតាំងនៅ​ក្នុង​មជ្ឈមណ្ឌល​នោះ​ នៅពេល​សាងសង់​ហើយ​ ជាក់ស្ដែង​ក្រុមហ៊ុន​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​បណ្ដា​ដៃគូ៥​ ដើម្បី​បើក​ដំណើរការ​ហាង​នៅក្នុង​មជ្ឈមណ្ឌល​ ព្រីនស៍​ផ្លា​ហ្សា​អ៊ី​នធើ​ណេត​សិន​ណល​។

លោក​បញ្ជាក់​ថា​ គម្រោង​អចលនទ្រព្យ​របស់​ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​អ៊ី​ស្ទេ​តគ្រុប​ បាន​រីក​ដុះដាល​នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​ព្រះសីហនុ​ ហើយ​ទទួល​បាន​នូវ​សមិទ្ធិ​ផល​គួរ​ឱ្យ​កត់សម្គាល់​ ។ ព្រីនស៍​រៀល​អ៊ី​ស្ទេ​ត គ្រុប​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ទីតាំង​នៅ​កណ្ដាល​នៃ​ខណ្ឌ​ធំៗ​ ចំនួន៣នៅ​ភ្នំពេញ​ ហើយក៏​មាន​គម្រោង​ពង្រីក​ឱ្យ​បាន​គ្រប់​ខណ្ឌ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លោក​ឧកញ៉ា​ លី​ ហួរ​ ប្រធាន​សមាគម​អ្នក​អភិ​វឌ្ឈ​ន៍​លំនៅ​ដ្ឋាន​កម្ពុជា​បាន​មានប្រសាសន៍​ថា​ វិស័យ​អចលនទ្រព្យ​និង​សំណង់​នៅ​កម្ពុជា​ នឹង​បន្ត​រីកចម្រើន​រយៈពេល​ ៥ទៅ​ ១០ឆ្នាំ​ទៀត​ ដោយសារ​កម្ពុជា​នៅ​មាន​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​កំនើន​សេដ្ឋកិច្ច​បន្ត​មាន​ភាព​រ៉ឹង​មាំ​រយៈពេល​វែង​បន្ត​ទៀត​៕

Close