សេដ្ឋកិច្ច

ពិតជាអស្ចារ្យណាស់!រដ្ឋាភិបាលថៃ ផ្តល់លុយ១៥០០លានដុល្លារ ឲ្យពលរដ្ឋខ្ចីទិញផ្ទះសម្បែង

ថវិកាប្រមាណ ៥០ពាន់លានបាត ឬស្មើនឹងជាង ១,៥ ពាន់លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលថៃ បញ្ចេញប្រើប្រាស់ លើការផ្ដល់ជាកម្ចីឥណទានការប្រាក់ទាប នៅដំណាក់កាលដំបូងនេះ តាម រយៈធនាគារលំនៅដ្ឋានរបស់រដ្ឋ (Government Housing Bank) ដើម្បីឲ្យពលរដ្ឋ ដែលមានចំណូលទាបប្រមាណ ៥ម៉ឺននាក់ អាចមានលទ្ធភាពខ្ចីប្រាក់ទាំងនោះ យកទៅទិញផ្ទះដោយបង់រំលស់។

ក្រោម​កម្មវិធី​​ពិសេស​​សម្រាប់​​ជួយ​ដល់​​អ្នកចំណូល​ក្រោម​​មធ្យម​នេះ ប្រជាពលរដ្ឋ​ជាច្រើន​​អាច​​ទទួលបាន​កម្ចី​ឥណទាន​​សម្រាប់​ទិញផ្ទះ​ដែល​មានតម្លៃ​​ក្រោម​១លានបាត ឬស្មើនឹង​ប្រមាណ ៣ម៉ឺន​ដុល្លារ​អាមេរិក។

បើតាម​ផែន​ការ​ រដ្ឋាភិបាល​ថៃ នឹង​អនុវត្តគម្រោង​កម្ចីឥណទាន​ផ្ទះសម្បែងនេះ សម្រាប់​ចំនួន​លំនៅដ្ឋាន​១លាន​ខ្នង​ឯណោះ។

នៅពេល​​ដែលពួកគេ​​បានបំពេញ​​លក្ខខណ្ឌ​គ្រប់គ្រាន់​ និងត្រូវ​បាន​​សម្រេច​​ផ្ដល់​សិទ្ធិ​ពី​​រដ្ឋរួច​ហើយ នោះពួកគេ​នឹង​ទទួល​បាន​កម្ចី​​ដែលមាន​អត្រា​​ការប្រាក់​ទាប ​ដែលអាច​​សងត្រឡប់​​ក្នុងរយៈពេល​​រហូត​ដល់​ជាង ​៤០ឆ្នាំ។ តួយ៉ាង​អ្នក​ដែលរក​ប្រាក់ចំណូល​​បាន​​តិចជាង​ ២​​៥.០០០​បាត ឬស្មើ​នឹង​ជាង ​៧៦០ ដុល្លារ​អាមេរិក ក្នុង​មួយខែ នឹងទទួល​បា​ន​ការ​ផ្ដល់ជូន​​នូវ​អត្រា​​ការប្រាក់​​​ថេរ​ ៣% រហូតដល់​​រយៈពេល​​៥ឆ្នាំ​ដំបូង ខណៈដែល​​អ្នក​ដែល​មានចំណូល​​លើស​ពី ជាង ៧៦០​ ដុល្លារ​ឡើងទៅ នឹង​​ទទួល​បាន​​អត្រាការប្រាក់​​៣% ដូចគ្នា ក្នុងរយៈពេល​​៣​ឆ្នាំ​ដំបូង។

ក្នុងជំហាន​​ដំបូង​​នៃការអនុវត្ត​ផែនការ​​ផ្ដល់​កម្ចី​នេះ គេសង្កេត​ឃើញថា អ្នកមកដាក់​ពាក្យ​ស្នើ​សុំ​ គឺមាន​ច្រើន​លើ​សការ​កំណត់ ហើយ​​រាជរដ្ឋា​ភិបាល​​ថៃ ក៏បាន​​បន្ថែម​ថវិកា​ លើស​​កញ្ចប់​​ថវិកា​​ដែលបាន​​កំណត់​​ដូចគ្នាដែរ ដើម្បី​ឆ្លើយតប​​ទៅនឹង​តម្រូវការ។

ជាក់ស្ដែង គិតត្រឹម​ថ្ងៃអាទិត្យ​​ ទី២៣ ធ្នូ​​កន្លង​ទៅនេះ ទំហំឥណទាន​​ដែលបាន​​ផ្ដល់​ជូន​​ពលរដ្ឋ​ បានកើនឡើង​​ដល់ ១៣០ពាន់លាន​បាត ឬស្មើនឹង​​ប្រមាណ ៤ពាន់លាន​ដុល្លារ​អាមេរិក ខណៈដែល​កញ្ចប់​ថវិកា​ ​ដែលបាន ដាក់ចេញ​មានតែ​ប្រមាណ ជាង​ ១.៥០០​ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ដូច្នេះ រដ្ឋ ត្រូវ​ការបន្ថែម​ថវិកា​លើស​ផែនការ​ ដែលបាន​កំណត់​។   
ទោះយ៉ាងណា ធនាគារ​​លំនៅដ្ឋាន​​របស់រដ្ឋ (GHB) នឹង​ប្រកាស​​នៅពេល​ក្រោយ​ទៀត អំពី​​ការ​ពង្រីក​​កញ្ចប់​​ថវិកា​បន្ថែម ដើម្បីជួយ​ដល់​អ្នក​ចំណូល​​ក្រោម​មធ្យម​​អាច​ទិញផ្ទះ​បាន​ បន្ទាប់​ពី​កញ្ចប់​ថវិកា​ដំបូង​សម្រាប់​​ការផ្ដល់​កម្ចី ​​ដែលបាន​ប្រកាស​ក្នុងរយៈ​ពេលតែ​១ថ្ងៃ​ប៉ុណ្ណោះ ត្រូវបាន​​ពលរដ្ឋ​​កក់ទុក​រួចរាល់​អស់​ហើយ។

យ៉ាងណា​ក៏ដោយចុះ បើតាម នាយក​ប្រតិបត្តិ​​ធនាគារ​​លំនៅដ្ឋាន​​រដ្ឋាភិបាល (GHB) លោក ឆាតឆៃ ស៊ីរីឡៃ បានឲ្យ​ដឹងថា ការពង្រីក​កញ្ចប់​​ថវិកា​ឥណទាន​​បន្ថែមនេះ ត្រូវការ​​រង់ចាំ​​ការអនុម័ត​ពី​គណៈរដ្ឋ​មន្ត្រីជាមុន​សិន៕ 

Close