ព័ត៌មានជាតិ

សង្វៀនបញ្ជាល់មាន់ដុះស្លែ កំពុងបេីកលេងយ៉ាងពេញបន្ទុកនៅក្រោយផ្សារការបី ខណៈអាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប ខ្លាចរដ្ឋបាត់ចំណូលឬយ៉ាងណា?

ក្រចេះ ៖ សង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងស្ថិតនៅពីក្រោយផ្សារកាបី ក្នុងចំការស្វាយចន្ទី នៅភូមិសាស្ត្រភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានបើកភ្នាល់ល្បែងជាយូរមកហើយ ប៉ុន្តែគ្មានការបង្ក្រាបពីមន្ត្រីអាជ្ញាធរមូលដ្ឋានសោះឡើយ ដែលធ្វើឲ្យពលរដ្ឋរិះគន់ថាបែបឡកលើយថា ខ្លាចរដ្ឋបាត់ចំណូលឬយ៉ាងណា? ។

អ្នកញៀនល្បែ​ង​ជល់មាន់ បានលើកឡើងថាពួកគេសប្បាយរីករាយក្នុងការមកលេងល្បែងភ្នាល់ក្នុងសង្វៀនជល់មាន់ខុសច្បាប់នៅក្រោយផ្សាកាបីនេះ ដោយសារម្ចាស់សង្វៀនមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ផ្តល់សុវត្ថិភាពឲ្យពួកគេ និងតែងដឹងខ្លួនជាមុនបើមានការបង្ក្រាបពីមន្ត្រីមានសមត្ថកិច្ចណាមួយ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួលរិះគន់ចំៗទៅលេីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានឃុំស្រុកព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជំនាញដែលបានបណ្ដែតបណ្ដោយឲ្យឈ្មោះ ស បេីកល្បែងបញ្ជល់មាន់ នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យនេះ ដោយមិនអើពើឬព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដូចជាបញ្ហាសន្តិសុខ គ្រឿងញៀន ចោរកម្ម អំពើហិង្ស ជាពិសេសគឺការមិនយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំំង៧ចំណុចរបស់រាជរដ្ឋាភិបាលសោះឡើយ។

កន្លងមកអតីតប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​ចេញ​បទបញ្ជា​ឲ្យអាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ក្នុងមូលដ្ឋានត្រូវ​រួម​គ្នា​ទទួលខុសត្រូវ ធ្វើការ​បង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងព្រមានដកហូតតួនាទីថែមទៀតផង ប៉ុន្តែបញ្ជាទាំងនេះហាក់មានប្រសិទ្ធភាពរយៈពេលខ្លីតែប៉ុណ្ណោះ ដូចករណីសង្វៀនជល់មាន់ខុសច្បាប់នៅទីតាំងខាងលើនេះជាដើម។

ករណីល្បែងបញ្ជល់មាន់លេង​ស៊ីសងខុសច្បាប់ខាងលើ អ្នកយកពត៌មាន បានទំនាក់ទំនងទៅលោក ចាន់ សុខគីម អធិការ​នគរបាល​ស្រុកស្នួល កាលពីរសៀលថ្ងៃទី១០,១២,២០២៣នេះ លោកបានឲ្យដឹងតាមទូរស័ព្ទ ថា ចាំលោកឱ្យកម្លាំងចុះទៅមេីល ប៉ុន្តែស្ងាត់ឈឹងមិនឃើញស្រមោលមន្ត្រីនគរបាលណាម្នាក់ទៅអើតមើលឡើយ។

រីឯលោក លី សុខន មេប៉ុស្តិ៍ក្រញូងសែនជ័យ បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទស្រដៀងនឹងលោកអធិការស្រុកស្នួលថា ចាំឱ្យកម្លាំងទៅមើល ប៉ុន្តែស្ថាត់ឈឹងមិនដឹងដំណឹងអ្វីសោះបន្តិចតែម្តង។

គួររម្លឹកថា កាលពីអំឡុងខែកញ្ញាឆ្នាំ 2022 សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញវិធានការ បញ្ជាឲ្យអភិបាលរាជធានី- ខេត្ត- និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដោយបានព្រមានដកដំណែង ថ្នាក់ដឹកនាំមូលដ្ឋានរូបណាដែលបណ្ដែតបណ្ដោយ ឱ្យមានល្បែងស៊ីសងកេីតឡើងក្នុងដែនដីរបស់ខ្លួនទៀតផង។

ប្រជាពលរដ្ឋ រស់នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល អំពាវនាវដល់លោក អ៊ូ សុបុណ្ណា ស្នងការខេត្តក្រចេះ មានវិធានការក្តៅចាត់កម្លាំងនគរបាលក្រោមឱវាទក្នុងមូលដ្ឋាន ឲ្យចុះមកបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជាបន្ទាន់ផងទាន ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕ទំនាក់ទំនងការផ្សាយ 071 861 22 22

Close