ព័ត៌មានជាតិ

មិនធម្មតា! អាកាសយានដ្ឋានថ្មីនៅសៀមរាប ល្បីដល់ CNN សារព័ត៌មានដ៏ល្បីល្បាញលើពិភពលោក

សារព័ត៌មានដ៏ល្បីល្បាញលំដាប់ពិភពលោក CNN បានចុះផ្សាយអត្ថបទមួយ និយាយអំពីការបើកដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមចំណងជើងធំៗថា៖ «Cambodia’s newest and biggest airport opens in Siem Reap, the gateway to UNESCO-listed Angkor» ។

CNN បានរៀបរាប់ថា អាកាសយានដ្ឋានថ្មី និងធំជាងគេបង្អស់របស់កម្ពុជា បានបើកដំណើរការហើយ នៅខេត្តសៀមរាប ភាគពាយ័ព្យនៃប្រទេសក្នុងសប្តាហ៍នេះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមហិរញ្ញប្បទាន ពីប្រទេសចិន គឺជាច្រកទ្វារដ៏សំខាន់ទៅកាន់ទីឋានទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសកម្ពុជា គឺតំបន់រមណីយដ្ឋានអង្គរ ដែលចុះបញ្ជីដោយអង្គការយូណេស្កូ។

នៅព្រឹកថ្ងៃចន្ទ ជើងហោះហើរដែលដំណើរការដោយក្រុមហ៊ុន Bangkok Airways របស់ប្រទេសថៃ គឺជាយន្តហោះដំបូងគេដែលបានចុះចតនៅអាកាសយានដ្ឋានថ្មី។  អាកាសយានដ្ឋានថ្មីនេះ គឺជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាប  ដែលបានបើកដំណើរការដំបូងក្នុងឆ្នាំ ១៩៣២ ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីបរិវេណតំបន់អង្គរ។

CNN សរសេរទៀតថា ប្រលានយន្តហោះថ្មីនេះ ត្រូវបានចាត់ទុកជា “អាកាសយានដ្ឋាន 4E” វាអាចផ្ទុកយន្តហោះពាណិជ្ជកម្មធំៗ រួមទាំងយន្តហោះ​ខ្នាតធំជាច្រើនមកពីទូទាំងពិភពលោក។ ការ​សាងសង់​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ២០២០ ដោយ​ការ​រចនា​ព្រលាន​យន្តហោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បំផុស​គំនិត​ដោយ​រចនាប័ទ្ម​ស្ថាបត្យកម្ម​​ខ្មែរ៕

Close