ព័ត៌មានជាតិ

តើវាសនាលោក កែវ ផាន ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិននឹងទៅជាយ៉ាងណា? បន្ទាប់ពីក្រុមអនុលោមគយ ចុះឃាត់ចាប់ទំនិញគេចពន្ធ ដែលទំនងជាទំនិញហែកទូកុងទ័រនឺខុសច្បាប់នោះ

ទំនាក់ទំនងការផ្សាយ 071 7888 345
តាកែវៈ ជាលើកទី2ហើយក្នុងរយៈពេលមិនដល់1ឆ្នាំផង ដែលទំនិញគេចពន្ធ (ទំនងជាទំនិញហែកទូកុងទ័រនឺ ឬកាត់សៀលខុសច្បាប់) នៅព្រំដែនប្រទេសវៀតណាមចំនួន៥រថយន្ត បានហូរចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ហើយត្រូវបានក្រុមអនុលោមគយដឹកនាំដោយលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបបាននៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅត្រង់ចំណុច ភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ កាលពីពឹកថ្ងៃទី01 ខែកក្កដា ឆ្នាំ2023កន្លងទៅថ្មីៗនេះ។

ទំនិញទាំងនោះត្រូវបានគេយកមករក្សាទុកក្នុងទីស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តតាកែវដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវរកបទល្មើស ប៉ុន្តែករណីនេះត្រូវបានគេបិទទ្វារជិតឈឹងយ៉ាងប្រុងប្រយ័ត្នបំផុតរហូតដល់នឹងពេលនេះ ដែលធ្វើឲ្យមហាជនលើកឡើងថា តើវាសនាលោក កែវ ផាន ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនរូបនេះនឹងទៅជាយ៉ាងណា?។

បើតាមមន្ត្រីគយម្នាក់សុំមិនបញ្ចេញឈ្មោះ បានលួចខ្សិបប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កន្លងមកឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករបានដាក់បទបញ្ជាដល់មន្ត្រីគយគ្រប់ការិយាល័យច្រកទ្វារព្រំដែនទាំងអស់ ដោយហាមឃាត់ដាច់ខាតមិនអនុញ្ញាតឲ្យមានទំនិញហែកទូកុងទ័រនឺហូរចូលមកកម្ពុជាដោយខុសច្បាប់ឡើយ ដើម្បីចៀសវាងការខាតបង់ចំណូលរដ្ឋ។ ហើយបើមានករណីពិសេស លុះត្រាតែមានលិខិតអនុញ្ញាតពីឯកឧត្តមប្រធានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទើបធ្វើបាន ដោយអនុញ្ញាតឲ្យទំនិញចូលតាមច្រកទ្វារអន្តរជាតិធំៗតែប៉ុណ្ណោះ មិនមែនចូលតាមច្រកទ្វារតូចៗដូចច្រកទ្វារភ្នំដិននោះទេ។ ប៉ុន្តែទំនិញគេចពន្ធដែលទំនងជាទំនិញហែកទូរកុងទ័រនឺនេះ បែរជាចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិភ្នំដិនទៅវិញ ហើយក៏ត្រូវបានក្រុមអនុលោមរបស់លោក ប៉ោ សួន ឃាត់ចាប់បានជាលើកទី2ផងដែរ ធ្វើឲ្យមានការភ្ញាក់ផ្អើដល់មហាជនទូទៅក្នុងខេត្តតាកែវ ដោយសារមានការចាប់ខ្លួនមន្ត្រីនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចម្នាក់ឈ្មោះ ណុប សំបូរ បន្ទាប់ពីមន្ត្រីរូបនេះបាញ់បាន1គ្រាប់គំរាមមន្ត្រីជំនាញពេលកំពុងអនុវត្តច្បាប់ឃាត់ចាប់រថយន្តដឹកទំនិញគេចពន្ធលើផ្លវជាតិលេខ2។

ករណីនេះកាលពីថ្ងៃទី07 ខែកក្កដា ឆ្នាំ2023 លោក ប៉ោ សួន ប្រធានក្រុមអនុលោមគយ និងរដ្ឋាករ បានឆ្លើយប្រាប់កាសែតក្នុងស្រុកមួយឲ្យដឹងថា ទំនិញគេចពន្ធទាំងប្រាំរថយន្តដែលក្រុមអនុលោមគយបង្ក្រាបបាននោះគឺថ្នាក់ដឹកនាំសម្រេចផាកពិន័យបទល្មើសគយ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនប្រាក់ប៉ុន្មានដែលត្រូវផាកពិន័យនោះទេ?។

លោក ប៉ោ សួន តែងតែដឹកនាំ ក្រុមអនុលោម ឬក្រុមជំនួយការសម្រាប់ចុះត្រួតពិនិត្យ សាខាការិយាល័យគយ និងរដ្ឋាករ តាមច្រកចេញចូលព្រំដែន នៅទូទាំងប្រទេសកម្ពុជាដើម្បីបង្កើនចំណូលពន្ធគយជូនរដ្ឋ។ ជាកស្តែងទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ កំពុងកើតមានឡើងពេញបន្ទុកនៅ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ម្ដងហើយម្ដងទៀត។ ទំនិញយថាប្រភេទចូលតាមច្រកទ្វារភ្នំដិន ដែលក្រុមអនុលោមចាប់បាននេះ បានធ្វើឱ្យរដ្ឋខាតបង់ចំណូលពន្ធគយយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយទំនងមានការពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយនឹងមន្ត្រីគយពីររូបដែលឈរជើងប្រចាំការនៅច្រកទ្វារព្រំដែនភ្នំដិន នោះគឺលោក លី គឹមសាន ,លោក ហួន តុលា ជាពិសេសគឺលោក កែវ ផាន ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែននេះតែម្តង។

ទំនិញហែកទូកុងទ័រនឺដែល ក្រុមអនុលោមគយ ចាប់ទាំង៥រថយន្តនោះ ជាទំនិញមកពីប្រទេសទី3 នាំចូលមកប្រទេសកម្ពុជាដោយឆ្លងកាត់ប្រទេសវៀតណាម។ ក៏ប៉ុន្តែត្រូវបានក្រុមឈ្មួញមានអំណាចគប់គិតគ្នាជាមួយមន្ត្រីជំនាញខិលខូចមួយចំនួន ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ហែកទូកុងទ័រនឺ ផ្ទេរដាក់រថយន្តផ្សេងៗបន្លំជា «ទំនិញយថាប្រភេទ» ដើម្បីគេងចំណេញលើប្រាក់ពន្ធគយចំណូលរដ្ឋ ចែកផលប្រយោជន៍ដល់បុគ្គលមន្រ្តីពាក់ព័ន្ធ ទាំងមន្ត្រីដើមទីច្រកទ្វារព្រំដែន មន្ត្រីគយចល័តតាមដងផ្លូវជាតិលេខ២ និងស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តតាកែវផងដែរ។ រថយន្តដឹកទំនិញគេចពន្ធទាំង៥គ្រឿង គឺមាន២គ្រឿងជារថយន្តធុនធំ និង៣គ្រឿងទៀតជារថយន្តសាំយ៉ុង។ រថយន្តទាំងនោះត្រូវគេរៀបទំនិញឡើងខ្ពស់ៗដែលមានកម្ពស់ជិត៥ម៉ែត្រ ហើយបានគ្របតង់ខៀវពីលើដើម្បីបំភាន់ភ្នែកមហាជន និងការពារទឹកភ្លៀងផងដែរ។

រឿងដ៏ធំនេះនាំឱ្យបាត់ចំណូលរដ្ឋយ៉ាងសម្បើម ដោយក្រុមឈ្មួញចំណាយប្រាក់ប្រហែលត្រឹមតែ១០លានរៀលក្នុង១ទូកុងទ័រនឺ ប៉ុណ្ណោះតាមរយៈ បង់ពន្ធទំនិញយថាប្រភេទ ខណៈតម្លៃពន្ធពិតប្រាកដចូលរដ្ឋយ៉ាងតិច ៧០០០ដុល្លារក្នុងមួយតោនសម្រាប់ទំនិញមកពីប្រទេសទី៣។ ប៉ុន្តែការ ហែកទូកុងទ័រនឺ បន្លំពន្ធថាទំនិញមកពីវៀតណាមក្នុងមួយតោនឈ្មួញបង់ពន្ធត្រឹម៥០ដុល្លារតែប៉ុណ្ណោះចូលរដ្ឋ។ ដែលករណីបែបនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានហាមប្រាមជាដាច់ខាតមិនឲ្យកើតមានឡើយ។

តាមប្រភពក្រុមឈ្មួញរកស៊ីនាំទំនិញឆ្លងដែនចូលកម្ពុជាបានលួចខ្សិបប្រាប់ថា ទំនិញដែលក្រុមអនុលោមគយ ចាប់បានចំនួន៥ឡាននោះប្រហែលជាមកពីប្រទេសទី៣ (ចិន) ដែលបង់ពន្ធថ្លៃ។ វាបានឆ្លងកាត់ប្រទេសវៀតណាមតែត្រូវគេហែកទូកុងទ័រនឺបន្លំពន្ធគយថា ជាទំនិញវៀតណាមដើម្បីបង់ពន្ធថោក។ ប្រភពបន្តទៀតថា ការលួចនាំចូលទំនិញគេចពន្ធនេះគឺទំនងមានការគប់គិតគ្នាពីមន្ត្រីគយពីររូបមានលោក លី គឹមសាន ,លោក ហួន តុលា និងមន្ត្រីនគរបាលអន្តោប្រវេសន៍ ល្បីឈ្មោះម្នាក់ឈ្មោះ ជ្រិន ឆាយ ដែលជាអ្នកកាង និងរត់ការទំនិញគេចពន្ធប្រចាំច្រកភ្នំដិនដ៏សកម្មបំផុត។

ប្រភពដដែលលើកឡើងទៀតថា ទំនិញគេចពន្ធទាំងនោះវាអាចជាប្រភេទសាច់គោបង្កក ដែលត្រូវបង់ពន្ធគយក្នុងតម្លៃខ្ពស់។ ប៉ុន្តែដោយសារតែអាងអំណាចនិងតួនាទី និងដោយមានលោក កែវ ផាន ប្រធានការិយាល័យច្រកទ្វារអន្តរជាតិភ្នំដិនជាបង្អែកផងនោះ ទើបធ្វើឱ្យលោក លី គឹមសាន និងលោក ហួន តុលា ដែលទើបចូលធ្វើការជាមន្ត្រីគយមុនផ្ទុះកូវីដ១៩បន្តិចសោះហ៊ានប្រព្រឹត្ត ឥឡូវពួកគេបានក្លាយជាអ្នកមានលុយកាក់ច្រើនរាប់ម៉ឺនសែនដុល្លារ ជិះរថយន្តឡិចស៊ីស ៥៧០សេរីទំនើបៗ មានទាំងអ្នកតាមការពារទៀតផង។

អាជីវកររកស៊ីតូចតាចចេញចូលតាម ច្រកភ្នំដិន បានលើកឡើងថា ទំនិញឆ្លងកាត់ប្រទេសវៀតណាម គឺមកពីប្រទេសទី៣ និងទំនិញរបស់វៀតណាមដែលមិនចូលតាមរយៈ ក្រុមហ៊ុនរបស់លោក ជ្រិន ឆាយ គឺអត់មានក្រដាសពន្ធគយនោះទេ។ ចំណែកទំនិញចូលតាមរយៈពួកចៃគយក៍អត់មានក្រដាសពន្ធគយដូចគ្នាដែរ។ ដូច្នេះរាល់ទំនិញនាំចូលពីវៀតណាមខ្នាតធំៗគឺក្រុមគយ ប្រចាំការដែលមានលោក លី គឹមសាន និងលោក ហួន តុលា ពុំមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនោះទេ ដោយទុកចិត្តតែលើលោក ជ្រិន ឆាយ ជាអ្នករាយការណ៍ជូន។ ហើយមានពេលខ្លះមានរថយន្តធុនធំ៥គ្រឿងស្លាកលេខតែមួយ ហើយក្រដាសពន្ធគយក៍តែមួយសន្លឹកនោះដែរ។ ដូច្នេះរថយន្តទាំងនោះត្រូវបើកចេញឆ្លាស់ម៉ោងគ្នាគឺ១ម៉ោងចេញ១គ្រឿង។

គួរបញ្ជាក់ដែរថាកាលពីចុងឆ្នាំ2022 ក្រុមអនុលោមគយដែលដឹកនាំដោយលោក ប៉ោ សួន បានឃាត់ចាប់ទំនិញគេចពន្ធតាមច្រកភ្នំដិននេះបានម្តងរួចទៅហើយ។ ហើយកាលពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2023 ក្រុមដដែលនេះ ចុះចាប់ជាលើកទី2 បានចំនួនប្រាំរថយន្តទៀត។ ក្រុមអាជីវករតូចតាចដែលរកស៊ីដឹកទំនិញចេញចូលតាមច្រកទ្វារព្រំដែនភ្នំដិន កំពុងរង់ចាំអ៊ុតចម្លើយថា តើលោក កែវ ផាន ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនមួយនេះ និងបក្ខពួកគឺលោក លី គឹមសាន និងលោក ហួត តុលា និងមានវាសនាបែបណាបើអគ្គនាយកដ្ឋានគយនិងរដ្ឋាកររកឃើញកំហុសពិតនោះ?។

ពាក់ព័នករណីខាងលើនេះ លោក ស៊ុនឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែ និងលោក កែវ ផាន ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនភ្នំដិន មិនអាចទំនាក់ទំនងសុំការបកស្រាយតាមប្រព័ន្ធតេលក្រាមបានឡើយ៕

Close