សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពង្រឹងការប្រមូលចំណូលពន្ធ-អាករ ទូរស័ព្ទចល័តនាំចូលគ្រប់ប្រភេទ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពង្រឹងការប្រមូលចំណូលពន្ធ-អាករ ទូរស័ព្ទចល័តនាំចូលគ្រប់ប្រភេទ

អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា សម្រេចដាក់ឱ្យ​ដំណើរការ​នូវ​មុខងារ​គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍​ប្រើប្រាស់​ស៊ីមកាត​ផ្សេងទៀត​​ ដើម្បី​ពង្រឹង​ការប្រមូល​ចំណូល​ពន្ធ-អាករ​ លើ​មុខទំនិញ​ប្រភេទ​ទូរស័ព្ទ​ចល័ត​នាំចូល​គ្រប់​ប្រភេទ។ បើតាមអគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា មុខងារ​គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍​ប្រើប្រាស់​ស៊ីមកាត​ផ្សេងៗ គឺ​អនុវត្ត​ពីថ្ងៃ​ទី១កញ្ញា ឆ្នាំ២០២១ តទៅ។

ស្របពេល​ការប្រើប្រាស់ទូរសព្ទចល័ត និង​ឧបករណ៍​ប្រើប្រាស់​ស៊ីមកាត​នៅកម្ពុជា ​កំពុងមាន​ការកើនឡើង​ជា​គំហុក ​​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា បានអនុម័តឱ្យដំណើរការ​នូវ​មុខងារ​គ្រប់គ្រង​ឧបករណ៍ទាំងនេះ ដើម្បី​ពង្រឹងដល់​ការប្រមូល​ចំណូល​ពន្ធ-អាករ​លើ​មុខទំនិញ​ប្រភេទ​ទូរស័ព្ទ​ចល័ត​នាំចូល​គ្រប់​ប្រភេទ ចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ២០២១តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា។ 

​​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា បាន​រៀបចំ​រួចរាល់​នូវ​មុខងារ​គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍ប្រើប្រាស់​ស៊ីមកាត​ផ្សេងទៀត​នៃ​ប្រព័ន្ធ​អេឡិចត្រូនិក​គយ ដែលមាន​មុខងារ​សំខាន់​ក្នុង​ការកត់ត្រា។ អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់៖« ប្រព័ន្ធនេះ នឹង​គ្រប់គ្រង​លេខ​អត្តសញ្ញាណ​ឧបករណ៍​អន្តរជាតិ​ (IMEI)នៃទូរស័ព្ទចល័ត និង​ឧបករណ៍​ប្រើប្រាស់​ស៊ីមកាត​ផ្សេងទៀត ដែល​បាន​នាំចូល​ដោយ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​តាម​បទប្បញ្ញត្តិ​ជា​ធរមាន​​»។ 

 ទិន្នន័យពីនិយ័តករទូរគមនាគមន៍កម្ពុជានៃក្រសួង​ទូរគមនាគមន៍ និង​ប្រៃសណីយ៍​ បានបង្ហាញថា  កាលពីខែឧសភា ឆ្នាំ២០២១ ចំនួន​នៃការទិញ​ទូរស័ព្ទ​ចល័ត​ក្នុង​ប្រតិបត្តិករ​ទាំង៦នៅ​កម្ពុជា​មាន ២០ ៧០៨ ១៤៦ និងចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​បាន​កើនឡើង​ដល់ជាង១៧,២៦​លាន​នាក់​ដែល​រួមទាំង​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​ផងដែរ​៕

Close