សេដ្ឋកិច្ច

កម្ពុជាដាក់ឲ្យដេញថ្លៃជាអន្តរជាតិ លើគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ៣៥០លានដុល្លារអាមេរិក

រដ្ឋាករទឹកកម្ពុជា បានប្រកាសដាក់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ៣៥០លានដុល្លារអាមេរិក ដេញថ្លៃជាអន្តរជាតិ នេះបើតាម ឯកឧត្តម ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកភ្នំពេញ ប្រាប់កាសែតក្នុងស្រុកឲ្យដឹង។

តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ីម ស៊ីថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះថា រោងចក្រខាងលើ គ្រោងនឹងសាង់សង់លើទឹកដីសង្កាត់បាក់ខែង ហួសព្រែកតាសេក ជិតស្ពានមរតកតេជោ ក្នុងទំហំផ្ទៃដី១០ហិកតា។ គម្រោងនេះ នឹងមានការសាងសង់ ស្ថានីយបូមទឹកចំនួន១ រោងចក្រផលិតទឹកស្អាតចំនួន២ និងប្រព័ន្ធបំពង់ទឹក ដែលទាញយកប្រភពពីទឹកទន្លេមេគង្គ ហើយអាចមានសមត្ថភាពផលិតទឹកបាន៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាជនចំនួន ៥សែននាក់បន្ថែមទៀត លើចំនួនអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ 

តាមការបញ្ជាក់មកដល់ពេលនេះ មានក្រុមហ៊ុនសាងសង់ធំៗចំនួន៣ បាននឹងកំពុងដាក់ពាក្យដេញថ្លៃគម្រោងនេះ រួមមាន ក្រុមហ៊ុន Vinci របស់ប្រទេសបារាំង ក្រុមហ៊ុន CGGC របស់ប្រទេសចិន និងក្រុមហ៊ុន Tedagua-rei របស់ប្រទេសអេស្ពាញ និងម៉ាឡេស៊ី។ តាមការគ្រោងទុក គម្រោងនេះនឹងត្រូវដាក់ឲ្យដំណើរការសាងសង់ជាផ្លូវការនៅខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ ដែលនឹងត្រូវប្រើប្រាស់រយៈពេលជិត៤ឆ្នាំក្នុងការសាងសង់។
 
ឯកឧត្តមក៏បានឲ្យដឹងទៀតថា រោងចក្រផលិតទឹកស្អាតនេះ នឹងត្រូវសាងសង់ដោយប្រើប្រាស់បច្ចេកទេសចុងក្រោយបំផុតក្នុងការបន្សុទ្ធទឹកស្អាត ដោយមានការត្រួតពិនិត្យគុណភាពពីសំណាក់អ្នកជំនាញរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញ ហើយក៏មានការបញ្ជូនទឹកទៅកាន់មន្ទីរពិសោធន៍​​ឯករាជ​របស់​ប្រទេសសិង្ហបូរី លើប្រព្រ័ន្ធទឹកស្អាតផងនេះដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន៤ ដែលក្នុងនោះ រោងចក្រចំនួន៣កំពុងត្រូវបានដាក់ឲ្យដំណើរការប្រើប្រាស់ ដែលមានសមត្ថភាពផ្តល់ទឹកបាន ៥៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ចំណែកឯ រោងចក្រមួយទៀតកំពុងត្រូវបានសាងសង់ឡើងវិញ ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅ ខែតុលា ឆ្នាំ២០១៩នេះ ដែលអាចផ្តល់ទឹកចំនួន៥ម៉ឺនម៉ែត្រគូប បន្ថែមទៀតដល់ទីក្រុងភ្នំពេញ ដែលមានតម្រូវការទឹកស្អាតសរុបរហូតដល់ទៅ ៧០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន៕

Close