សេដ្ឋកិច្ច
រដ្ឋាភិបាលត្រូវធ្វើការជាមួយវិស័យឯកជន ដើម្បីផ្គូរផ្គងជំនាញ និងទីផ្សារការងារសម្រាប់សិស្សនិស្សិត
អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោក (World Bank) អះអាងថា ខ្លួនគ្មានចម្លើយដែលសមស្របនឹងសំណួរថា តើរដ្ឋាភិបាលគួរតម្រង់ទិសឲ្យសិស្សនិស្សិតចាប់យកជំនាញអ្វី ដើម្បីជួបនឹងតម្រូវការទីផ្សារការងារ នោះឡើយ។
ថ្លែងនៅក្នុងបទបង្ហាញពីរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី១០ខែឧសភា អ្នកជំនាញរបស់ World Bank បានផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវធ្វើអន្តរាគមន៍ ក្នុងការផ្គូរផ្គងរវាងជំនាញ និងការងារ ដើម្បីបង្កើតឱកាសដល់យុវជន សិស្សនិស្សិត និងភាគីម្ចាស់ក្រុមហ៊ុន។
«រដ្ឋាភិបាលត្រូវធ្វើការជិតស្និទ្ធជាមួយវិស័យឯកជន ហើយពិគ្រោះយោបល់ថា តើក្រុមហ៊ុនទាំងអស់នោះត្រូវការជំនាញអ្វី?»។ អ្នកជំនាញថ្លែងបែបនេះ។
បើតាមអ្នកជំនាញ កម្ពុជាជួបបញ្ហាដែលក្រុមហ៊ុនពិបាករកបុគ្គលិក ហើយបុគ្គលិកក៏ពិបាករកក្រុមហ៊ុន ដោយសារខ្វះប្រព័ន្ធផ្លូវការសម្រាប់ផ្គូរផ្គងថៅកែ និងនិយោជិត។ សព្វថ្ងៃ ទាំងសិស្សនិស្សិត និងអ្នកស្វែងរកការងារ ត្រូវរកព័ត៌មាន តាមរយៈបងប្អូន មិត្តភក្តជាដើម ដើម្បីដឹងថាខ្លួនគួររៀនជំនាញអ្វី ឬ មានទីផ្សារការងារអ្វីខ្លះ?
អ្នកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវសម្របសម្រួល ធ្វើយ៉ាងណាបង្កើតឲ្យមានមជ្ឈមណ្ឌល ឬប្រព័ន្ធផ្លូវការ សម្រាប់ផ្ដល់ភាពងាយស្រួលដល់យុវជន និងថៅកែ ជួបតម្រូវការរបស់ខ្លួន។
ការជួយឲ្យមានសហគ្រាសខ្នាតមធ្យមកាន់តែច្រើននៅកម្ពុជា ក៏នឹងជួយបង្កើតការងារយ៉ាងច្រើនផងដែរ។ អ្នកជំនាញរបស់ World Bank អះអាងថា កម្ពុជាសម្បូរអាជីវកម្មខាតតូចៗ និងមានក្រុមហ៊ុនធំៗមួយចំនួន តែខ្វះអាជីវកម្មខ្នាតមធ្យម (missing middle) ៕