សេដ្ឋកិច្ច
ជំពាក់បរទេសច្រើនម៉្លេះ! កម្ពុជាមានបំណុលបរទេសជាង១ម៉ឺនលានដុល្លារ គិតត្រឹមឆ្នាំ២០១៨
កម្ពុជាជាប់បំណុលបរទេសគិតត្រឹមចុងឆ្នាំ ២០១៨កើនដល់ជាង ១ម៉ឺន១ពាន់លានដុល្លារអាមេរិក ក្នុងនោះចិនជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា។
ក្នុងព្រឹត្តិបត្រស្ថិតិបំណុលកម្ពុជាចេញផ្សាយកាលពីម្សិលមិញ ក្រសួងសេដ្ឋកិច្ចឱ្យដឹងថាចាប់ពីឆ្នាំ១៩៩៣មកទំហំកម្ចីដែលមានសរុបជាង ១ម៉ឺនលានដុល្លារនេះ ភាគច្រើនផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានប្រមាណ៨៧ភាគរយនៃកម្ចីសរុប។
ក្រសួងក៏បានឱ្យដឹងផងដែរថាម្ចាស់បំណុលធំៗរបស់កម្ពុជារួមមានប្រទេសចិនគ្រប់គ្រងបំណុលប្រមាណជាង៤ពាន់៦រយលានដុល្លារអាមេរិក ធនាគារអភិវឌ្ឍន៍អាស៊ីគ្រប់គ្រងបំណុលប្រមាណ២ពាន់ ៦រយលានដុល្លារ ជប៉ុនជាង១ពាន់៣រយលានដុល្លារ និងធនាគារពិភពលោកជាង១ពាន់១រយលានដុល្លារ។
បើពិនិត្យលើព្រឹត្តិបត្រនោះក្នុងឆ្នាំ២០១៨ កម្ពុជាបានចុះហត្ថលេខាទទួលកម្ចីពីបរទេសដល់ទៅជិត២ពាន់លានដុល្លារ ខណៈសងត្រលប់ទៅបរទេសវិញបានត្រឹមតែជាង២រយលានដុល្លារប៉ុណ្ណោះ។
បើតាមក្រសួងសេដ្ឋកិច្ចគិតមកទល់នឹងពេលនេះ កម្ពុជាបានដកសាច់ប្រាក់មកប្រើប្រាស់បានជាង៧ពាន់លានដុល្លារ ខណៈនៅសល់បំណុលជាង៧ពាន់លានដុល្លារទៀតដែលនៅមិនទាន់សង៕