ព័ត៌មានជាតិ

ពលរដ្ឋរិះគន់ថាអធិការដ្ឋាននគរបាលស្រុកបាទី អសមត្ថភាពក្នុងការបង្ក្រាបទីតាំងភ្នាល់ល្បែងជល់មាន់ខុសច្បាប់តាមអនឡាញ របស់លោកតុល និងលោកសាក់ នៅក្នុងឃុំចំបក់

តាកែវ- ទីតាំងភ្នាល់ល្បែងជល់មាន់ខុសច្បាប់តាមអនឡាញមួយកន្លែងស្ថិតក្នុងភូមិតានប់ ឃុំចំបក់ បានបើកភ្នាល់ល្បែងឡើងវិញហើយ បន្ទាប់ពីអធិការដ្ឋាននគរស្រុកបាទីបានចុះមកបង្ក្រាប និងធ្វើកិច្ចសន្យាមិនឲ្យលេងល្បែងភ្នាល់ខុសច្បាប់ មិនបានមួយដង្ហើមចង្រិតផងនោះ ពេលនេះមានពលរដ្ឋក្នុងមូលដ្ឋានបានចូលទៅលេងភ្នាល់យ៉ាងគគ្រឹកគគ្រេង ហ៊ោរកញ្រៀវបែបអនាធិបតេយ្យ កាន់តែច្រើនជាងមុន បង្កឲ្យមានការប៉ះពាល់ដល់សិស្សសាលាបថមសិក្សា និងសិស្សសាលាអនុវិទ្យាល័យ ដែលនៅក្បែរនោះយ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិតានប់ ឃុំចំបក់រាយការណ៍ឲ្យដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្លាំងនគរបាលអធិការដ្ឋានស្រុកបាទី បានចុះបង្ក្រាបទីតាំងភ្នាល់ល្បែងជល់មាន់ខុសច្បាប់តាមអនឡាញរបស់ឈ្មោះ តុល និងឈ្មោះសាក់ ដោយបានធ្វើកិច្ចសន្យាមិនឲ្យមានការបើកភ្នាល់ល្បែងស៊ីសងជាបន្តឡើយ។ ប៉ុន្តែមិនបាន១សប្តាហ៍ផង លោកតុល បានបើកឲ្យពលរដ្ឋក្នុងមូលដ្ឋានចូលលេងភ្នាល់ល្បែងជល់មាន់តាមអនឡាញកាន់តែច្រើនជាងមុន និងភ្នាល់កាន់តែធំជាងមុនទៅទៀត។មកដល់ពេលនេះ ការបើកភ្នាល់ល្បែងជល់មាន់ខុសច្បាប់សារជាថ្មីរបស់លោកតុលឡើងវិញ មានរយៈពេលជិត១ខែហើយ ហើយក៏គ្មានឃើញមន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីនគរបាលអធិការដ្ឋានស្រុកបាទីចុះបង្ក្រាបដែរ។

ករណីបែបនេះត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិតានប់រិះគន់ថា លោក ឆាយ កែមុន្នី អធិការដ្ឋាននគរបាលស្រុកបាទីអសមត្ថភាព ឬក៏ទទួលផលប្រយោជន៍ក្រាស់ក្រែលហើយមើលទៅ? ទើបមិនបង្ក្រាប។ ពួកគាត់បន្ថែមឲ្យដឹងថា ទីតាំងជល់មាន់តាមអនឡាញរបស់លោកតុលក្នុងភូមិតានប់នេះ អាចបើកលេងភ្នាល់ល្បែងដោយសេរីបានដោយសារ មានឈ្មោះលោក សាក់ ជាអ្នករត់ការ ទាក់ទងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ តាំងពីមន្ត្រីថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្តតាកែវអស់ហើយ។

ពលរដ្ឋខាងលើបន្តថា ចាប់តាំងពីលោកតុលបើកឲ្យមានការភ្នាល់ល្បែងជល់មាន់តាមអនឡាញក្នុងភូមិតានប់ បានធ្វើឲ្យធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសម្លេងហ៊ោរកញ្ជ្រៀវ របស់ក្រុមអ្នកញៀនល្បែង ដល់សិស្សបថមសិក្សាដែលនៅទល់មុខទីតាំងនេះ និងបានអូសទាញសិស្សអនុវិទ្យាល័យចំបក់ដែលនៅក្បែរនោះឲ្យញៀនល្បែងជល់មាន់ ភ្លេចការសិក្សាផងដែរ។បន្ថែមលើនោះ អ្នកញៀនល្បែងក្នុងមូលដ្ឋានបានបង្កជម្លោះក្នុងគ្រួសារ ជាបន្តបន្ទាប់ ដោយអ្នកខ្លះលក់ម៉ូតូ គោ ក្របី ដីស្រែចំការ ដើម្បីយកលុយមកភ្នាល់ល្បែងក្នុងទីតាំងមួយនេះ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិតានប់ រិះគន់ថាទំនងលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីអសមត្ថភាពក្នុងការបំពេញតួនាទី និងភារកិច្ច ឬក៏បានទទួលផលប្រយោជន៍ក្រាស់ក្រែលពីទីតាំងភ្នាល់ល្បែងខុសច្បាប់ខាងលើនេះ ទើបមិនបង្ក្រាប? ពួកគាត់សំណូមពរដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ជាពិសេស លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត មេត្តាធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការបង្រ្កាបទីតាំងល្បែងជល់មាន់ខុសច្បាប់តាមអនឡាញ ដូចជម្រាបជូនខាងលើ ដើម្បីរក្សាបានគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

ទាក់ទងនឹងការរិះគន់ខាងលើ លោក ឆាយ កែវមុន្នី អធិការដ្ឋាននគរបាលស្រុកបាទី នៅរសៀលថ្ងៃចន្ទ ទី៥ ខែកញ្ញានេះ បានត្រឹមឆ្លើយឆ្លងតាមប្រព័ន្ធតេលេក្រាមយ៉ាងខ្លីថា”អរគុណ” ហើយក៏មិនដឹងលោកអធិការនឹងមានចំណាត់ការផ្លូវច្បាប់ឬយ៉ាងណានោះដែរមកដល់នឹងពេលនេះ៕

Close