ព័ត៌មានជាតិ

បទល្មើស​ទន្ទ្រាន​យក​ដី​រដ្ឋចំនួន​៣ទីតាំង ត្រូវបាន​រកឃើញនៅ​ស្រុក​ស្រែអំបិល ខណៈប្រជានេសាទថា វាជាផ្នែកតូចមួយនៃការកាប់បំផ្លាញព្រៃកោងកាងនៅក្នុងខេត្តកោះកុងតែប៉ុណ្ណោះ

កោះកុងៈ អាជ្ញាធរ​ខេត្តកោះកុង អះអាងថា ខ្លួន​បាន​រកឃើញ​បទល្មើស រំលោភ​ដី​រដ្ឋ ចំនួន ៣ ទីតាំង​ផ្សេងៗ​គ្នា នៅ​មូលដ្ឋាន​ស្រុកស្រែ​អំបិល​ក្រោយ​មានការ រាយការណ៍​ព័ត៌មាន ពី​ប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសារ ប៉ុន្តែប្រជានេសាទក្នុងខេត្តកោះកុង លើកឡើងថា ការរកឃើញនេះ វាជាផ្នែកតូចមួយនៃការកាប់បំផ្លាញព្រៃកោងលិចទឹក ពីក្រុមជនទុច្ចរឹតខិលខូចតែប៉ុណ្ណោះ។

​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសានេះ​ថា រូបលោក បានសហការ​ជាមួយ​តំណាង អយ្យការ​អម​សាលាដំបូង​ខេត្ត កងកម្លាំង​សមត្ថកិច្ច​ចម្រុះ និង​មន្ត្រី​ជំនាញ​បរិស្ថាន មន្ត្រីដែនដី ចុះ​ធ្វើដំណើរ តាមផ្លូវ​គោក​ផង និង​ផ្លូវទឹក​ផង ក្នុង​គោលបំណងដើម្បី​ពិនិត្យទិដ្ឋភាព​ជាក់ស្តែង លើ​បទល្មើស​ទន្ទ្រាន កាន់កាប់​ដី​រដ្ឋចំនួន៣ទីតាំង នៅ​ស្រុក​ស្រែអំបិល កាលពី​ថ្ងៃទី​៣ មេសាកន្លងទៅ​។

​បើតាម​លោក​អភិបាលរង ខេត្តកោះកុង អាជ្ញាធរ បាន​រកឃើញថា ពិតជា​មានការ​កាប់​ទ​ន្ទ្រា​ន យក​ដីព្រៃ​លិច​ទឹក និង​តំបន់​ការពារ​ធនធានធម្មជាតិ​ប្រាកដ​មែន​។ ដោយ​ទី​តាំងទី​១.​ស្ថិតនៅ ភូមិ​ជ្រោយ​ស្វាយ​ខាងលិច ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល​ដែល​ស្ថិតនៅ​តំបន់​ប្រើប្រាស់ ច្រើនយ៉ាង​ដង​ពែង​។ ទីតាំង​ទី​២. ដី​ស្ថិតនៅ​ឃុំ​ជ្រោយ​ស្វាយ (​តំបន់​សហគមន៍​ត្រពាំង​ព្រិះ​) និង​ទី​តាំងទី​៣.​នោះ គឺ​ដីព្រៃ​លិច​ទឹក​ស្ថិតនៅ​ភូមិ​ទឹក​ប៉ោ ឃុំ​បឹង​ព្រាវ ។​

​ក្រោយ​ពិនិត្យ និង​ចុច​និយាម​ការ​លក្ខណៈ​បច្ចេកទេស លើ​ទីតាំង​ដី​រដ្ឋ ដែល​រង​ការកាប់ ទន្ទ្រាន ធ្វើជា​សម្បត្តិ​ឯកជន​ទាំង ៣ ទីតាំង ខាងលើនេះ លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្ត ណែ​នាំឱ្យ​អាជ្ញាធរ​ដែនដី ស្រាវជ្រាវ​រកឱ្យឃើញ អ្នក​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​យក​ផ្តន្ទាទោស តាមច្បាប់ ព្រមទាំង​ធ្វើ​របាយការណ៍ លម្អិត​មួយ សុំ​ចំណាត់ការ​រដ្ឋបាល ពី​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​។

​លោក សុខ សុ​ទ្ធី ក្រើនរម្លឹក​ដល់​ប្រធាន​មន្ទីរ​បរិស្ថានដែនដី ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ពាក់ព័ន្ធ​ទាំងអស់ ចាំបាច់​បង្កើន​ការទប់ស្កាត់ តាមដាន​ត្រួតពិនិត្យ និង​ចាត់វិធានការ ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ ដោយ​ឈរលើ​ស្មារតី គោលការណ៍​ខុសច្បាប់ កុំ​ឲ្យ​កើតមានឡើង​បន្តទៀត​។​

​រីឯ​លោក អេង ច័ន្ទ​ភា​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកោះកុង បង្ហាញ​ការសន្និដ្ឋាន បឋម​ថា បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ចំនួន ៣ ទីតាំង​ខាងលើ រកឃើញ​កើតមាន ត្រង់ចំណុច​ទីតាំង​ទឹក​ប៉ោង ពិតជា​មានការ​ឈូសឆាយជាក់ស្តែងប្រមាណ​ជា៥ហិកតា ចូលក្នុង​តំបន់​ប្រើប្រាស់ ច្រើនយ៉ាង​ដង​ពែង​។​

​លោក​ព្រះរាជអាជ្ញារង កត់សម្គាល់​ដែរ​ថា ដោយឡែក ២ ទីតាំង​ផ្សេងទៀត​លោក​នៅ ពុំ​អាច​ទាន់ វាយតម្លៃ​បាន​នៅឡើយ​ទេ ពោលគឺ​រង់ចាំ​ខាង​រដ្ឋបាល​ស្រុក​ និង​មន្ត្រី​ការិយាល័យ ជំនាញ វាស់វែង ចុច​និយាម​ការ ចេញ​របាយការណ៍ បញ្ជូនមក​សិន ទើប​អាច​ចាត់វិធានការ តាម​នីតិវិធី​ច្បាប់ ទៅបាន​។

ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ជាពិសេសប្រជានេសាទ បានគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តកោះកុង ដែលបានចុះស្រាវជ្រាវ ដើម្បីដកហូតដីព្រៃកោងកាងលិចទឹក ទុកជាសម្បត្តិរដ្ឋវិញយ៉ាងដូច្នេះ។

ពលរដ្ឋបន្តថា ការរកឃើញខាងលើវាជាផ្នែកតូចមួយនៃការកាប់បំផ្លាញព្រៃលិចទឹកប៉ុណ្ណោះ ព្រោះនៅមានច្រើនករណីណាស់ពាក់ព័ន្ធនឹងការកាប់ព្រៃកោងកាងលិចទឹកនេះ ជាពិសេសគឺនៅក្នុងភូមិសាស្ត្រឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ចំណុចព្រែករូងលាតសន្ធឹងដល់ភ្នំអគ្គីនេត្រដែលដីព្រៃកោងកាងលិចទឹកប្រមាណជិត៣០០ហិកតា ត្រូវបានជនខិលខូច លួចកាប់បំផ្លាញកាលពីឆ្នាំមុន នឹងបានលក់ទៅឲ្យក្រុមឈ្មួញដី អ្នកមានលុយ មានអំណាចអស់ទៅហើយ ដែលចាំបាច់រដ្ឋបាលខេត្តត្រូវចុះទៅសិក្សាស្រាវជ្រាវជាបន្ទាន់ ដើម្បីដកហូតទុកជាសម្បត្តិរដ្ឋវិញផង៕

Close