ព័ត៌មានជាតិ
ចោរណាអីក៏ថ្លើមធំម៉្លេះ ហ៊ានលួចឈើគ្រញូងជា៤តោន និងឡានសុីទែន២គ្រឿង ចេញពីឃ្លាំងសាលាខេត្តឧត្តរមានជ័យ
ឧត្ដរមានជ័យ ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ មានការបែកធ្លាយមកថា ៖ ឈើគ្រញូងដែលបង្ក្រាបបានកាលពីឯកឧត្ដមសរថាវីនៅជាអភិបាលខេត្តឧត្ដរមានជ័យ ចំនួនពីរថយន្តស្ទែនយកទៅរក្សាទុកនៅឃ្លាំងសាលាខេត្តឧត្ដរមានជ័យ នៅពេលនេះល្បីថាបាត់បង់អស់ចំនួន៩៦ដុំ ស្មើនិង៤១២៧ គីឡូក្រាមស្មើនឹង៣.៤៣៩ម៉ែត្រគូប។
ប្រភពបានបង្ហើបអោយដឹងថា ៖ កាបែកធ្លាយបាត់បង់ឈើគ្រញូងរាប់តោននៅឃ្លាំងសាលាខេត្តឧត្ដរមានជ័យ នៅពេលដែលមានការផ្លាស់ប្ដូរទីតាំងរក្សាទុកកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ពីទីតាំងចាស់សាលាខេត្តទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ប្រភពបានបន្ដថា មិនត្រឹមតែបាត់បង់ឈើគ្រញូងជាងបួនតោនប៉ុណ្ណោះនោះទេ បូករួមទាំង មធ្យោបាយដឹកជញ្ជូនឈើគ្រញូងនោះទៀតផងគឺ ប្រភេទរថយន្តស៊ីទែន ចំនួនពីគ្រឿងក៏បានបាត់ខ្លួនឈឹងតាំងតែទើបបង្ក្រាបបានថ្មីៗ ពោលគឺចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ។
លោក វ៉ាតប៉ារ៉ានីន អភិបាលរងខេត្តឧត្ដរមានជ័យបានអោយដឹងថា ចំពោះការបាត់បង់វត្ថុតាងឈើគ្រញូងខាងលើ គឺច្បាប់ជាអ្នកចាត់ការព្រោះការបង្ក្រាបរក្សាទុក និងផ្ទៀងផ្ទាត់ផ្លាស់ប្ដូរទីតាំងសុទ្ធតែមានសាលក្រមរបស់តុលាការត្រឹមត្រូវ។
រហូតមកដល់ពេលនេះ ហាក់ដូចជាមានភាពស្ងប់ស្ងាត់ល្អ ក្នុងការបាត់បង់វត្ថុតាងឈើគ្រញូងដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងឃ្លាំងរក្សាទុកនៅក្នុងសាលាខេត្តឧត្ដរមានជ័យ បូករួមទាំងរថយន្តស៊ីទែនដែលជាមធ្យោបាយដឹកជញ្ជូនឈើគ្រញូងផង។
សង្ឃឹមថានឹងមានបុគ្គលណាម្នាក់ចេញមុខទទួលខុសត្រូវចំពោះបញ្ហានេះ៕