ព័ត៌មានជាតិ

បើជនជាតិចិននៅតែអាចប្រើអាវុធខុសច្បាប់បាន តើសន្តិសុខក្នុងសង្គមកម្ពុជានឹងទៅជាយ៉ាងណា?

ជាងមួយឆ្នាំកន្លងទៅនេះ ជនជាតិចិនត្រូវគេអះអាងថា បានបោះទុន វិនិយោគច្រើនជាងគេនៅកម្ពុជា ហើយទន្ទឹមនោះដែរលំហូរនៃជនជាតិ ចិនចូលមកកម្ពុជាដើម្បីបម្រើការងារផ្សេងៗ ក្នុងមួយឆ្នាំៗរាប់មុឺននាក់ និងកំពុងជាប់ចំណាត់ថ្នាក់នាំមុខគេ ខាងបង្កអសន្តិសុខក្នុងប្រទេស កម្ពុជាផងដែរ។

​ជាក់ស្តែង កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​ចិន​បាញ់សម្លាប់​ចិន​គ្នាឯង នៅក្នុង​ឡាន Highlander ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2X-3970 ហើយរុញទម្លាក់សពនៅកណ្តាលផ្លូវដោយគ្មានរអែងច្បាប់ ខណៈដែល​ចរាចរណ៍កំពុង​ចង្អៀត​ណែន នាកណ្តាលថ្ងៃត្រង់តែម្តង។ ហេតុការណ៍​នោះបានកើត​ឡើង នៅមុខ​សណ្ឋាគារ​ខ្សាច់​ស ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ក្រោយ​ហេតុការណ៍​ភ្លាមៗ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បានប្រាប់កាសែតក្នុងស្រុកថា បុរស​ជនសង្ស័យ​ចំនួន ២​នាក់ ជា​ជន​ជាតិចិន ត្រូវបាន​ឃាត់ខ្លួន ហើយ​សមត្ថកិច្ច កំពុង​តាមរក​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។ ប៉ុន្តែ​ចំពោះ​មូលហេតុ​នៃ​ការបាញ់សម្លាប់​បុរស​ជនជាតិ​ចិន​នោះ សមត្ថកិច្ចមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។

ករណី​ជនជាតិ​ចិនមាន​កាំភ្លើងបាញ់សម្លាប់​គ្នា និង​បង្ក​អំពើហិង្សានៅ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចិន​ចូលមក​រកស៊ី និង​រស់នៅ​ច្រើន​នោះ គឺ​បានកើត​ឡើងជា​ញយ​ដង​រួចមកហើយ​។ ករណីនេះ នាំ​ឲ្យ​មានការ​ចោទសួរ​ថា តើ​ចិន​ទាំងនោះ បាន​កាំភ្លើងមកពីណា​? ហើយ​អង្គភាព​ណាផ្តល់​ឲ្យ​? តើ​មាន​លិខិតអនុញ្ញាត​ឬអត់​? ​​ឬជាអាវុធខុសច្បាប់​? ករណីនេះគប្បី​ត្រូវ​ស្រាវ​ជ្រាវ​ឲ្យបានល្អិតល្អន់។

​យ៉ាងណាក៏ដោយ គឺជារឿងមិនត្រឹមត្រូវទាល់តែសោះ ដែលសមត្ថកិច្ច ហាក់បណ្តែតបណ្តោយឲ្យអ្នកទេសចរ ឬ​អ្នករកស៊ីជា​ជនបរទេស ពិសេស​ចិនមាន​កាំភ្លើង ហើយ​បើទោះបីជា​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ណាក៏ដោយ ដែល​ចេញ​លិខិតអនុញ្ញាត​ច្បាប់ ឲ្យ​ចិន​មាន​សិទ្ធិ​កាន់​កាំភ្លើង​នោះ គួរតែមាន​ស្មារតី​សន្តិសុខ​និយម ជាតិនិយម ឬ​កម្ពុជា​និយម​ផង។

​ដូច្នេះ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​យើង គួរត្រូវ​គិត​វែងឆ្ងាយ មិនគួរមានបុគ្គលណាមួយ ហ៊ានឲ្យអាជ្ញាប័ណ្ណប្រើប្រាស់កាំភ្លើង ទៅ​ទៅឲ្យជនជាតិចិនទាំងអស់នោះទេ ពីព្រោះ​ជនជាតិ​ចិន ជាទូទៅមាន​ច​រិ​ត ឆេវឆាវកោងកាចណាស់ ហើយ​នៅពេល​មាន​បញ្ហា​ដូចនេះ នាំ​ឲ្យ​ខូច​មុខមាត់​ប្រទេសជាតិ ហើយ​បង្ក​ជា​សំណួរ​មួយ​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជាថា​ ម៉េចបានជាវាទៅអីចឹង? ហេតុអ្វី​បានជា​ចិន នៅ​កំពង់សោម មានកាំភ្លើងប្រើប្រាស់?

​ចាប់ពី​ពេល​តទៅ កងកម្លាំងប្រដាប់អាវុធ ពិសេស​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ច្បាស់ជាត្រូវធ្វើ​ការងារ​ធ្ងន់​ជាង​មុន ដោយ​សហការ​ជាមួយ​ក្រុមការងារ​ពិសេស​របស់​ក្រសួង​មហាផ្ទៃ ដែល​បញ្ជូនទៅ​ពី​ភ្នំពេញ ដើម្បី​អនុវត្ត​ច្បាប់​តឹងរឹងជាងមុន ពិសេស​លើ​ជនជាតិ​ចិន​។

​ករណី​ចិន​មាន​កាំភ្លើង បាញ់សម្លាប់​មនុស្ស និង​បង្កជម្លោះ​ក្នុងចំណោម​ជនជាតិ​ចិន​គ្នាឯងគឺជា​អាទិភាព មុននឹង​ឈានដល់​ការបង្កើន​កិច្ចការពារសន្តិសុខ ពិសេស​បង្កាករណីចាប់ជម្រិត ដែល​នឹង​អាច​កើតមាន​ជាយ​ហេតុ​រវាង​ចិន និង​ចិន​ផង ឬក៏អាចជនជាតិចិនខិល ខូចមួយចំនួនទៅថ្ងៃខាងមុខ ដែលពួគេមាន​កាំភ្លើង អាច​នឹងធ្វើ​សកម្មភាព បង្កអសន្តិសុខណាមួយដល់ពលរដ្ឋខ្មែរក៏អាចថាបាន បើសិនជាអាជ្ញាធរ​សមត្ថកិច្ច នៅតែបណ្តែតបណ្តោយបែបនេះ ឬដោយសារតែចង់បានលុយចិនខ្លាំងពេកនោះ?​ ៕

Close