ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង៣០នាក់ ក្នុងពេលបង្ក្រាបទីតាំងសង្ស័យលួចថតរឿងអាសអាភាស
ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យជាង ៣០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីសង្ស័យលួចលាក់ថតភាពយន្តអាសអាភាស នៅអគារស្នាក់នៅមួយកន្លែងក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៤តុលា ឆ្នាំ២០២៣។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលក្នុងស្រុកមួយ នៅថ្ងៃទី២៥ តុលានេះ។
យ៉ាងណាក៏ដោយលោក ឆាយ គឹមខឿន មិនទាន់អាចបញ្ជាក់អត្តសញ្ញាណជនសង្ស័យនៅឡើយ ដោយរង់ចាំការសាកសួរចម្លើយ និងការស្រាវជ្រាវបន្ថែមពីសមត្ថកិច្ចជំនាញសិន។
«ជនសង្ស័យជាង៣០នាក់ មិនទាន់បែងចែក(ជនជាតិ)នៅឡើយទេ ទាល់តែយើងសួរឱ្យអស់សិន។ មនុស្សជាង៣០នាក់នេះ ត្រូវតែសួរឱ្យច្បាស់លាស់ តើជនជាតិចិន វៀតណាម ខ្មែរ ឬយ៉ាងណា?រឿងហ្នឹងទុកឱ្យសមត្ថកិច្ច(ជំនាញ) ធ្វើការសិន»។ លោក ឆាយ គឹមខឿន បញ្ជាក់ដូច្នេះមុននឹងសង្កត់ធ្ងន់ថា បើសមត្ថកិច្ចរកឃើញថាពួកគេពិតជាបានប្រព្រឹត្តបទល្មើសដូចការសង្ស័យនោះមែន ជនសង្ស័យ នឹងបញ្ជូនពួកគេឱ្យតុលាការកាត់ទោសតាមច្បាប់។
សូមជម្រាបថា ការបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលួចលាក់ថតភាពយន្តអាសអាភាសនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញនៃនាយករដ្ឋប្រឆាំងបទល្មើសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្តឹងពីស្ត្រីខ្មែរ២រូប ដែលអះអាងថាខ្លួនជាជនរងគ្រោះនៅក្នុងករណីនេះ។
ជុំវិញការបង្ក្រាបករណីនេះដែរ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា គឺជាការអនុវត្តទិសដៅ២ ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ នោះគឺការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅផង និងបទល្មើសក្នុងរង្វង់អំពើជួញដូរមនុស្សផង។ អ្នកនាំពាក្យក្រសួងមហាផ្ទៃដដែល ឱ្យដឹងទៀតថា ទិសដៅបង្រ្កាប និងទប់ស្កាត់ ៤ទៀតរបស់ក្រសួងមហាផ្ទៃ រួមមាន បញ្ហាគ្រឿងញៀន ចរាចរណ៍ ការគ្រប់គ្រងក្រុមក្មេងទំនើង និងបញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង៕(ប្រភពទាំងស្រុងពីថ្មីៗ)