សង្គម

មន្ត្រីជំនាញចាប់គ្រឿងចក្រ២គ្រឿងកំពុងធ្វើសកម្មភាពឈូសដីព្រៃ ខណៈម្ចាស់ដីថាមានដីមានប្លង់ត្រឹមត្រូវ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ

ខេត្តសៀមរាប៖ការឈូសឆាយដីព្រៃជាច្រើនហិកតានៅក្នុងភូមិសាស្រ្តស្រុកស្វាយលើ មានការសង្ស័យថា ករណីនេះមានការឃុបឃិតគ្នាជាប្រព័ន្ធ បើទោះបីជាម្ចាសដីអះអាងថាខ្លួនមានប្លង់ដីត្រឹមត្រូវក៏ដោយ។

ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងឈូសឆាយដីព្រៃ ស្ថិតនៅ(ខាងក្រោយស្នាក់ការ បរិស្ថាន អូរថ្មដាប់) ក្នុងស្រុកស្វាយលើខេត្តសៀមរាប។

ទោះជាយ៉ាងណាពាក់ព័ន្ធករណីឈូសឆាយដីព្រៃនេះ អាជ្ញាធរស្រុកស្វាយលើ បានចាប់អេស្កាចំនួន២គ្រឿងដែលកំពុងធ្វើសកម្មភាព
ឈូសឆាយព្រៃជាក់ស្ដែង។

ការចាប់គ្រឿងចក្រចំនួន២គ្រឿងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍បន្តថា ការឈូសឆាយនេះធ្វើឡើងជិត១សប្តាហ៍មកហើយ ដោយអស់ផ្ទៃដីព្រៃជាច្រើនហិកតា។ ក្នុងនោះបណ្ដាលឲ្យខូចខាតមានដូចជា ដើមឈើធ្នង់ និងដើមឈើលេខ២ជាច្រើនដើមត្រូវបានផ្តួលរលំ ហើយថ្មភក់ជាច្រើនផ្ទាំងត្រូវបានគេឈូសចោល។

ប្រភពបានបន្តថា ថៅកែដែលឲ្យគ្រឿងចក្រឈូសឆាយដីព្រៃខាងលើ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ លោក ម៉ែន វុទ្ធី បានប្រាប់អ្នកសារព័ត៌មានថា ករណីនេះ ក្រុមសមត្ថកិច្ច បានចុះពិនិត្យទីតាំងខាងលើ និងដកហូតយកអេស្កា ចំនួន២គ្រឿងយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ រង់ចាំចំណាត់ការបន្តទៀត។លោកថា ខាងលោកកំពុងនៅរង់ចាំម្ចាស់ដីយកប្លង់ដីដែលគេអះអាងថា មានប្លង់ត្រឹមត្រូវដើម្បីពិនិត្យ។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម សុទ្ធតែបានជូនដំណឹងដល់រដ្ឋបាលខេត្តក្រុង មិនអនុញ្ញាតឲ្យរដ្ឋបាលឃុំសង្កាត់ ចុះហត្ថលេខាទទួលស្គាល់លើលិខិតទិញលក់ដីព្រៃដែលគ្រប់គ្រងរដ្ឋ និងបានស្នើឲ្យមោឃភាពលើលិខិតកាន់កាប់ដីធ្លីទាំងណាដែលពាក់ព័ន្ធនឹងដីរដ្ឋថែមទៀត។ ប៉ុន្តែការអនុវត្តច្បាប់ហាក់មិនទាន់មានប្រសិទ្ធភាពជាដុំកំភួននៅឡើយទេ ដោយសារដីព្រៃគ្រប់គ្រងដោយរដ្ឋជាច្រើនកន្លែងនៅទូទាំងប្រទេស ត្រូវបានមន្ត្រីថ្នាក់មូលដ្ឋាន ខិលខូចពុករលួយ ជាមួយអ្នកមានលុយមានអំណាច បន្តទទួលស្គាល់លើលិខិតទិញលក់ខុសច្បាប់ និងបានឃុបឃិតគ្នា រៀបឯកសារក្លែងបន្លំយកដីព្រៃរបស់រដ្ឋ ថាជាដីកាន់កាប់អាស្រ័យផលស្របច្បាប់ទៅវិញ។

Close