សង្គម

ឯកឧត្តម វុី សំណាង! រោងចក្រ សហគ្រាសនៅមីយ៉ាន់ម៉ាមួយចំនួនផ្លាស់ប្តូរទីតាំងមកកាន់ខេត្តកំពង់ស្ពឺ

ស្របពេលដែលមានវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា រោងចក្រ សហគ្រាសយ៉ាងតិចចំនួន ២០ បានផ្លាស់ប្តូរទីតាំងមកកាន់ខេត្តកំពង់ស្ពឺ នៃប្រទេសកម្ពុជា។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងថាក្រុមហ៊ុនចំនួន ២០ បានផ្លាស់ប្តូរ​ទីតាំង​ដំណើរការ​អាជីវកម្មពីប្រទេសមីយ៉ាន់ម៉ា ហើយបាននិងកំពុងស្វែងរកឱកាសវិនិយោគផ្សេងៗ។

ឯកឧត្តមបន្តថា ក្រុមហ៊ុនមួយចំនួនបានសម្រេចចិត្តជួលដី ខណៈដែលក្រុមហ៊ុនផ្សេងទៀតកំពុងស្វែងរកទីតាំងសមរម្យដើម្បីវិនិយោគផងដែរ។ ក្រុមហ៊ុនភាគច្រើនដែលសម្រេចចិត្តវិនិយោគនៅកម្ពុជាគឺទាក់ទងទៅនឹងការផលិតសម្លៀកបំពាក់ កាបូប និងស្បែកជើង។

គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ២ ហើយដែលបានជួលរោងចក្រដើម្បីដំណើរការ ខណៈក្រុមហ៊ុនខ្លះមានដីសម្រាប់វិនិយោគ ហើយខ្លះទៀតកំពុងស្វែងរកទីតាំង។

ឯកឧត្តម វ៉ី សំណាង បានបន្ថែមទៀងថា ខេត្តកំពង់ស្ពឺមានមោទនភាពក្នុងការទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើន ខណៈដែលវិនិយោគិនមកពីប្រទេសចិនក៏កំពុងបង្កើតប្រតិបត្តិការនៅទីនោះផងដែរ។

ឯកឧត្តមឲ្យដឹងដែរថាសហគ្រាសចំនួន ៤ បានបើកប្រតិបត្តិការរួចហើយ ខណៈក្រុមហ៊ុនខ្លះកំពុងស្វែងរកពេលវេលាសមស្របមួយ មកសិក្សាពីទិដ្ឋភាពជាក់លាក់ ដើម្បីវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបានរំពឹងថានឹងកើតមានឡើងនៅពេលស្ថានភាពនៃវីរុសកូវីដ-១៩ មានភាពប្រសើរឡើងឆាប់ៗនេះ៕

Close