សង្គម

ក្រសួងកិច្ចការនារី ចេញមុខជួយគាំទ្រផ្នែកច្បាប់ និងប្រឹក្សាយោបល់ផ្លូវចិត្តដល់កញ្ញា មាន ពេជ្ររីតា

លោក ផុន ពុធបូរី ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បានអះអាងថា ក្រុមការងារក្រសួងបានស្នើទៅខាងអគ្គស្នងការនគរបាលជាតិហើយ ឲ្យជួយស៊ើបអង្កេតបន្ថែមជុំវិញករណីរបស់កញ្ញា ពេជ្ររីតា។ លោក ពុធបូរី បានសង្កត់ធ្ងន់ថា ក្រសួងនឹងផ្ដល់ជួយគាំទ្រនីតិវិធីផ្លូវច្បាប់នៅតុលាការទៀតផង។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ពុធបូរី ថ្លែងយ៉ាងដូច្នេះថា៖ «កាលពីព្រឹកមិញយើងបានធ្វើជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីស្នើកិច្ចសហការឲ្យមានការស៊ើបអង្កេតបឋមស្រាវជ្រាវករណីហ្នឹង ដោយសារមានពាក្យបណ្ដឹងពីរ ព្រោះឧកញ៉ា ហេង សៀ បានបណ្ដឹងនារីរងគ្រោះ…ហើយពាក្យបណ្ដឹងនារីរងគ្រោះគឺប្ដឹងតទល់នឹងឧកញ៉ា! យើងមិនទាន់ដឹងរឿងពិតឬមិនពិតយ៉ាងនោះទេ។ ក្រុមការងារកំពុងទាក់ទងទៅគ្រួសារជនរងគ្រោះដើម្បីសាកសួរហើយផ្ដល់ប្រឹក្សាយោបល់ទាំងផ្លូវចិត្តនិងផ្លូវច្បាប់ដើម្បីឲ្យជនរងគ្រោះមានភាពនឹងនរឡើងវិញ»។

ចំណែកក្រុមមេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាល ក៏កំពុងចេញសិក្សាស្រាវជ្រាវលើករណីកញ្ញា មាន ពេជ្ររីតា និងលោកឧកញ៉ា ហេង សៀ នេះដែរ។ នេះបើតាមការចុះផ្សាយរបស់ហ្រ្វេសញូវ។

ជុំវិញករណីនេះ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានប្តឹងលោកឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» នៅក្នុងរថយន្ត ដោយមានស្ថានទម្ងន់ទោស។ ក្នុងពាក្យបណ្ដឹងនេះ កញ្ញា ពេជ្ររីតា ក៏ទាមទារសំណងជំងឺចិត្ត ចំនួន១០ម៉ឺនដុល្លា និងទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ ទៀតផង។

ក្នុងលិខិតបណ្ដឹងនោះ ពិធីការិនីទូរទស្សន៍ My TVរូបនេះ ក៏បានរៀបរាប់លម្អិតពីដំណើរដើមទងនៃការស្គាល់គ្នាជាមួយឧកញ៉ា ហេង សៀ រហូតដល់មានការប្ដឹងផ្ដល់ពីបទ«ប៉ុនប៉ងរំលោភសេពសន្ថវៈ»នេះ។ ការប្ដឹងប្តល់តបតរបស់កញ្ញា ពេជ្ររីតា វិញនេះ ធ្វើឡើងក្រោយពីលោកឧកញ៉ា ហេង សៀ បានចោទកញ្ញាថា បានលួចទូរស័ព្ទ និងប៉ងចាក់សម្លាប់ខ្លួន៕

Close