សង្គម

កោះម៉ាល់ឌីវដ៏តូចមួយនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង១,០០០នាក់ក្នុង១ថ្ងៃ

ប្រព័ន្ធផ្សព្វផ្សាយម៉ាល់ឌីវបានរាយការណ៍នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១នេះថា អត្រាឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសដីកោះនៃមហាសមុទ្រឥណ្ឌាមួយនេះ បានកើនឡើងដល់ជាង ១,០០០នាក់ហើយ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ខណៈចំនួនប្រជាជនសរុបនៅម៉ាល់ឌីវមានតែជាង ៥៤០,០០០នាក់ប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ ដោយសារព័ត៌មានចិនស៉ីនហួរ។

ទិន្នន័យរបស់ HPA បានបង្ហាញថា ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,០៩១ករណីត្រូវបានរកឃើញកាលពី ២៤ម៉ោងកន្លងទៅនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៥,៨១៥ករណី ក្នុងនោះមានអ្នកស្លាប់ ៨៤នាក់ និងអ្នកជាសះស្បើយ ២៦,២៩៩នាក់។

គួរបញ្ជាក់ថា ប្រជុំកោះម៉ាល់ឌីវកំពុងតែប្រឈមនឹងរលកទី ៤ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវ និងបានបំប្លែងខ្លួនជាវីរុសកាន់តែសាហាវជាបន្តបន្ទាប់។ ករណីឆ្លងប្រចាំថ្ងៃជាមធ្យមមានតែជាង ៧០០ករណីប៉ុណ្ណោះកាលពីសប្តាហ៍មុន ប៉ុន្តែវាបានកើនឡើងដល់ជាង ១,០០០ករណីនៅដើមសប្ដាហ៍នេះ៕

Close