សង្គម

ចិន សាកល្បងវ៉ាក់សាំងការពារកូវីដ បាញ់ចូលតាមច្រមុះ ដែលមានប្រសិទ្ធភាពខ្លាំងជាងថ្នាំចាក់

នៅសប្តាហ៍ក្រោយ ក្រុមហ៊ុន CanSino Biologics របស់ប្រទេសចិន នឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលវ៉ាក់សាំងនេះជាប្រភេទថ្នាំបាញ់ចូលតាមច្រមុះ។ នេះបើតាមការបញ្ជាក់ប្រាប់ CNBC កាលពីថ្ងៃអាទិត្យដោយសហស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនលោក Xuefeng Yu។

លោក Yu បានប្រាប់ CNBC ថា វ៉ាក់សាំងដែលបាញ់ចូលតាមច្រមុះ អាចមានប្រសិទ្ធភាពខ្លាំងជាងថ្នាំចាក់ព្រោះថា វីរុសកូវីដ-១៩ បានឆ្លងចូលក្នុងខ្លួនមនុស្សតាមរយៈផ្លូវដង្ហើម។

ក្រុមហ៊ុន CanSinoBIO កំពុងអភិវឌ្ឍវ៉ាក់សាំងបាញ់ចូលតាមច្រមុះ រួមគ្នាជាមួយវិទ្យាស្ថានជីវបច្ចេកវិទ្យាទីក្រុងប៉េកាំង។ វ៉ាក់សាំងវ៉ិចទ័រ Adenovirus ប្រភេទ ៥ (Adenovirus Type 5 Vector) ឬ Ad5-nCoV របស់ក្រុមហ៊ុននេះ គឺត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសចិន និងប្រទេសមួយចំនួនទៀតរួចទៅហើយ។

ថ្លែងទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ CNBC លោក Arjun Kharpal នៅវេទិកា Boao សម្រាប់អាស៊ីក្នុងខេត្តហៃណាន ប្រទេសចិន, លោក Yu បានពន្យល់ថា តាមទ្រឹស្តី វ៉ាក់សាំងដែលបាញ់ចូលតាមច្រមុះ អាចផ្តល់ការការពារកាន់តែខ្លាំង ដោយសារតែការបញ្ចេញអង់ទីគ័រឬកោសិកា T នៅតាមផ្លូវដង្ហើម។

លោក Yu បានបន្ថែមថា ប្រសិនបើស្រទាប់ការពារនោះបរាជ័យ ហើយមេរោគចូលកាន់តែជ្រៅទៅក្នុងខ្លួន នោះផ្នែកផ្សេងទៀតនៃប្រព័ន្ធភាពស៊ាំ នៅតែអាចប្រឆាំងនឹងវីរុសកូវីដ-១៩បាន។

នាយកប្រតិបត្តិរូបនេះបាននិយាយថា ក្រុមហ៊ុនក៏បានប្រើគំនិតដូចគ្នានេះ ដើម្បីបង្កើតវ៉ាក់សាំងបាញ់ចូលតាមច្រមុះសម្រាប់ជំងឺរបេងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ យើងរង់ចាំមើលទាំងអស់គ្នាថាតើ ការសាកល្បងវ៉ាក់សាំងកូវីដបាញ់ចូលតាមច្រមុះនេះ ទទួលបានជោគជ័យដែរឬក៏អត់៕

Close