សង្គម

ផ្អាកដំណើរការផ្សារដើមគ និងផ្សារបន្លែជុំវិញ ក្រោយអាជីវករ និងសន្តិសុខប្រមាណ១០០នាក់ឆ្លងកូវីដ-១៩

18, Apr 2021 ,  12:03 am        
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៧ ខែមេសា នេះ បានចេញសេចក្តីជូនដំណឹងស្តពីការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

ការផ្អាកនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារ បន្ទាប់មានអាជីវករ និងកម្លាងសន្តិសុខផ្សារប្រមាណ១០០នាក់ឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកអភិបាលរាជធានី បានបញ្ជាក់ថា ស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការទប់ស្កាត់។ លោកបានអំពាវនាវដល់អ្នកដែលប៉ះពាល់អ្នកជំងឺ និងអ្នកដែលបានចូលផ្សារគិតចាប់ពីថ្ងៃទី៥ ខែមេសា ត្រូវរួសរាន់យកសំណាកទៅធ្វើតេស្ត និងអនុវត្តវិធានចត្តាឡីស័ក៕

Close