សង្គម

WHO! យើងមកដល់មាត់ជ្រោះនៃសោកនាដកម្មហើយ សូមនៅផ្ទះ!

អង្គការសុខភាពពិភពលោក (WHO) បានថ្លែងសារព្រមានអំពីគ្រោះមហន្តរាយដែលនឹងអាចកើតឡើងនៅកម្ពុជាដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នៅពេលនេះ។ WHO យល់ស្របតាមរដ្ឋាភិបាលកម្ពុជាដែលអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួននៅផ្ទះក្នុងអំឡុងពេលចូលឆ្នាំ និងក្នុងដំណាក់កាលនៃការអនុវត្តវិធានការរបស់អាជ្ញាធរ។

ការផ្ទុះឡើងយ៉ាងគំហុកនៃករណីវិជ្ជមានអ្នក ជំងឺកូវីដ-១៩ បានជំរុញឱ្យតំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា ព្រមានអំពីសោកនាដកម្មដែលកម្ពុជានឹងអាចជួបប្រទះ បើសិនជាប្រជាជនកម្ពុជា មិននៅផ្ទះក្នុងអំឡុង ពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។
 
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១០ខែមេសានេះ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានថ្លែងថា កម្ពុជាកំពុងតែប្រឈមនឹងការលំបាកក្នុងការគ្រប់គ្រងវីរុសកូរ៉ូណាប្រភេទថ្មី និងវីរុសប្លែងខ្លួនថែមទៀតផង។ លោកស្រីអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមចំណែកជាមួយរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលដែលលោកស្រីមើលឃើញថា «អាក្រក់ដែលពុំធ្លាប់មានពីមុនមក»។

តំណាងអង្គការសុខភាពពិភពលោកបានពន្យល់យ៉ាងដូច្នេះថា៖« យើងឈរនៅមាត់ជ្រោះនៃសោកនាដកម្មមួយនៅក្នុងប្រទេស ដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ បើយើងមិនបញ្ឈប់ការផ្ទុះរាតត្បាតឥឡូវនេះទេ ប្រព័ន្ធសុខាភិបាលក្នុងប្រទេសយើងនឹងប្រឈមបន្ទុកធ្ងន់ធ្ងរ ដែលនឹងមានផលវិបាកមហន្តរាយធំ។ ពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួន អំឡុងពេលចូលឆ្នាំខ្មែរដើម្បីការពារគ្រួសារ សហគមន៍ និងប្រទេស ជាតិរបស់ខ្លួន»។

សម្រាប់អ្នកតំណាងអង្គការសុខភាពពិភព លោក ក្នុងរយៈពីរសប្តាហ៍កន្លងមកនេះ មេរោគបានឆ្លងរាតត្បាតស្ទើរគ្រប់ទីកន្លែងទៅហើយ នៅតាមភោជនីយដ្ឋាន ផ្សារ អាជីវកម្មតូចៗ និងនៅតាមទីកន្លែងដែលមានការជួបជុំ និងកម្សាន្តជាលក្ខណៈឯកជន។ 
 
លោកស្រី លី អៃឡែន បានទទូចយ៉ាងដូច្នេះថា៖«សូមប្រារព្ធពិធីចូលឆ្នាំនៅផ្ទះ! សូមនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា! ការលះបង់ដ៏សំខាន់មួយ ដែលយើងធ្វើឥឡូវនេះនឹងជួយឱ្យយើងចៀសផុត នូវគ្រោះមហន្តរាយក្នុងប្រទេសទាំងមូល នៅពេលខាងមុខ»។
 
លោកស្រីវេជ្ជបណ្ឌិត ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា បានបន្តព្រមាន ដល់អ្នកដែលបានទទួលការចាក់វ៉ាក់សាំងរួចហើយក៏ដោយ ថាពួកគេ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ព្រោះពួកគេក៏នៅតែអាចឆ្លងមេរោគ និងជាអ្នកចម្លងបន្តផងដែរ។ ហើយថានៅពេលនេះ វត្តមានមេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ធ្វើឱ្យងាយឆ្លងលឿន ហើយបណ្តាលឱ្យឈឺធ្ងន់ធ្ងរ ហើយមិនចេញរោគសញ្ញាឡើយ។

តំណាងអង្គការសុខភាពពិភពលោក បានថ្លែងដោយមិនអល់អែកថា កម្ពុជាកំពុងឈរនៅផ្លូវបំបែកហើយ។ «អ្វីដែលយើងទាំងអស់គ្នាធ្វើនៅប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ នឹងកំណត់អនាគតរបស់យើង»។ នេះជាការអះអាងរបស់លោកស្រី អៃឡែន។ ទន្ទឹមគ្នានេះ អង្គការសុខភាពពិភពលោក បានស្ងើចសរសើររដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញវិធានការនានា ជាបន្តបន្ទាប់ សំដៅគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺសាកលនេះ៕(ប្រភពពីថ្មីៗ)

Close