សង្គម

សម្តេចតេជោ ហ៊ុន សែន កំណត់ផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបាន១លានដូស ក្នុងមួយខែ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានប្រមាណ ១លានដូសក្នុងរយៈពេលមួយខែ។

ផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់តាមសារសំឡេងមួយនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងត្រូវខិតខំចាក់ក្នុងកម្រិត១លាននាក់ក្នុងមួយខែ។ ប្រសិនបើវ៉ាក់សាំងមកច្រើនជាងនេះ យើងអាចចាក់លើសពីនេះ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីរការរៀបចំ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះផងដែរ។ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ សម្តេចនឹងបញ្ជូនក្រុមគ្រូពេទ្យពីថ្នាក់ជាតិ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមផង ចុះជួយអន្តរាគមន៍ និងជួយការចាក់នៅតាមបណ្តាខេត្ត។

សម្តេចតេជោ ក៏បានណែនាំឱ្យខេត្តនីមួយៗរកគ្រូពេទ្យដែលមិនជាប់ភារកិច្ចរឿងព្យាបាលជំងឺទូទៅ ក៏ដូចជាគ្រូពេទ្យស្ម័គ្រចិត្តនៅតាមពេទ្យឯកជននានា មកហ្វឹកហាត់ ដើម្បីជួយការងារចាក់វ៉ាក់សាំងនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អភិបាលខេត្តទាំងអស់ ឱ្យរ៉ាប់រងការស្នាក់នៅរបស់គ្រូពេទ្យ ដោយស្វែងរកកិច្ចសហការជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ជាដើម។ ដោយឡែកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ទទួលបន្ទុកចំណាយលើការធ្វើដំណើរ និងហូបចុក។

សូមបញ្ជាក់ការប្រកាសដាក់ចេញផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩នេះ បានធ្វើឡើងក្រោយពេលកម្ពុជា ទិញបានវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ១.៥លានដូស ដែលដឹកនាំមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។ នៅថ្ងៃទី៣១ ខែមីនា កម្ពុជា នឹងទទួលវ៉ាក់សាំងស៊ីណូហ្វាម ៧០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន៕

Close