ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក យឿង សុខុន ប្រើអំណាចកាត់យកដីសាលាពលទាហានទី៣ ប្រមាណ១៦ ហិចតា ចែកគ្នាធ្វើកម្មសិទ្ធិ ហេតុអ្វីក្រសួងការពារជាតិមិនដឹង?

កំពង់ស្ពឺ: ដីសាលាពលទាហានទី៣ ទំហំប្រមាណជា១៦ហិចតា ស្ថិតនៅភូមិទី១(ដីអំបិល) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រូវបានបុគ្គលមានអំណាចជាមេបញ្ជាការយោធភូមិ ភាគ៣ គឺលោកឧត្តមសេនីយ៍ឯក យឿង សុខុន និងមន្ត្រីកងទ័ពមួចំនួនទៀត ធ្វើឯកសារកាត់ចេញពីបញ្ជីសារពើភ័ណ្ឌដីក្រសួងការពារ ជាតិ យកធ្វើកម្មសិទ្ធិយ៉ាងស្ងាត់កំបាំង នេះបើតាមឯកសារបែកធ្លាយដែលអង្គភាពព័ត៌មាន ទើបទទួលបាន។

មន្ត្រីកងទ័ពមួយរូបដែលបម្រើការនៅក្នុងសាលាពលទាហានទី៣សុំមិនបញ្ចេញឈ្មោះ បានលួចទំលាយព័ត៌មានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដីសាលាប្រមាណជា១៦ហិចតា ត្រូវបានគេលួចកាត់ចេញពីប្លង់ដើម យកទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនអស់ទៅ ហើយក្រោយពេលលោកឧត្តមសេនីយ៍ឯក យឿង សុខុន មកកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ៣ ជំនួសអតីតមេបញ្ជាការចាស់គឺលោក កែវ សាមួន។ មន្ត្រីកងទ័ពដដែលរូបនេះបន្តថា កាលពីជំនាន់អតីតឧត្តមសេនីយ៍ទោ កែវ សាមួន ជាមេបញ្ជាការភូមិភាគ៣ ដីសាលាពលទាហានទី៣ មានទំហំសរុប ៥៨៨ ២៨៨ ម៉ត្រការ៉េ និងបានទទួលស្គាល់ដោយនាយឧត្តមសេនីយ៍ មុឹង សំផន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ ថាជាដីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងកាពារជាតិ។ កាលណោះលោក កែវ សាមួន បានខិតខំប្រឹងប្រែងការពារដីសាលាពលទាហានទី៣នេះណាស់ ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មករំលោភបំពានលួចយកធ្វើជាកម្មសិទ្ធិឡើយ ដើម្បីរក្សទុកជាប្រយោជន៍រួម បម្រើដល់វិស័យការពារជាតិ។

ប៉ុន្តែ ក្រោយពេលលោកឧត្តមសេនីយ៍ឯក យឿង សុខុន ចូលមកកាន់តំណែងជាមេបញ្ជា ការយោធភូមិភាគ៣ ផ្ទៃដីសាលាបានរួមតូចបន្តិចម្តងៗ ដែលបច្ចុប្បន្ននៅសល់ដីទំហំតែ ៤២៩ ១៥៥ ម៉ែត្រការ៉េ គឺបាត់អស់ជិត១៦ហិចតាឯណោះ នេះបើតាមប្លង់ផែនទីគំនូសបង្ហាញទីតាំងថ្មី ទទួលស្គាល់ដោយលោកឧត្តមសេនីយ៍ត្រី ទុន ណម នាយកសាលាពលទាហានទី៣ ចុះហត្ថលេខាទទួលស្គាល់កាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០១៦។

សេចក្តីរាយការណ៍បានបង្ហើបឲ្យដឹងថា ក្នុងចំណោមដីទាំង១៦ហិចតារបស់សាលាដែលបាត់បងនេះ ដីទំហំជាង៩ហិកតា បានក្លាយជាកម្មសិទ្ធិផ្ទាល់របស់លោក យឿង សុខុន មេបញ្ជាការភូមិភាគ៣ ហើយដីនេះត្រូវបានគេកំពុងរត់ការធ្វើប្លង់តាមប្រព័ន្ធដល់ខេត្តរួចទៅហើយ។ ដោយឃើញគំរូអាក្រក់របស់លោក យឿង សុខុន ក្នុងការកាត់ដីសាលាធ្វើកម្មសិទ្ទិខ្លួនបែបនេះ នាយទាហាននិងពលទាហានមួយចំនួន ក៏បាននាំគ្នាយកដីសាលាទំហំជាង៦ហិចតាទៀត ធ្វើការបែងចែកគ្នាតាមឋានានុក្រមទៅ។

មន្ត្រីកងទ័ពខាងលើ បានសម្តែងការហួសចិត្តថា លោក យឿង សុខុន មិនគួរប្រើអំណាចជាមេបញ្ជាការ កាត់ដីសាលាយកទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន មប្រើប្រយោជន៍ឯកជន ស្រេចតែទំនើងចិត្តបែបនេះទេ និងបានសំណូមពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើង គោក និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិ មេត្តាចាត់បញ្ជូនមន្រ្តីឲ្យចុះមកធ្វើអធិការ កិច្ចលើបញ្ហាបាត់ដីសាលានេះផង ដើម្បីកុំឲ្យក្លាយជាគំរូអាក្រក់ និងលើកទឹកចិត្តដល់ពល ទាហាន នាយទាហាន ដែលស្មោះត្រង់ចំពោះជាតិមាតុភូមិ និងកំពុងមានការថ្នាំងថ្នាក់ចិត្តលើករណីនេះ។

ក្រៅពីហ៊ានប្រើអំណាចខ្លួនកាត់ដីសាលាពលទាហានទី៣ ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន លោក យឿង សុខុន ក៏ល្បីល្បាញខាងដឹកនាំបែបបក្ខពួកនិយម និងពុករលួយផងដែរ ដោយត្រូវបានមេបញ្ជាការសឹករង ស្ទើគ្រប់ខេត្តចំណុះឲ្យភូមិភាគ៣ សម្តែងការមិនពេញចិត្ត ដោយលើកឡើងថាបានដកតំណែងអ្នកចាស់ ដាក់អ្នកថ្មី ជាក្មួយ ជាប្អូន និងប្អូនថ្លៃជាដើម ឲ្យចូលកាន់តំណែងសំខាន់ៗ កន្លែងខ្លាញ់ស្រេចតែចិត្ត ។ល។

ពាក់ព័ន្ធការលើកឡើងដូចខាងលើ អ្នកយក ព័ត៌មាន មិនអាចស្វែងរកការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក យឿង សុខុន បានទេ៕

Close