ព័ត៌មានជាតិ

ផ្កាយបី យឿង សុខុន មេបញ្ជាការយោធាភូមិ ភាគ៣ រំលោភយកដីបរិស្ថានតំបន់ក្បាលឆាយទំហំ៣ហិកតា ក្រោមលេសធ្វើជាទីលានបាញ់សុីប

ព្រះសីហនុៈ ដីគ្រប់គ្រងដោយបរិស្ថាន ទំហំ ប្រមាណជា៣ហិកតា នៅចំណុចក្បាលឆាយ ក្នុងភូមិភូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានលោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធាភូមិភាគ ធ្វើការឈូសឆាយយប្រើអំណាចរំលោភយកធ្វើកម្មសិទ្ទ្ធិផ្ទាល់ខ្លួននិងបក្ខពួក ដោយជ្រកក្រោមស្លាកយកធ្វើទីលានបាញ់សុីបបម្រើវិស័យទេសចរណ៍ ទោះបីមានការចុះហាមឃាត់ជាច្រើនលើកពីមន្រ្តីជំនាញក៏ដោយ នេះបើយោងតាមមន្ត្រីបរិស្ថានប្រាប់ឲ្យដឹង។

ដោយហាក់ខ្លាចអំណាចលោក យឿង សុខុន ជាមេយោធាភូមិភាគ៣ មន្ត្រីបរិស្ថានខេត្តព្រះសីហនុមួយរូបសុំមិនបញ្ចេញឈ្មោះ បានរបាយការណ៏ឲ្យដឹងថា ដីព្រៃបរិស្ថាននៅចំណុចក្បាលឆាយ ទំហំ៣ហិកតានេះ ត្រូវបានមន្ត្រីយោធាក្រោមបញ្ជាលោក យឿង សុខុន បានប្រើគ្រឿងចក្រឈូសឆាយដោយគ្មានច្បាប់ទម្លាប់អ្វីឡើយ ដោយមន្ត្រីយោធាដែលឈរមើលការខុសត្រូវនៅទីនោះ ថាយកធ្វើជាកន្លែងទីលានបាញ់សុីប របស់យោធាភូមិភាគ៣ ក្នុងគោបំណងបម្រើឲ្យវិស័យទេសចរណ៍។

មន្ត្រីបរិស្ថានដដែលរូបនេះបន្ថែមថា អ្នកមើលការខុសត្រូវរំលោភយកដីការពារបរិស្ថាននេះមានបីរូប គឺទី១/ លោកឧត្តមសេនីយន៍ទោ ជា ប៉ូលីន មេបញ្ជាការរងយោធាភូមិភាគ៣ ទី២/ ឈ្មោះ នូវ សំអុល ឋានៈវរសេនីយ៍ឯក តួនាទីជាមេបញ្ជាការរងសឹករងខេត្ត ដែលប្អូនថ្លៃរបស់លោក យឿង សុខុន ផ្ទាល់តែម្តង និងទី៣/លោកវរសេនីយ៍ឯក ចាន់ សុជាន មេបញ្ជាការសឹករងខេត្ត ។ កន្លងមកមន្ត្រីជំនាញបរិស្ថាន បានធ្វើការចុះហាមឃាត់ ការឈូសឆាយដីព្រៃការពារ ក៏ដូចជាហាមឃាត់កុំឲ្យសាងសង់សំណង់ដោយខុសច្បាប់បែបនេះ ប៉ុន្តែដោយអាងតែលើបញ្ជាពីលោក យឿង សុខុន មន្រ្តីយោធាដែលមើលការខុស ត្រូវនៅទីនោះនៅតែមិនស្តាប់តាមណែនាំរបស់មន្ត្រីជំនាញឡើយ ដោយពួកគេនៅតែបន្តសកម្មភាពផ្គើនល្មើសច្បាប់ ហ៊ានសាងសង់សំណង់រឹងទ្រង់ទ្រាយធំថែមទៀត។

ដោយអស់លទ្ធភាពក្នងការហាមឃាត់ការឈូសឆាយដីព្រៃ ក៏ដូចជាការសាងសង់សំណង់រឹង ពីសំណាក់មន្ត្រីយោធាក្រោមបញ្ជាលោក យឿង សុខុន មេបញ្ជាការភូមិភាគ៣ នេះ មន្ត្រីបរិស្ថានខេត្តក៏បានធ្វើកំណត់ហេតុ និងរបាយការណ៍បញ្ជូនទៅលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការរំលោភបំពានយកដីរដ្ឋ ពីសំណាក់មន្រ្តីយោធាដ៏មានអំណាចប្រចាំភូមិភាគទី៣ រូបនេះ ។

សេចក្តីរាយការណ៍បានបន្តថា ថ្មីៗនេះក្រសួង បរិស្ថានបានចេញលិខិតមួយច្បាប់ ជូនលោក យឿង សុខុន មេបញ្ជាការយោធាភូមិភាគ៣ ឲ្យប្រគល់ដីទំហំបមាណជា៣ហិកតាខាងលើឲ្យមន្ត្រីបរិស្ថានខេត្តគ្រប់គ្រងដូចដើមវិញ ដោយបង្គាប់ឲ្យរុះរើសំណង់ចេញ និង ចាក់ដីបំពេញឲ្យដូចទម្រង់ដើម ដើម្បីថែរក្សាការពារអភិរក្សបរិស្ថានឡើងវិញ។ តែមកដល់ពេលនេះ លោកយឿង សុខុន នៅមិនទាន់បានធ្វើការរុះរើ សំណង់ និងប្រគល់ដី៣ហិកតានេះឲ្យមន្ត្រីបរិស្ថានគ្រប់គ្រងវិញនៅឡើយទេ ឯមន្ត្រីយោធាដែលដាក់ប្រចាំការយាមការពារដីនេះ ក៏មិនទាន់ដកកម្លាំងចេញនៅឡើយដែរ។

មន្ត្រីយោធាសឹករងខេត្តជាច្រើននាក់ទទួល ស្គាល់ថា លោកឧត្តមសេនីយ៍ឯក យឿង សុខុន ពិតជាបានឲ្យលោកវរសេនីយ៍ឯក នូវ សំអុល ដែលជាប្អូនថ្លៃខ្លួន និងបក្ខពួក មើលការខុសត្រូវលើការឈូសឆាយដីព្រៃបរិស្ថាន ដើម្បីសាងសង់ទីលានបាញ់សុីបនេះមែន តែត្រង់ថាមានទំហំប៉ុន្មាន មានច្បាប់ឬអត់ច្បាប់ ជារបស់ក្រសួងការពារជាតិ ឬជាកម្មសិទ្ធផ្ទាល់ខ្លួន ពួកគាត់មិនដឹងទេ ព្រោះមិនធ្លាប់ឃើញប្រកាសអ្វីពីក្រសួងការពារជាតិឡើយ។

ក្រុមមន្ត្រីយោធាខាងលើបន្តថា ក្រៅពីដីខាង លើដែលមានបញ្ហាជាមួយតំបន់ការពារ បរិស្ថាន នៅមានដីដែលអភិបាលខេត្តកាត់ចែកឲ្យកូនទាហ៊ានក្រីក្រម្នាក់១ឡូតិ៍ ក៏លោក យឿង សុខុន បានទទួលជាកម្មសិទ្ធិធំជាងគេដែរ គឺទំហំ២០ ម៉ែត្របួនជ្រុងឯណោះ ឯពួកគាត់វិញ ខ្លះ៣នាក់បានតែ១ឡូតិ័ទំហំ ៥ គុណនឹង២០ ម៉ែត្រប៉ុណ្ណោះ។ ពួកគេបន្ថែមបែបលែបខាយថា បែបទំនងលោកឧត្តមសេនីយ៍ឯក យឿង សុខុន ក្រទ្រព្យពេកហើយទើបខំប្រមូលដីទុកធ្វើកម្មសិទ្ធិច្រើនយ៉ាងនេះ ហើយការលេចឮដំណឹងថាមានការស្នើដកតំណែងមេបញ្ជាការសឹករងខេត្ត ព្រះសីហនុ ដោយស្នើដាក់លោក នូវ សំអុល ជាប្អូនថ្លៃជំនួសវិញ អាចជារឿងបក្ខពួកនិយម និងដើម្បីឲ្យប្អូនថ្លៃខ្លួន មានអំណាចក្នុងការការពារដីដែលមិនស្របច្បាប់ខាងលើជាក់ជាមិនខានឡើយ។

ចំពោះការលើកឡើងខាងនេះ ក្រុមអ្នកយកពត៌មាន មិនអាចស្វែងរកការបំភ្លឺ ពីលោក ឧត្តមសេនីយ៍ឯក យឿង សុខុន បាននៅឡើយទេ ដោយសារគ្មានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង៕

Close