កីឡា

កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមីត ឈរនៅលេខ២ ជុំទី១ នៃកីឡាអាស៊ីនៅឥណ្ឌូណេស៊ី ២០១៨

កីឡាករម៉ូតូទឹករបស់កម្ពុជា សាលី អ៊ូមីត បានឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួត នៅជុំទី១ លើវិញ្ញាសា Jetski Modified នៅឆ្នេរសមុទ្រ Ancol Beach ដែល បានបញ្ចប់ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ នៃព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេស ឥណ្ឌូណេស៊ី។

កីឡាករកម្ពុជា សាលី អ៊ូមីត ដែលធ្វើសម្រេចបានចំណាត់ថ្នាក់លេខ២ ដែលមាន៥៣ពិន្ទុ នៃបញ្ចប់នៅជុំទី១នេះ គឺចាញ់៧ពិន្ទុជាមួយកីឡាករថៃ Teeraprateep Kasidit ដែលមាន​ពិន្ទ៦០ សម្រាប់បញ្ចប់ការប្រកួត នៅជុំទី១ លើវិញ្ញាសា Jetski Modified។

ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មកីឡាអាស៊ីរបស់កម្ពុជាបានបញ្ជាក់ពីកន្លែងប្រកួតមកថា អត្តពលិកម៉ូតូទឹកម្ពុជា២នាក់ គឺកីឡាករ សាលី អ៊ូមីត និងកីឡាករ ម៉ឺន មូសស្តាន់ ដែល ប្រកួតលើប្រភេទវិញ្ញាសា Runabout 1100 Stock និង Jetski Modified។ ចំពោះវិញ្ញាសា Jetski Modified បានបញ្ចប់នៅជុំទី១ ដោយលទ្ធផលល្អប្រសើរ។ ឯកឧត្តម​បានបន្ថែមថា ជាមួយនឹងលទ្ធផលរបស់កីឡាករកម្ពុជាពេលនេះ គឺគ្រូបង្វឹកសញ្ជាតិអូស្ត្រាលីជម្រើស​ជាតិ​កីឡាម៉ូតូទឹកកម្ពុជាបានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ ក្នុងការឈានទៅរកមេដាយពី ព្រោះការ ប្រកួតនៅបន្តនៅជុំទី២ជាបន្តទៀត ដោយរំពឹងថាកីឡាករកម្ពុជាយើងនឹងធ្វើបានល្អជាបន្ត ទៀត។

សូមបញ្ជាក់ថា ចំណាត់ថ្នាក់ជុំទី១ លើវិញ្ញាសា Jetski Modified នេះ លេខ១ កីឡាករថៃ Teeraprateep Kasidit, លេខ២ កីឡាករកម្ពុជា សាលី អ៊ូមីត លេខ៣ បានទៅលើកីឡាករចិន Wang Wiaowei មាន៤៨ពិន្ទុ ខណៈកីឡាករកម្ពុជាម្នាក់ទៀត ម៉ឺន មូសស្តាន់ មិនបាន បញ្ចប់ទីឡើយ។ សម្រាប់ការប្រកួតនេះនឹងត្រូវបន្តនៅជុំទី២ទៀត នាល្ងាចថ្ងៃទី២៣ ខែសីហានេះ៕

Close