សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ កោះហៅលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥មកបំភ្លឺ សង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ

ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
(ភ្នំពេញ)៖ លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដែលមានទីស្នាក់ការនៅតាមដងផ្លូវជាតិលេខ៥ ជិតស្ពានទឹកថ្លា ខេត្តបន្ទាយមាន ជ័យ ត្រូវបានលោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករធ្វើលិខិតកោះហៅ មកកាន់អគ្គនាយកដ្ឋានដើម្បីបំភ្លឺការងារមួយចំនួន តែគេមិនដឹងថាបំភ្លឺរឿងអ្វីខ្លះនោះទេ គ្រាន់តែមន្ត្រីគយមួយចំនួនខ្សឹបខ្សៀវគ្នាថា បើគ្មានភាពមិនប្រក្រតីពាក់ព័ន្ធការងារពន្ធគយទេ ក៏អគ្គនាយកមិនហៅមកបំភ្លឺដែរ។

យោងតាមលិខិតកោះហៅរបស់លោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករចេញកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ បានកោះហៅ លោក ឈួន សោភា អត្ថលេខ៤៣៦ មានតួនាទីជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ អោយចូលខ្លួនមកបំភ្លឺនៅនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ដែលមានទីតាំងនៅអគ្គាវឌ្ឍនៈ កាពីតាល់ វេលាម៉ោង១៤ និង៣០នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ។

គេមិនដឹងថា លោកឈួន សោភា មានកំហុសពាក់ព័ន្ធនឹងការងារអ្វីនោះទេ បានដល់ថ្នាក់អគ្គនាយកកោះហៅ អោយមកបំភ្លឺយ៉ាងប្រញាប់ប្រញាល់បែបនេះ តែអ្នកដឹងរឿងបានអះអាងថា បើគ្មានរឿងទេ មិនដែលនៅសុខៗមេហៅអោយមកបំភ្លឺនោះឡើយ។

តាមមន្ត្រីគយមួយរូបបានបង្ហើបអោយដឹងថា ចាប់តាំងពីលោកឈួន សោភា ត្រូវបានតែងតាំងជាប្រធានការិយាល័យស្រាវជ្រាវ និបង្ក្រាបអំពើរត់ពន្ធតំបន់ ៥ដែលមានទីស្នាក់ការនៅតាមផ្លូវជាតិលេខ៥ក្បែរស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ បានប្រមាណ១ឆ្នាំមកនេះ គឺលោកឈួន សោភា ធ្លាប់ត្រូវបានអគ្គនាយក កោះហៅមកបំភ្លឺចំនួន ៣លើកហើយរួមទាំងលើកនេះផង។ក្នុងនោះកន្លងមក លោកឈួន សោភា ធ្លាប់បំពេញការងារមិនប្រក្រតីជាច្រើនរហូតដល់អ្នករកស៊ីក៏ធ្លាប់ប្ដឹង កូនចៅក៏ធ្លាប់ប្ដឹងដែរ ហើយរករឿងដកបញ្ឈរជើងកូនចៅដែលគ្នាគ្មានកំហុសទៀតផង។

កាលពីជិត១ឆ្នាំមុន ក្រោយពីអគ្គនាយកតែងតាំងតួនាទីជាប្រធាន គយតំបន់៥នេះ មិនទាន់បានប៉ុន្មានខែផង មានអ្នករកស៊ី និងក្រុមហ៊ុនរថយន្តក្រុង ដែលរត់ពីភ្នំពេញប៉ោយ ប៉ែតជាច្រើនក្រុមហ៊ុន បាននាំគ្នារអ៊ូរទាំ ពីសកម្មភាពទារលុយក្បាលរថយន្តតាមតែអំពើចិត្ត មានបង់ក្បាលរថយន្តផង បង់ថ្លៃបាយផង បង់របបមេផង ខណៈដែលរថយន្តក្រុងទាំងអស់នោះ ក្រៅពីដឹកអ្នកដំណើរ នៅមានដឹកទំនិញគេចពន្ធយ៉ាងសន្ធឹកសន្ធាប់ថែមទៀត។

តាមសេចក្ដីរាយការណ៏កាលណោះ ចំពោះរថយន្តក្រុងដឹកឥវ៉ាន់លាយជាមួយអ្នកដំណើរ គឺត្រូវបង់អោយក្រុមគយចល័តតំបន់៥ខាងលើពី៦ ទៅ៧លានរៀលក្នុង១ខែសំរាប់រថយន្ត១គ្រឿង ហើយបើក្រុមហ៊ុនមានរថយន្ត៥គ្រឿងត្រូវរត់ឆ្លងកាត់ប៉ុស្ដ៏របស់គាត់គឺត្រូវបង់គុណចំនួនលុយតាមចំនួនក្បាលរថយន្ត ជាក់ស្ដែង មិនតែប៉ុណ្ណោះមន្ត្រីគយ ដែលជាអ្នកពូកែគាបទារលុយខ្លាំងជាងគេ ដែលកាលណោះគេស្គាល់ឈ្មោះ អឿន និងឈ្មោះរី នៅបានឆ្លៀតអោយម្ចាស់រថយន្តក្រុង បង់របបមេប្រចាំខែ (លោក ឈួន សោភា) ចំនួន១លានរៀលក្នុងរថយន្តមួយគ្រឿងថែមទៀត។

ពេលម្ចាស់រថយន្តក្រុងខ្លះត្អូញត្អែរ សុំបញ្ចុះតម្លៃបង់ក្បាលរថយន្ត ដោយសាររកស៊ីដឹកជញ្ជូនមិនចំណេញ ពួកគាត់ឆ្លើយតបថាបើរកស៊ីកើតរកស៊ី បើរកស៊ីមិនកើតឈប់រកស៊ីទៅគ្មានអ្នកណាបង្ខំទេ ព្រោះពួកគាត់ជាគយ «ឯកឧត្តមអគ្គ» ដាក់មកមិនមែនចេះតែមកឈរជើងបានស្រួលៗនោះទេ។

បន្ថែមលើនោះ ក្រុមអ្នករកសុីបានបង្ហើបប្រាប់អោយដឹងថា បច្ចុប្បន្នយ៉ាងហោចណាស់ក៏មានរថយន្តក្រុងដឹកអ្នកដំណើរ និងឆ្លៀតដឹកទំនិញលាយជាមួយរត់ពីភ្នំពេញទៅប៉ោយ ប៉ែតខ្ទង់១០ក្រុមហ៊ុនដែរ ហើយក្នុងមួយក្រុមហ៊ុនមានរថយន្តរត់តិចណាស់ពី២ទៅ៣គ្រឿង ដែលសរុបទាំងអស់ក្នុង១ខែ មានរថយន្តក្រុងមិនតិចជាង៣០គ្រឿងដែលបាមបង់លុយប្រចាំខែ ថ្លៃបាយប្រចាំថ្ងៃ ថ្លៃក្បាលឡាន និងថ្លៃប្រចាំខែសម្រាប់លោកគយ ឈួន សោភា នេះ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ អង្គភាពពន្លឺខ្មែរ មិនអាចស្វែងរកការសុំបំភ្លឺពីលោក ឈួន សោភា បាននៅឡើយទេ៕

Close