ព័ត៌មានជាតិ

អ្នកសុំទាននឹងទទួលបានសេវាព្យាបាលជំងឺដោយមិនគិតថ្លៃ តាមរយៈបណ្ណសមធម៌ដែលរដ្ឋាភិបាលផ្តល់ឲ្យ

រដ្ឋាភិបាលកម្ពុជា កំពុងពន្លឿនការផ្តល់បណ្ណសមធម៌ ដល់អ្នកសុំទាន ដើម្បីឲ្យពួកគេ បានទទួលសេវាព្យាបាលជំងឺដោយមិនបង់ប្រាក់។ ក្រសួងព័ត៌មាន ផ្សាយថា គោលបំណងរបស់រដ្ឋាភិបាល គឺដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ពួកគេ។

លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងយ៉ាងដូច្នេះ ថា «រដ្ឋាភិបាល បានគិតគូរដល់អ្នកក្រីក្រ ពិសេសអ្នកសំទានតាមផ្លូវ ដោយបានធ្វើជាបណ្ណសមធម៌ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគេ ពេលមានជំងឺ ចូលពេទ្យសម្រាកព្យាបាល ដោយឥតគិតថ្លៃ ហើយអ្នកទៅកំដរ ក៏រដ្ឋផ្តល់ជាថវិកាជូនផងដែរ»។ 

ក្រសួងព័ត៌មាន បានលើកឡើងពីប្រសាសន៍លោក ខៀវ កាញរីទ្ធ ថាបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ជាមួយថ្នាក់ដឹកនាំក្រសួង នាចុងខែមេសា ឆ្នាំ២០១៩នេះ។

ក្រសួងព័ត៌មាន សរសេរពីសម្តីរបស់លោក ខៀវ កាញារីទ្ធ ទៀតថា «គោលនយោបាយនេះ មានសារៈសំខាន់ណាស់ ដើម្បីផ្តល់សេវាថែ ទំាសុខភាពសាធារណៈជូនប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពព្យាបាលជំងឺ»៕

Close