សេដ្ឋកិច្ច

រថភ្លើងទំនើបក្រោមដីទី១ ក្នុងចំណោម៣៥ គ្រឿង ដែលថៃបញ្ជាទិញពីអាល្លឺម៉្មង់ នឹងដាក់ឲ្យដំណើរការឆាប់ៗនេះ

រថភ្លើងថ្មី​១គ្រឿង ត្រូវបាន​បញ្ជូន​ទៅដល់​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ នៅ​កំពង់ផែ Laem Chabang ខេត្ត​ឈុន​បុរី។ នេះគឺ​ជា​រថភ្លើង​ទី១ ក្នុង​ចំណោម ៣៥​គ្រឿង ដែល​ថៃ បាន​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់។

ការ​ទិញ​​រថភ្លើង​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​ខ្សែរថភ្លើង​ក្រោមដី​ដែល​មាន​ប្រវែង ២១​គីឡូម៉ែត្រ​ក្នុងក្រុង​បាងកក។ ឆាប់​ៗខាងមុខ ខ្សែរថភ្លើង​នេះ នឹងត្រូវ​ពង្រីកដល់​ប្រវែង ២៧​គីឡូម៉ែត្រ ទៅ​ខាងលិច និង​ខាងជើង​ក្រុង​បាងកក។

ក្រុមហ៊ុន​ប្រតិបត្តិករ​រថភ្លើង​ក្រោមដី (MRT) បាន​បញ្ជាក់​ថា រថភ្លើង​ថ្មីនេះ ត្រូវបាន​ទិញ​ពីក្រុមហ៊ុន​អាល្លឺម៉ង់ Siemens ហើយ​ដែល​អាច​ប្រតិបត្តិការ​ដល់​ជាង ៣០ឆ្នាំ។ ទោះ​ជាយ៉ាង ណា តំណាង​ក្រុមហ៊ុន មិន​បាន​ទម្លាយ​តម្លៃនៃការ​ទិញ​រថភ្លើង​នេះទេ។

រថភ្លើង​ដែល​នៅសេសសល់​ប៉ុន្មាន​ទៀត នឹងត្រូវ​បញ្ជូន​មកដល់ប្រទេសថៃទាំងអស់ នៅត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​វានឹង​ធ្វើឱ្យ​​រថភ្លើង​កើនដល់​ចំនួន​សរុប ៥៤​គ្រឿង សម្រាប់​បម្រើ​សេវាដឹកជញ្ជូន​តាម​ខ្សែរថភ្លើង​ក្រោមដី​នេះ៕

Close