អន្តរជាតិ
សម្តេច ហ៊ុន សែន ហាមសម្តេច ស ខេង ឆ្លើយឆ្លងជាមួយអ្នកញុះញង់ឲ្យធ្វើបក្សប្រហារ
ភ្នំពេញ៖ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឭដំណឹងថា មានអ្នកនៅខាងក្រៅញុះញង់ឲ្យសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើបក្សប្រហារ សម្ដេច ហ៊ុន សែន ចាត់ទុកបំណងទុច្ចរិតបែបនេះ គឺជារឿងដែលមិនអាចកើតឡើងឡើយ។
ដំណឹងនេះសម្ដេច ហ៊ុន សែន ហាក់បង្ហាញអារម្មណ៍មិនខឹងសម្បាអ្វីឡើយ ទៅលើជួរដឹកនាំគណបក្សខ្លួន ដោយសារតែពាក្យសម្តីពីអ្នកខាងក្រៅនេះទេ។ មិនត្រឹមតែមិនខឹង ប្រធានបក្សប្រជាជនកម្ពុជារូបនេះ ថែមទាំងហាមសម្ដេច ស ខេង ឆ្លើយឆ្លងជាមួយអ្នកញុះញង់ឲ្យធ្វើបក្សប្រហារ ដើម្បីបំបែកបំបាក់ផ្ទៃក្នុងបក្សទៀតផង។ សម្ដេច ហ៊ុន សែន យល់ឃើញថា ពាក្យសម្តីចាករុកពីខាងក្រៅនេះ គឺជារឿងដែលមិនអាចទៅរួចនោះឡើយ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥នៅថ្ងៃទី២២ មេសានេះ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«ខ្ញុំនិយាយនៅទីនេះ គឺមិនចង់ឲ្យអ្នកណាឆ្លើយតបទេ សូម្បីតែសម្ដេចក្រឡាហោម ដែលគេប្រើគាត់ឲ្យធ្វើរដ្ឋប្រហារទម្លាក់ខ្ញុំនោះ ក៏មិនចាំបាច់ឆ្លើយតបទៅអ្នកណាទេ។ ឥឡូវយើងសាកគិតជាមួយគ្នាមើលឧបនាយករដ្ឋមន្ត្រី ផ្តួលនាយករដ្ឋមន្ត្រី មានន័យស្មើរដ្ឋប្រហារ។ ចេះប្រើគេទៅរួច! រួចហើយធ្វើរដ្ឋប្រហារ យកអំណាចទៅឲ្យអ្នកណា គឺយកអំណាចទៅឲ្យវា ។ វានឹកស្មានតែសម្ដេចក្រឡាហោម ល្ងង់ណាស់ទៅអី? អ៊ីចឹងមិនចាំបាច់សម្ដេចក្រឡាហោម ឆ្លើយតបទេ ព្រោះយើងបានឯកភាពគ្នា ថ្ងៃមុនពេលចូលប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំប្រាប់ថា មិនបាច់ឆ្លើយជាមួយវាទេ»។
បន្ថែមពីនេះសម្ដេច ហ៊ុន សែន ក៏ហាមមន្ត្រីបក្សខ្លួនទាំងអស់ ឆ្លើយឆ្លងជាមួយក្រុមអ្នកនយោបាយដែលប្រើប្រាស់ពាក្យសម្តីធ្ងន់ធ្ងរប្រឆាំងរដ្ឋាភិបាលទៀតផង។ ដ្បិតមិននិយាយចំឈ្មោះ តែការលើកឡើងខាងលើរបស់សម្ដេច ហ៊ុន សែន នេះ គឺចង់សំដៅទៅលើក្រុមរបស់លោក សម រង្ស៊ី អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំចលនាភ្លើងទៀន នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ៕ ប្រភពពី”ថ្មីៗ”