ព័ត៌មានជាតិ

ថ្លៃបេសកកម្មរបស់តំណាងរាស្ត្រខ្មែរក្នុង និងក្រៅប្រទេស ពិតជាមិនធម្មតា

តំណាងរាស្រ្ដ​ដែល​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅក្រៅ​ប្រទេស ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី ៥០០ដុល្លារ ទៅជាង ៧០០ដុល្លារ​អាមេរិក ក្នុង​មួយថ្ងៃ អាស្រ័យ​តាម​ទីជិត​ ឬឆ្ងាយ។ នេះ​បើ​តាម​ការ​ឲ្យដឹង​​របស់​លោក ជាម យៀប ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា នៅ​ក្នុង​កម្មវិធី​ស្វាគមន៍​ និង​ផ្ដល់​ព័ត៌មាន​សម្រាប់​សមាជិក សមាជិកា​រដ្ឋសភា អាណត្តិ​ទី៦ កាល​ពីខែតុលា ឆ្នាំ​២០១៨។

លោក ជាម យៀប បាន​បញ្ជាក់ថា អ្នក​តំណាងរាស្រ្ដ​ដែល​ត្រូវ​បំពេញ​បេសកកម្ម​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់ សុទ្ធ​តែ​ទទួល​បាន​ប្រាក់​សោហ៊ុយ​ពីរដ្ឋសភា ប៉ុន្តែ​មានចំនួន​ខុស​គ្នា​ ក្នុង​ករណី​ដែល​អ្នក​តំណាងរាស្រ្ដ​នោះ ត្រូវ​ជ្រើសតាំង​ពី​ប្រធានរដ្ឋសភា។

លោក​ជាម យៀប បាន​ឲ្យដឹង​ថា អ្នក​តំណាងរាស្រ្ដ​ដែល​ត្រូវ​បាន​ប្រធាន​រដ្ឋសភា ចាត់​ឲ្យ​ធ្វើ​បេសកកម្ម​នៅ​ក្នុង​តំបន់​អាស៊ី ទទួល​បាន​ប្រាក់​ចំនួន ៥០០ដុល្លារ​ក្នុង​មួយថ្ងៃ ដែល​ក្នុង​នោះ​​រួមមាន ប្រាក់​ហោប៉ៅ ចំនួន ១០០ដុល្លារ ប្រាក់​សោហុយ​អាហារ ១០០ដុល្លារ និង​ប្រាក់​សោហ៊ុយ​ស្នាក់​នៅ ៣០០ដុល្លារ។ ចំពោះ​បេសកកម្ម​នៅ​តំបន់​អាហ្រ្វិក និង​ចិន ទទួល​បាន​ប្រាក់​ចំនួន ៦០០ដុល្លារក្នុង​មួយថ្ងៃ ដែល​មាន​ប្រាក់​ហោប៉ៅ ១០០ដុល្លារ សោហ៊ុយអាហារ ១០០ដុល្លារ ហោហ៊ុយ​ស្នាក់​នៅ ៤០០ដុល្លារ។ រីឯ​បេសកកម្ម​នៅ​តំបន់​អឺរ៉ុប ទទួល​បាន​ប្រាក់​ចំនួន ៧២០ដុល្លារក្នុង​មួយថ្ងៃ ក្នុង​នោះ​ប្រាក់​ហោប៉ៅ ១០០ដុល្លារ សោហ៊ុយអាហារ ១២០ដុល្លារ សោហ៊ុយ​ស្នាក់​នៅ ៥០០ដុល្លារ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជាម យៀប ក៏បាន​ឲ្យដឹង​ដែរថា សម្រាប់​សមាជិក​គណៈ​កម្មាធិការ​អចិន្រ្ដៃយ៍​រដ្ឋសភា​វិញ ត្រូវ​បាន​ផ្ដល់​ជូន​ប្រាក់​ហោប៉ៅ​បន្ថែម ៥០ភាគរយ និង​សំបុត្រ​យន្តហោះ​ថ្នាក់ Business Class។ ក្នុង​ករណី​ដែល​តំណាងរាស្រ្ដ​ត្រូវ​បាន​អញ្ជើញ​ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​អ្នក​រៀបចំ​កម្មវិធី រួម​មាន​សោហ៊ុយ​អាហារ សោហ៊ុយស្នាក់នៅ និង​សំបុត្រយន្តហោះ រដ្ឋសភា​ផ្ដល់​ជូន​តែ​ប្រាក់​ហោប៉ៅ​មួយ​មុខ​ប៉ុណ្ណោះ។

ចំពោះ ​បេសកកម្ម​ក្នុង​ប្រទេស​ វិញ លោក​ ជាម យៀប បាន​បញ្ជាក់ថា តំណាងរាស្រ្ដ​ដែល​ទទួល​បាន​ការ​ចាត់​តាំង​ពី​ប្រធាន​រដ្ឋសភា ទទួល​បាន​ប្រាក់​ហោប៉ៅ​ចំនួន ១៦ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ សោហ៊ុយធ្វើដំណើរ​គិត​ជា​ប្រេងសាំង​ចំនួន ១៥លីត្រ​ក្នុង​១០០គីឡូម៉ែត្រ និងសោហ៊ុយ​ស្នាក់នៅ និង​អាហារ ជា​បន្ទុក​របស់​រដ្ឋសភា៕

Close