សេដ្ឋកិច្ច

ចិន ត្រៀមវិនិយោគការចិញ្ចឹមត្រី ប្រើបច្ចេកវិទ្យា AI អាចរកចំណូលខ្ទង់ម៉ឺនដុល្លារ នៅកម្ពុជា

ដោយមើលឃើញពីកំរិតសីតុណ្ហភាពនៅកម្ពុជា សមស្របអាចចិញ្ចឹមត្រីក្នុងបែរក្នុងសមុទ្របានយ៉ាងល្អ ក្រុមហ៊ុនចិន Hainan XiangTai Fishery Co, Ltd គ្រោងវិនិយោគការចិញ្ចឹមត្រីបែបនេះ នៅក្នុងប្រទេសកម្ពុជា ដែលមានផលចំណេញច្រើន ជាពិសេសបង្កើនប្រាក់ចំណូលដល់ប្រជាកសិករប្រមាណ ១២០០០ ដុល្លារអាមេរិក ក្នុង១ឆ្នាំ។

ប្រធានក្រុមហ៊ុនលោក Liu Rong Jie បានបញ្ជាក់ប្រាប់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសលោករដ្ឋមន្ត្រីចុះពិនិត្យនៅកន្លែងកែច្នៃ និងវេចខ្ចប់ កន្លែងផលិតចំណីត្រី និងមន្ទីរពិសោធន៍ របស់ក្រុមហ៊ុនខ្លួនកាលពីពេលថ្មីៗនេះថា ក្រៅពីអាចទាញចំណូលបានច្រើន ក្រុមហ៊ុនក៏មានសមត្ថភាពអាចបង្កើតការងារប្រមាណ ៤ម៉ឺននាក់ ដោយរួមទាំងកម្មករកែច្នៃ ចិញ្ចឹម និងមន្ទីរពិសោធន៍ នៅកម្ពុជាផងដែរ។ 

ប្រធានក្រុមហ៊ុនរូបនេះ បានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរង់ចាំនៅការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីដាក់ទុនវិនិយោគ និងធ្វើអោយកាន់តែប្រសើរជាងនេះទៅទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី AI (Automated Intelligence) ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានស្វាគមន៍នូវការវិនិយោគបែបនេះនៅកម្ពុជា និងជំរុញអោយក្រុមហ៊ុនសហការអោយកាន់តែជិតស្និតជាមួយរដ្ឋបាលជលផល និងស្ថាប័នពាក់ពន្ធ័ដើម្បីពន្លឿននូវដំណើរការអោយបានឆាប់ ដើម្បីឆ្លើយតបនឹងតម្រូវការត្រីក្នុងស្រុកកាន់តែកើនឡើង និងនាំចេញទៅទីផ្សារអន្តរជាតិ ផងដែរ៕

Close