កីឡា

អ្នកគាំទ្រ Man Utd ជួល​យន្តហោះ​បំពាក់​បដា សុំ​បណ្ដេញ​ថ្នាក់ដឹកនាំ​របស់​ក្លឹប

អ្នកគាំទ្រ​ក្លឹប​បាល់ទាត់ Manchester United បាន​ជួល​យន្តហោះ​១គ្រឿង ដើម្បី​បំពាក់​បដា សរសេរ​ការ​ស្នើសុំ​ឲ្យ​ម្ចាស់​ក្លឹប​ធ្វើការ​បណ្ដេញ​លោក Ed Woodward នាយកប្រតិបត្តិ​រង ចេញ​ពី​តំណេង​។

ប្រតិកម្ម​នេះ គឺ​បន្ទាប់ពី​លោក Jose Mourinho អ្នកចាត់ការ​ក្លឹប មិនអាច​សម្រេច​បំណង​ដើម្បី​ទិញ​យក​ការពារ​កណ្ដាល​បន្ថែម​ មក​ពង្រឹង​ក្រុម មុន​ការ​បិទ​ទីផ្សា​ដោះដូរ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ ជាងនេះ​ទៅទៀត Man Utd បាន​ទទួល​បរាជ័យ​ក្នុង​ការ​ប្រកួត​សប្ដាហ៍ទី២ ក្រោម​ថ្មី​ជើង​ក្លឹប​ Brighton ដើម​រដូវ​កាល​២០១៨-១៩ ​នេះ។

លោក Ed Woodward មាន​តួនាទី​មួយ​ក្នុង​ការ​ចាត់ចែង​ចំពោះ​ការ​ដោះដូរ​កីឡាករ​របស់​ក្លឹប​បិសាច​ក្រហម។

លោក Ed Woodward នាយកប្រតិបត្តិ​រងក្លឹប​បាល់ទាត់ Manchester United

បើ​តាម​វេបសាយ The Sun បាន​ឲ្យដឹង​ថា ដើម​ឡើយ យន្តហោះ​បំពាក់​បរា​នោះ ត្រូវ​ហោះ​ពី​លើ​កីឡដ្ឋាន Old Trafford របស់ Man Utd ដើម្បី​បង្ហាញ​ប្រាប់​ម្ចាស់​ក្លឹប គ្រួសារ Glazer ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី៣ ទល់​នឹង Tottenham Hotspur ។ ក៏ប៉ុន្តែ ការ​តវ៉ា​នេះ អាច​នឹង​ត្រូវ​ពន្យារពេល​ដល់​សប្ដាហ៍​ទី៤ ពេល Man Utd ជួប Burnley នៅ​កីឡដ្ឋាន Turf Moor ។

បដា​នោះ ត្រូវ​បាន​សរសេរ​ថា “ED OUT – LUHG” (Love United Hate Glazer) ។

គួរ​រំឭក​ថា អ្នកគាំទ្រ Man Utd ធ្លាប់​ធ្វើ​ដូច្នេះ​ម្ដង​រួច​ទៅ​ហើយ កាល​ពី​ឆ្នាំ​២០១៤ ដើម្បី​សុំ​ឲ្យ​ម្ចាស់ក្លឹប​បណ្ដាញ​លោក David Moyes អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​៕

Close