ពីនេះពីនោះ

អាមេរិកទម្លាយថា!ចិនកំពុងសាងសង់ «ប្រព័ន្ធកាំរស្មីឡាស៊ែរបាញ់កម្ទេចផ្កាយរណប» នៅខេត្តភាគខាងលិចប្រទេស!

រូបភាពផ្កាយរណបមួយបានបង្ហាញថា ក្រុមជំនាញនៃប្រទេសចិន​បានតម្លើងប្រព័ន្ធឡាស៊ែរប្រឆាំងផ្កាយរណប ស្ថិតនៅខេត្តស៊ីនជាំង (Xinjiang) នៅឯភាគខាងលិចប្រទេស។ នេះបើតាមគេហទំព័រ វ៉ាស៊ីនតោនហ្វ្រីប៊ីខុន (Washington Free Beacon) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។

គេហទំព័រ Washington Free Beacon ផ្អែកលើរូបភាពផ្កាយរណប ដែលទទួលបានពីមន្ត្រីយោធាចូលនិវត្តន៍របស់ឥណ្ឌា គឺលោក វីណាយ៉ាក់ បាត (Vinayak Bhat) បានបញ្ជាក់ថា ប្រព័ន្ធឡាស៊ែរខាងលើស្ថិតនៅចំងាយ ១៤៥ miles ឬ ២៣៣គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង យូរុមគី (Urumqi) ដែលជារដ្ឋធានីនៃខេត្ត Xinjiang និងស្ថិតនៅក្បែរបឹងមួយ។ លើសពីនេះទៅទៀតបើតាមលោក Bhat ប្រព័ន្ធឡាស៊ែរនេះ ក៏មានសមត្ថភាពខ្ពស់ក្នុងការបាញ់កម្ទេច និងបំផ្លាញផ្កាយរណបផងដែរ។

គួរបញ្ជាក់ថា ចិនធ្លាប់ត្រូវបានក្រុមអ្នកជំនាញអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក​វាយតម្លៃថា អាចនឹងដំឡើងអាវុធកាំរស្មីឡាស៊ែរ ដែលអាចកម្ទេចគោលដៅ​នៅគន្លងគោចរ​កម្រិតទាបនៃភពផែនដី (ចាប់ពី ២,០០០គីឡូម៉ែត្រចុះក្រោម) នៅត្រឹមឆ្នាំ២០២០ ហើយនៅពាក់កណ្ដាលឆ្នាំ២០២០ ទីក្រុងប៉េកាំងអាចនឹងដាក់ពង្រាយអាវុធ ដែលមានសមត្ថភាពគំរាមកំហែងដល់ហេដ្ឋរចនាសម្ព័ន្ធ នៃប្រព័ន្ធផ្កាយរណបមិនមែនអុបទិច (non-optical satellites) ផងដែរ។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះវិញ ប្រទេសឥណ្ឌាក៏ត្រូវបានសហរដ្ឋអាមេរិក​ធ្វើការ​រិះគន់ខ្លាំងៗផងដែរ ចំពោះការប្រើប្រាស់មីស៊ីលបាញ់កម្ទេចផ្កាយរណប ហើយ​សហរដ្ឋអាមេរិក​ថែមទាំងបានព្រមានមិនឲ្យប្រទេសដទៃៗទៀត យកគំរូតាមឥណ្ឌា​នោះថែមទៀតផង ព្រោះវាត្រូវបានចាត់ទុកជារឿងគ្រោះថ្នាក់ ចំពោះសន្តិសុខនៅទីអវកាស ខណៈដែល​សហរដ្ឋអាមេរិក​ទើបសម្រេចឲ្យមានការបង្កើតកងទ័ពអវកាស ដើម្បីការពារ​សន្តិសុខរបស់ខ្លួនពីការវាយប្រហារនៅទីអវកាស រួចទៅហើយនោះ៕

Close