ពីនេះពីនោះ

ភ្លើងឆេះព្រៃដ៏ធំមួយក្នុងខេត្តស៊ីឈាន់ ខណៈក្រុមពន្លត់អគ្គីភ័យចិន២៦នាក់ បានបាត់បង់ជីវិតក្នុងភ្នក់ភ្លើង

(ប៉េកាំង)៖ ភ្នាក់ងារពន្លត់អគ្គីភ័យយ៉ាងតិចចំនួន ២៦នាក់ បានពលីជីវិតក្នុងពេលប្រឹងប្រែង បង្រ្កាបភ្លើងឆេះព្រៃដ៏អាក្រក់មួយ ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅខេត្ត ស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន។ នេះបើតាមក្រសួងគ្រប់គ្រង់គ្រោះអាសន្នចិន ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌ មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

អាជ្ញាធរចិនបានឲ្យដឹងថា មនុស្សសរុបទាំងអស់ ៣០នាក់បានបាត់ខ្លួន ក្នុងនោះមានភ្នាក់ងារពន្លត់អគ្គីភ័យ ២៧នាក់ និង ០៣នាក់ទៀតជា ប្រជាជនរស់នៅក្នុងតំបន់ ដែលបានចូលរួមប្រតិបត្តិការពន្លត់អគ្គីភ័យបន្ទាប់ពី ភ្លើងឆេះព្រៃនេះបានកញ្រ្ចោលឡើងខ្លាំងនៅថ្ងៃអាទិត្យសប្តាហ៍មុន ដោយសារតែការប្រែប្រួលភ្លាមៗនៃទិសដៅខ្យល់បក់។

គួរបញ្ជាក់ថា ប្រតិបត្តិការរុករកនៅតែបន្តប្រព្រឹត្តទៅ ខណៈមនុស្សមួយចំនួនទៀត កំពុងបាត់ខ្លួន ហើយមនុស្សដល់ទៅជិត ៧០០នាក់ កំពុងតែបន្តព្យាយាមពន្លត់ភ្លើងឆេះព្រៃនេះ។ គ្រោះមហន្តរាយភ្លើងឆេះព្រៃខាងលើ បានរីករាលដាលឡើង កាលពីវេលាយប់ថ្ងៃសៅរ៍ចុងសប្តាហ៍មុន នៅតាមចំណុចមួយចំនួនខុសៗគ្នានៅក្បែរទន្លេ យ៉ាឡុង (Yalong)៕

Close