សេដ្ឋកិច្ច

វៀតណាម មានមហិច្ឆតា សង់ផ្លូវរថភ្លើងល្បឿនលឿន តម្លៃជិត ៦០ ពាន់លានដុល្លារ ឆ្លងកាត់ ២០ខេត្តក្រុង

រដ្ឋាភិបាលវៀតណាម បានបង្ហាញពីមហិច្ឆតាដ៏សម្បើមរបស់ខ្លួន លើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃវិនិយោគសរុបជិត ៦០ពាន់លានដុល្លារអាមេរិក មានចម្ងាយផ្លូវ ១.៥៤៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តក្រុងចំនួន ២០ ចេញពីភាគខាងត្បូង ឆ្ពោះទៅកាន់ភាគខាងជើងនៃផ្ទៃប្រទេស។ គម្រោងនេះ ត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ ២០២០ និងបញ្ចប់នៅឆ្នាំ២០៤៥។

នៅក្នុងវីដេអូរយៈពេល ប្រមាណ ២ នាទី ដែលបាន​បង្ហោះ​នៅក្នុង​សារព័ត៌មាន Vietnam Express បានបង្ហាញថា ផ្លូវ​រថភ្លើង​ល្បឿនលឿននេះ នឹងត្រូវចំណាយ​ទឹកប្រាក់​វិនិយោគ​សាងសង់​សរុប​ប្រមាណ ៥៨,៧ ពាន់លាន​ដុល្លារអាមេរិក ដោយក្នុងនោះ​ មានការ​ចាប់ដៃគ្នា​​អភិវឌ្ឍ​រវាង​វិស័យ​រដ្ឋ​ និងឯកជន​ ដែល​រដ្ឋ​មាន​ទុន ៨០% និងឯកជន​មាន​ ២០%។  

ប្រភពព័ត៌មាន​ដដែល​​បានឲ្យដឹងទៀតថា ផ្លូវ​រថភ្លើង​ល្បឿន​លឿន ចម្ងាយ​ជាង ១.៥០០ គីឡូ​ម៉ែត្រនេះ នឹងត្រូវ​សាងសង់​​ឆ្លងកាត់​​ជ្រលង​​ភ្នំ​​​ប្រមាណ ៦០% ជីកដី​ទម្លុះ​រូង​ភ្នំ ១០%  និង ៣០% ទៀត គឺសង់​​នៅលើ​​ដីរាប​ធម្មតា ខណៈដែល​ផ្លូវរថភ្លើង​ គឺមាន​ពីរ​គន្លង​សម្រាប់​​បើកបរ​​ទៅមក។

ចំណែក​ឯ ល្បឿន ធ្វើដំណើរវិញ គឺល្បឿន​អតិបរមាមាន​​រហូតដល់ ៣៥០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ ​ ខណៈដែល​ល្បឿន​ប្រតិបត្តិការ គឺ មាន​ ​៣២០ គីឡូម៉ែត្រ​​ក្នុង​មួយម៉ោង។

ផ្លូវរថភ្លើង​ល្បឿនលឿននេះ នឹងធ្វើការតភ្ជាប់​ចេញពី​ស្ថានីយ​រថភ្លើងទីក្រុង​ហាណូយ រហូតដល់​ស្ថានីយ​ធូធៀន​ ពោលគឺតភ្ជាប់​ ពី​តំបន់ភាគខាងត្បូង ទៅដល់តំបន់​ភាគ​ខាងជើង​នៃប្រទេសវៀតណាម​តែម្ដង។

ការសាងសង់​ផ្លូវ​រថភ្លើង​ល្បឿនលឿន​នេះ គឺ​នឹងត្រូវ​ធ្វើឡើង​​ជា ២ដំណាក់​កាល។ ដំណាក់កាលទី១ នឹង​ចាប់ផ្ដើម​សាងសង់​ពីឆ្នាំ ២០២០ ​ដល់ ២០៣០ ដោយនឹងត្រូវ​​ចំណាយ​​ទុនវិនិយោគ ​២៤,៤ ពាន់លាន​ដុល្លារអាមេរិក តភ្ជាប់​ពី​ហានូយ ទៅទីក្រុង Vinh មានចម្ងាយ​ ២៨២​ គីឡូម៉ែត្រ និងតភ្ជាប់​ពី​ទីក្រុង Nha Trang ទៅ​ ហូជីមិញ មានចម្ងាយ ៣៦៣ គីឡូម៉ែត្រ។ ​

រីឯ ដំណាក់កាលទី ២ គឺ​នឹងត្រូវ​​ចាប់ផ្ដើម​សាងសង់​ឡើង នៅ​ចន្លោះ​ឆ្នាំ ២០៣០ ដល់ ​២០៤៥ ដែលគ្រោងនឹង​​​ចំណាយ​​ទុន​ប្រមាណ ៣៣,៧ ពាន់លានដុល្លារអាមេរិក តភ្ជាប់ពីទីក្រុង​ Vinh ទៅ ទីក្រុង Da Nag មានចម្ងាយ​ ៤៣២ គីឡូម៉ែត្រ និងពីទីក្រុង Da Nang ទៅ​ Nha Trang មានចម្ងាយ ៤៧២ គីឡូម៉ែត្រ។ 

អ្នកជំនាញ​សេដ្ឋកិច្ច មើលឃើញថា នៅពេល​ផ្លូវរថ​ភ្លើង​មួយនេះ​ ត្រូវបាន​សាងសង់​រួចរាល់​ និងបើកដំណើរ​ការ​ នោះវានឹង​ក្លាយជា​​សរសៃឈាម​​ដ៏សំខាន់​​មួយទៀត សម្រាប់​វិស័យ​ដឹកជញ្ជូន​ក្នុងប្រទេសនេះ បន្ថែមពីលើ​​មធ្យោបាយ​​ដឹកជញ្ជូន​​ ដែលមានស្រាប់​ដូចជា ​ផ្លូវ​គោក និងទឹក ​ដែល​កំពុង​​មាន​​សក្ដានុពល។ បន្ថែមពីនេះ គេ​ក៏នឹង​បាន​ឃើញ​ពី​​ ការវិវឌ្ឍ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំងក្លាថែមទៀត ​របស់ប្រទេស​ប៉ែកអាស៊ីអាគ្នេយ៍មួយនេះ​ ខណៈដែលបច្ចុប្បន្ន​កំពុង​ត្រូវបាន​ប្រទេសមហាអំណាច​​ធំៗ​ដូចជា ​ចិន និងអាមេរិក​ជាដើម កំពុង​​ចាត់ទុក​​ជា ​កូនក្រមុំ​​ដ៏ស្រស់​​សោភា សម្រាប់​​ការ​វិនិយោគ​​ពហុវិស័យ៕​

Close